បណ្តាអ្នកស្រាវជ្រាវរកឃើញថា បុរសដែលមានភាពពិបាកក្នុងការដេកឲ្យលក់ស្កប់ស្កល់នៅពេលយប់អាចប្រឈមនឹងជំងឺបេះដូងដ្បិតដេកពុំលក់ធ្វើឲ្យសម្ពាធឈាមរបស់ពួកគេឡើងខ្ពស់។
អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យហាវើដសហរដ្ឋអាមេរិកនិយាយថា បុរសដែលដេកមិនលក់ស្កប់ស្កល់ក្នុងពេលយប់នឹងធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ដែលបញ្ហានេះនឹងនាំឲ្យកើតជំងឺគាំងបេះដូង និងដាច់សរសៃឈាម (ស្ត្រូក)។
ក្រុមអ្នកវិទ្យាសាស្ត្រដដែលសង្កត់ធ្ងន់ថា បុរសដែលមានបញ្ហាដំណេកបែបនោះ គឺ៨០%កើតជំងឺលើសឈាម។ ស៊ូហ្សាន រេដឡាញ សាស្ត្រាចារ្យដឹកនាំការស្រាវជ្រាវនិយាយថា ៖«នេះគឺជាលើកទី១ដែលការសិក្សារបស់យើងបង្ហាញឲ្យឃើញថា ដេកពេលយប់មិនស្កប់ស្កល់ធ្វើឲ្យបុរសប្រឈមនឹងគ្រោះថ្នាក់ដោយជំងឺលើសឈាម។ ឯស្ត្រីវិញបើទោះបីជាគេមិនបានពិសោធក្តីក៏ពួកគេប្រហែលជាមានបញ្ហាសម្ពាធឈាមឡើងខ្ពស់ផងដែរក្នុងករណីដេកមិនបានលក់ស្កប់ស្កល់»។
សាស្ត្រាចារ្យណាតាសា ស្ទេវ៉តមកពីមូលនិធិជំងឺបេះដូងអង់គ្លេសនិយាយថា ៖«យើងចាំបាច់ត្រូវមានការស្រាវជ្រាវបន្ថែមទៀតទៅលើក្រុមមនុស្សដែលមានអាយុខុសពីលើកនេះ ជាពិសេសលើបណ្តាស្ត្រីផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក្តី យើងដឹងច្បាស់ថា ដំណេកពិតជាសំខាន់ធ្វើឲ្យមានសុខភាពល្អ។ វាជាបញ្ហាសំខាន់ដែលយើងទាំងអស់គ្នាត្រូវតែគិតជាចំបង»៕
ចែករំលែកព័តមាននេះ