រាជធានីភ្នំពេញ ៖ ស្ត្រីវ័យជាង៣០ឆ្នាំម្នាក់បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែលើ និងអធិការដ្ឋានខណ្ឌមានជ័យឱ្យចាត់ការបញ្ជូនសំណុំរឿងដែលរូបនាងប្តឹងបុរសម្នាក់ពីបទចាប់នាងរំលោភសេពសន្ថវៈ ទៅសាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៣០ សីហា បន្ទាប់ពីសំណុំរឿងរបស់នាងត្រូវបានសមត្ថកិច្ចមូលដ្ឋានជួយចាត់ការមួយរយៈពេលវែងមកហើយតែពុំទាន់ចប់ ។ ស្ត្រីរូបនេះបានប្តឹងបុរសអ្នករត់ម៉ូតុឌុបម្នាក់ដែលចូលទៅចាប់នាងរំលោភនៅក្នុងបន្ទប់ទឹក ខណៈពេលនាងចោមពុងងូតទឹក តែការប៉ុនប៉ងនោះពុំបានសម្រេចទេ ដោយសារនាងពុំព្រមហើយ ក៏ប្តឹងឱ្យសមត្ថកិច្ចចាត់ការលើបុរសកំហូចទៅតាមនីតិវិធីច្បាប់ ។
សូមរំលឹកថា កាលពីល្ងាចថ្ងៃទី២៧ ឧសភា ឆ្នាំ ២០១១ កន្លងមក នៅបន្ទប់ផ្ទះជួលមួយក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ស្ត្រីមួយរូបមានវ័យជាង៣០ឆ្នាំ ខណៈកំពុងស្លៀកសារុងចោមពុងដើរចូលបន្ទប់ទឹកស្រាប់តែបុរសម្នាក់ឈ្មោះនៅ សួន អាយុ៣៨ឆ្នាំ មានមុខរបររត់ម៉ូតូឌុបដែលជួលបន្ទប់ស្នាក់នៅក្បែរគ្នាឃើញក៏ស្ទុះចូលទៅក្នុងបន្ទប់ទឹកនោះដែរ រួចធ្វើសកម្មភាពចាប់នាងប៉ុនប៉ងរំលោភ តែនាងពុំយល់ព្រមក៏រើបម្រះ ហើយស្រែកឆោឡោប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់ខ្លួនឈ្មោះនៅ សួន ផ្តន្ទាទោសតាមច្បាប់ ។ ខណៈពេលនោះឈ្មោះនៅ សួនភ័យ ក៏រត់គេចខ្លួនដោយបន្សល់ទុកម៉ូតូ C 125 ស៊េរីឆ្នាំ២០១០ មួយគ្រឿងនៅក្នុងបន្ទប់ជួល ។ បន្ទាប់ពីឈ្មោះនៅ សួន រត់ចោលម៉ូតូរបស់ខ្លួននោះ ស្ត្រីរូបនេះ ក៏យកម៉ូតូរបស់ឈ្មោះនៅ សួន ទៅរក្សាទុកនៅប៉ុសិ៍្តនគរបាល ដើម្បីរង់ចាំម្ចាស់មកដោះស្រាយគ្នាលើទង្វើដែលរូបគេបានប្រព្រឹត្ត ។
ចំពោះករណីខាងលើ សមត្ថកិច្ចសម្រេចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៣០ សីហា យោងទៅតាមសំណូមពររបស់ស្ត្រីដើមបណ្តឹង ៕
ចែករំលែកព័តមាននេះ