ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រោង​ទទួល​យក​ពល​រដ្ឋ​100​គ្រួសារ​ទៀត​សម្រាប់​ភូមិ​ធម្ម​ជាតិ​រុន​តា​ឯក​

13 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖ ក្រុម​មន្ត្រី​អាជ្ញា​ធរ​អប្សរា​បាន​ថ្លែង​ឱ្យ​ដឹង​ថា គេ​មាន​គម្រោង​ទទួល​យក​គ្រួសារ​ស្ម័គ្រចិត្ដ​ដែល​រស់នៅ​ក្នុង​តំបន់១ និង​តំបន់​២ ជា​តំបន់​ហាមឃាត់​នៃ​ឧ​ទ្យា​នអង្គរចំនួន​១០០​គ្រួសារ​បន្ថែម​ទៀត ​ឱ្យទៅ​តាំងទី​លំនៅ​ថ្មីនៅ​ក្នុងភូមិ​ធម្មជាតិរុន​តា​ឯក ​​ដែល​ជា​ភូមិ​អភិ​វ​ឌ្ឈ​ន៍​គំរូ​លើក​ដំបូង​សម្រាប់​ប្រទេស​កម្ពុជា ស្ថិត​ក្នុងស្រុកបន្ទាយ​ស្រី

ខេត្ត​សៀម​រាប ៖ ក្រុម​មន្ត្រី​អាជ្ញា​ធរ​អប្សរា​បាន​ថ្លែង​ឱ្យ​ដឹង​ថា គេ​មាន​គម្រោង​ទទួល​យក​គ្រួសារ​ស្ម័គ្រចិត្ដ​ដែល​រស់នៅ​ក្នុង​តំបន់១ និង​តំបន់​២ ជា​តំបន់​ហាមឃាត់​នៃ​ឧ​ទ្យា​នអង្គរចំនួន​១០០​គ្រួសារ​បន្ថែម​ទៀត ​ឱ្យទៅ​តាំងទី​លំនៅ​ថ្មីនៅ​ក្នុងភូមិ​ធម្មជាតិរុន​តា​ឯក ​​ដែល​ជា​ភូមិ​អភិ​វ​ឌ្ឈ​ន៍​គំរូ​លើក​ដំបូង​សម្រាប់​ប្រទេស​កម្ពុជា ស្ថិត​ក្នុងស្រុកបន្ទាយ​ស្រី ចម្ងាយ​ប្រមាណ​៣០​គីឡូ​ម៉ែត្រ​​ខាងជើង​ក្រុង​សៀមរាប​។

អគ្គ​នាយកអាជ្ញាធរ​អប្សរា លោក ប៊ុ​ន ណា​រិ​ទ្ធ បាន​មាន​ប្រសា​សន៍ថា ​យើង​កំពុង​ប្រឹង​ប្រែង​រៀបចំ​ដី​លំនៅ​ឋាន និង​ដី​កសិកម្ម​ចំនួន​មួយ​រយ​ប្លង់​បន្ថែម​ទៀត​នៅ​ក្នុងភូមិ​ធម្មជាតិ​​រុន​តា​ឯក​សម្រាប់​ធ្វើការ​បែងចែក​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ដ​ដែល​រស់នៅ​ក្នុង​តំបន់​១ និង​តំបន់​២​ជា​តំបន់​ការពារ​យ៉ាង​តឹង​រ៉ឹង​នៃរ​មណី​យ​ដ្ឋា​ន​វប្ប
ធ​ម៌​ប្រវត្ដិសាស្ដ្រ​អង្គរ​ បេតិក​ភណ្ឌ​ពិភពលោក​ដ៏​ល្បីល្បាញ​របស់​យើង ។ លោក​​​បាន​បញ្ជា​ក់​ថា គម្រោងការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ដ​នាពេល​ខាង​មុខ​នេះ ​ជា​ដំណាក់កាល​ទី​២​ហើយ​សម្រាប់​កិច្ច​ប្រឹងប្រែង​កាត់​បន្ថយ​បាន​នូវ​ចំនួន​ខ្នង​ផ្ទះ​ថ្មី​ៗ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួ​យ​ឆ្នាំ​ក្នុង​តំបន់​ហាមឃាត់​របស់
រ​មណី​យ​ដ្ឋា​ន​ប្រវត្ដិសាស្ដ្រ​អង្គរ​ដែល​មាន​ផ្ទៃ​ក្រឡា៤០១គីឡូម៉ែត្រ​ការ៉េ គ្រប​ដណ្ដប់​ទៅ​លើ​ផ្នែក​មួយ​ចំនួន​នៃ​ស្រុក​-​ក្រុង​ចំនួន​ប្រាំ និង​ឃុំ​ចំនួន២១​ ភូមិ​ចំនួន​១១២ របស់​ខេត្ដ​សៀមរាប​។

