រាជធានីភ្នំពេញ ៖ ប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ដឹកនាំដោយលោកទៀង ចាន់សារ សហការជាមួយមន្ត្រីតុលាការរាជធានីភ្នំពេញ បានធ្វើការឡោមព័ទ្ធឆែកឆេរផ្ទះល្វែងមួយកន្លែងយីហោបុរីកីឡាម៉ាតលេខ៤អា ផ្លូវលេខ១៣៤ សង្កាត់វាល់វង់ ខណ្ឌ៧មករា ដើម្បីរកវត្ថុតាងល្មើសពាក់ព័ន្ធការជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃទី៣០ សីហា ២០១១ ។
មកដល់ម៉ោង៦ល្ងាចថ្ងៃដដែលទៅហើយ លទ្ធផលនៃការឆែកឆេរត្រូវបានសមត្ថកិច្ចអះអាងថា ឃាត់ខ្លូនបានមនុស្ស៥នាក់ គឺប្រុស៣ ស្រី២ ក្នុងនោះបុរសម្នាក់ជាម្ចាស់ផ្ទះជួលគេ ឈ្មោះសៅ ម៉េង អាយុ ៣១ឆ្នាំ បានជួលផ្ទះល្វែងខាងលើធ្វើជាកន្លែងស្តុកទំនិញគ្រឿងទេសប៉ុន្តែធាតុពិតធ្វើជាកន្លែងចែកចាយគ្រឿងញៀនដែលមានមនុស្សឩស្សាហ៍ចេញចូលម្ដង២-៣នាក់ជារឿយៗ ហើយពេលយប់បើកភ្លើងក្រហមស្រគំៗ ហាក់ដូចជាកន្លែងហាងកាហ្វេ ឬ ផ្ទះបើកបារ ។
សម្ភារជក់ ប្រើប្រាស់គ្រឿងញៀនមួយនួនត្រូវបានរឹបអូស និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបានបញ្ជូនទៅការិយាល័យគ្រឿងញៀនដើម្បីសាកសួរ… សមត្ថកិច្ចអះអាងថា ពួកគេនៅមានគ្នាច្រើននាក់ទៀត៕
ចែករំលែកព័តមាននេះ