រាជធានីភ្នំពេញ ៖ សារាចរណែនាំស្តីពីការគ្រប់គ្រងឡូត៍នេសាទដែលបានដកហូតចំនួន៣៥ឡូត៍ជុំវិញបឹងទន្លេសាប ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចុះហត្ថលេខាកាលពីថ្ងៃទី២៦ សីហា បានធ្វើការណែនាំថា ក្នុងការអនុវត្តបទបញ្ជាលេខ០១ បប ចុះថ្ងៃទី២២ ឧសភា ឆ្នាំ២០១១ របស់រាជរដ្ឋាភិបាលស្តីពីការចាត់វិធានការលុបបំបាត់ភាពអនាធិបតេយ្យនៃការដាក់សម្រាស់ ធ្នួស ព្រួល និងសំណង់កាត់ទទឹងទន្លេ ស្ទឹង ព្រែក អូរ នៅតាមបណ្តាខេត្តពាក់ព័ន្ធនឹងបឹងទន្លេសាប និងការអនុវត្តសេចក្តីសម្រេចលេខ៣៩ សសរ ចុះថ្ងៃទី១ កក្កដា ឆ្នាំ២០១១ របស់រាជរដ្ឋាភិបាលស្តីពីការបង្កើតគណៈកម្មការអធិការកិច្ចលើការគ្រប់គ្រង និងអភិវឌ្ឍន៍ឡូត៍នេសាទជុំវិញបឹងទន្លេសាប រាជរដ្ឋាភិបាលបានសម្រេចដកហូតឡូត៍នេសាទចំនួន៣៥ឡូត៍ជុំវិញបឹងទន្លេសាបនៅខេត្តចំនួន៥ គឺខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ។
ដើម្បីរក្សាបាននូវធនធានមច្ឆជាតិ និងការប្រើប្រាស់ធនធានធម្មជាតិនៅបឹងទន្លេសាបប្រកបដោយនិរន្តរភាពពិសេសគ្រប់គ្រងឡូត៍នេសាទទាំង៣៥ ដែលបានដកហូតឱ្យបានល្អ ធានាទប់ស្កាត់បាននូវបទល្មើសនេសាទ និងការនេសាទបែបអនាធិបតេយ្យដែលអាចកើតមានក្នុងឡូត៍នេសាទទាំងនោះរហូតដល់មានការសម្រេចសារជាថ្មី រាជរដ្ឋាភិបាលធ្វើការណែនាំដូចតទៅ៖
១-អភិបាលនៃគណៈអភិបាលខេត្តទាំង៥ (ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់)ក្នុងក្របខណ្ឌភូមិសាស្ត្ររបស់ខ្លួនត្រូវដឹកនាំគណៈបញ្ជាការឯកភាពខេត្តការពារឡូត៍នេសាទដែលត្រូវបានដកហូត ដោយប្រើប្រាស់គ្រប់វិធានការចាំបាច់ រួមទាំងវិធានការរដ្ឋបាល អប់រំ ច្បាប់ និងវិធានការផ្សេងៗទៀត ដើម្បីទប់ស្កាត់ការនេសាទអនាធិបតេយ្យ ពិសេសត្រូវទប់ស្កាត់ប្រជានេសាទចំណាកស្រុក សហគមន៍នេសាទ និងជនគ្រប់រូបមិនឱ្យប្រព្រឹត្តបទល្មើសនេសាទ ។
២-អាជ្ញាធរទន្លេសាបក្រៅពីភារកិច្ចជំនាញ និងភារកិច្ចដែលបានប្រគល់ជូនតាមចំណុចទី២នៃលិខិតលេខ១០០១ សជណ ចុះថ្ងៃទី១២ សីហា ឆ្នាំ២០១១ របស់ទីស្តីការគណៈរដ្ឋមន្ត្រីត្រូវធ្វើការសម្របសម្រួលដឹកនាំត្រួតពិនិត្យសំដៅបង្ការទប់ស្កាត់ កុំឱ្យមានការធ្វើនេសាទអនាធិបតេយ្យនៅក្នុងឡូត៍ដែលបានដកហូត ។
៣-បណ្តាក្រសួងពាក់ព័ន្ធ ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រដ្ឋបាលជលផល) ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និង
ឧតុនិយម ត្រូវបង្កលក្ខណៈលើកិច្ចការជំនាញរបស់ខ្លួន រួមទាំងផ្នែកសម្ភារ ថវិកា និងមន្ត្រីជំនាញ ពិសេសមន្ត្រីនៅថ្នាក់ក្រោមជាតិដើម្បីចូលរួមជាមួយគណៈបញ្ជាការឯកភាពខេត្ត ស្រុក ក្រុង ខណ្ឌ និងឃុំ-សង្កាត់ ដែលពាក់ព័ន្ធនឹងឡូត៍នេសាទទាំង៣៥ ដើម្បីគ្រប់គ្រងឡូត៍នេសាទទាំងនោះឱ្យបានល្អ ។
៤-ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវមានផែនការរៀបចំគ្រប់គ្រងប្រជាជនរស់នៅក្នុង និងជុំវិញបឹងទន្លេសាប ដើម្បីធានាសុវត្ថិភាព សន្តិសុខ រួមចំណែកក្នុងការការពារឡូត៍នេសាទដែលបានដកហូត ។
៥-គណៈកម្មការអធិការកិច្ច លើការគ្រប់គ្រង និងអភិវឌ្ឍន៍ឡូត៍នេសាទជុំវិញបឹងទន្លេសាប ត្រូវបន្តដឹកនាំធ្វើអធិការកិច្ចលើយន្តការទាំងអស់នៃការបង្ការទប់ស្កាត់ការនេសាទអនា ធិបតេយ្យនៅតាមឡូត៍នេសាទទាំង៣៥ ហើយទំនាក់ទំនងជាមួយស្ថាប័នតុលាការគ្រប់ថ្នាក់ ពិសេសសាលាដំបូងនៅខេត្តពាក់ព័ន្ធទាំង៥ ដើម្បីរួមចំណែកអនុវត្តលិខិតលេខ១០០១ ស.ជ.ណ ចុះថ្ងៃទី១២ សីហា ឆ្នាំ២០១១ របស់ទីស្តីការគណៈរដ្ឋមន្ត្រីឱ្យមានប្រសិទ្ធភាពខ្ពស់ ៕
ចែករំលែកព័តមាននេះ