គួរ​ប​ញ្ជា​ក់​​ថា ​ភូមិ​ធម្មជាតិ«រុន​តា​ឯក» ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​លេខ៦៩​អន​ក្រ បក ចុះ​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ២០០៤ ដែល​​មាន​ទំហំ១.០០០​ហិ​កតា ស្ថិត​ក្នុងភូមិ​តានី ឃុំ​រុនតា​ឯក ស្រុក​បន្ទាយស្រី និងភូមិស្នា​សង្គ្រាម ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ខេត្ដសៀមរាប អាច​ទទួលប្រជា​ពលរ​ដ្ឋ​ចំនួន៨៥០គ្រួសារ ឬ​ចំនួន​មនុស្ស៥.០០០​នាក់ឱ្យទៅ​រស់នៅ​ទីនោះ​។ ភូមិ​ធម្មជាតិ​នឹង​ត្រូវរៀបចំ​ជា​លក្ខណៈ​ភូមិ​ខ្មែរ​តាម​លំនាំ​ប្រពៃណី ដែល​ផ្តោ​តទៅ​លើ​មូល​ដ្ធា​ន​សំខាន់ៗ​ដូច​ជា​កសិកម្ម​ធម្មជាតិ សិប្បកម្ម និង​ទេសចរ​ណ៍ធម្មជាតិ ។

អាជ្ញាធរ​អប្សរា ​បាន​ចាប់ផ្ដើម​ទទួលយក​គ្រួសារ​ស្ម័គ្រ​​ចិត្ដ​ដែល​រស់នៅ​ក្នុង​តំបន់១ ​និង​តំបន់​២​នៃ​ឧ​ទ្យា​នអង្គរ​ចំនួន១០០គ្រួសារ​ឱ្យទៅ​តាំងទី​លំនៅ​ថ្មី​នៅ​ភូមិ​ធម្មជាតិ​​រុន​តា​ឯកជា​ផ្លូវ​ការលើក​ដំបូង​កាលពី​ព្រឹក​ថ្ងៃ​ទី១២ ខែក​ក្កដា ឆ្នាំ​២០១០​កន្លង​ទៅ​ តាម​​រយៈ​ការ​ចាប់ឆ្នោត​ជ្រើសរើស​ដី​ឡូត៍​។ ​គ្រួសារ​នី​មួយ​ៗ ​អាចទទួល​បាន​ដីសម្រាប់​សាងសង់​លំនៅ​ឋាន​មួយ​កន្លែង​និង​ដី​កសិកម្ម​ទំហំ​សរុប​មួយ​ហិ​កតា បន្ថែម​ពីលើ​នោះ​នឹងទទួល​បាន​នូវ​ឈើ​សាងសង់​ចំនួន​ជិត​១០​ម៉ែត្រគូប រួម​ទាំងដែកគោល ស​ង្ក័​សី បង្គន់អនា​ម័យ​ផង​ដែរ​។

ចំណែក​អភិបាលខេត្ដ​សៀមរាប លោក ស៊ូ ភិ​រិ​ន្ទ និង​ជា​អនុ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អា​ជា្ញ​ធរ​អប្ស​រា​ធ្លាប់​បាន​មាន​ប្រសា​ស​ន៍​ថា ​ការ​កំណត់​​ឱ្យ​ប្រជា​ពលរ​ដ្ឋមក​រស់នៅក្នុង​​ភូមិ​ធម្ម​ជាតិ​​រុន​តា​ឯក​​នេះ​គឺ​ពុំ​បាន​គិត​ពី​និន្នាការ​គណ​បក្សនយោបាយ​អ្វី​ឡើយ​ ដោយ​មួយ​គ្រួសារ​ៗទទួល​បាន​ផ្ទះ​ទំហំ៥​ម៉ែត្រគុណ​៧,៥០ម៉ែត្រ​ស្មើ​ៗ​គ្នា ក៏​ប៉ុន្ដែ​សម្រាប់​តែ​ប្រជា​ពលរ​ដ្ឋ​រស់នៅ​តំបន់​១ និងតំបន់២ និង​តាម​មាត់​ស្ទឹង​សៀមរាប​តែ​ប៉ុណ្ណោះ​។

អគ្គ​នាយក​រង​អាជ្ញាធរ​អប្សរា​លោក សុខ ល័ក្ខណា ដែល​គ្រប់គ្រង​គម្រោង​ភូមិ​ធម្មជាតិ«​រុន​​តា​ឯក»​ បាន​ថ្លែង​ថា រ​ហូត​មក​ទល់​ពេល​នេះ​មាន​ប្រជា​ពលរ​ដ្ឋចំនួន​ជាង៩០គ្រួសារ​ហើយ​បាន​ទៅ​តាំងទី​លំនៅ​ជាអចិ​ន្ដ្រៃ​យ៍នៅ​ក្នុងភូមិ​ធម្មជាតិរុន​តា​ឯក ហើយ​ពេល​នេះ​ពួក​អ្នក​ទាំង​នោះ​កំពុង​តែ​ត្រូវ​បាន​យកចិត្ដទុកដាក់ខ្ពស់​ពី​សំណាក់​ថ្នាក់ដឹកនាំ​អាជ្ញាធរ ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​មាន​ជីវភាព​សមរម្យ​។ លោក​បាន​បញ្ចា​ក់​ទៀត​ថា ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ​ក្រោម​ការ​ផ្ដួច​ផ្ដើម​​បង្កើត​ឡើង​ដោយ​លោក​ឧប​នាយករដ្ឋមន្ដ្រី សុខ អាន រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការគណៈ​រដ្ឋមន្ដ្រី ដែល​ជា​ប្រធាន​អាជ្ញាធរ​អប្សរា នឹង​ក្លាយទៅ​ជា​ភូមិ​អភិ​វ​ឌ្ឍ​ន៍​គំរូ​មួយ​នៅ​ទូ​ទាំង​ប្រទេស​ក​ម្ពុ​ជា ។ ​ពេល​នេះ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​សង្គម​ជា​ច្រើន​ដូចជា​ផ្លូវលំ ម​ណ្ឌល​សុខភាព សាលា​រៀន​រួម​ទាំង​សាលា​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ផង​ដែរ​ត្រូវ​បាន​កសាង​​ឡើងរួចជា​ស្រេច​ដើម្បី​ប្រែក្លាយ​តំបន់​ដែល​ធ្លាប់តែ​មាន​សភាព​ស្ងាត់ជ្រងំ​ទៅ​ជា​កន្លែង​ដ៏ទាក់ទាញមួយ​សម្រាប់​ភ្ញៀវ​ទេសចរ។

ក្រុម​សង្គម​ស៊ី​វិល ​បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​អាជ្ញាធរ​អប្សរា​ដែល​បាន​បង្កើត​ឡើង​នូវ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ​ជា​ផ្នែក​មួយ​ក្នុង​កិច្ច​ប្រឹង​ប្រែង​អភិរក្ស​ និង​អភិ​វ​ឌ្ឍ​ន៍​ប្រកបដោយ​ចីរ​ភាព​នូវរ​មណី​យដ្ឋា​នវប្ប​ធ​ម៌​ប្រវត្ដិសាស្ដ្រ​អង្គរជា​បេតិកភណ្ឌ​ពិភពលោក​ដ៏ល្បាញ​ល្បី​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។

មន្ដ្រី​ស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ប្រចាំ​ខេត្ដសៀមរាប ​លោកសួ​ស ណា​រិ​ន បាន​ថ្លែង​កាលពី​រសៀល​ថ្ងៃ​ទី២៩ សីហា​ ថា ​យើង​សូម​ស្វាគមន៍​ចំពោះ​ផែនការ​ទទួលយក​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​ក្នុង​ភូមិ​ធម្ម​ជាតិ​រុន​តា​ឯក​ជា​បន្ដបន្ទាប់​របស់​អាជ្ញាធរ​អប្សរា ដែលនេះ​​ស្ដែង​ឱ្យ​ឃើញនូវ​ការ​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​គោរព​សិទ្ធិមនុស្ស ។ ម្យ៉ាង​ទៀត​នេះ​ក៏​ជាស​ញ្ញា​ថ្មី​មួយទៀត​អាច​ឈាន​ទៅដល់​កា​រប​ព្ចា​ប់​នូវ​ភាព​ចម្រូង​ចម្រាស​ដែល​ធ្លាប់​​កើត​មាន​ជា​ហូរហែមក​ហើយ​រវាង​ប្រជា​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​១ និងតំបន់​២​របស់​ឧទ្យាន​អង្គរ​ជាមួយ​អាជ្ញាធរ​អប្សរា ជុំវិញ​រឿង​សាងសង់​លំនៅ​ឋាន ៕