ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលស្រុកកំរៀង បានរាយការណ៍ថា មានមន្ត្រីយោធាម្នាក់បានបាញ់ប្រហារធ្វើអត្តឃាតក្បែរបន្ទាយរបស់ខ្លួនដែលស្ថិតនៅជាប់តំបន់ព្រំដែនខ្មែរ-សៀម នៅក្នុងភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៩ សីហា ដែលគេសង្ស័យថា មន្ត្រីយោធានេះទំនងជាមានបញ្ហាផ្លូវចិត្តពាក់ព័ន្ធនឹងវិបត្តិក្រុមគ្រួសារ។
តាមការផ្តល់ព័ត៌មានពីសមត្ថកិច្ចថា មន្ត្រីយោធារូបនេះឈ្មោះជុង ប្រិយ អាយុ៥៤ឆ្នាំ នៅក្នុងអង្គភាពកងល្បាតលេខ៥៣៥ មានទីតាំងនៅក្បែរព្រំដែន តែគាត់មានប្រពន្ធកូនរស់នៅភូមិអំពិលប្រាំដើម ឃុំអំពិលប្រាំដើម ស្រុកបរវេល។
លោកឈឹម គឹមហុង អធិការនគរបាលស្រុកកំរៀង បានប្រាប់ថា ជុង ប្រិយ បានប្រើកាំភ្លើង AK 47 ស្វាយបត់ បាញ់ខ្លួនឯងចំនួន៤គ្រាប់ ដែល១គ្រាប់ចំក្រោមចង្កា ឯ៣គ្រាប់ទៀតចំដើមទ្រូង បណ្តាលឱ្យដួលស្លាប់ក្បែរបន្ទាយរបស់គាត់ ខណៈដែលមេឃកំពុងភ្លៀងធ្លាក់ខ្លាំងនាវេលារំលងអធ្រាត្របន្តិច ។
មន្ត្រីយោធាក្នុងអង្គភាព៥៣៥ និងអ្នកភូមិផង ដែលជាសាក្សីបាននិយាយអំពីរឿងនេះថា គេឮតែស្នូរគ្រាប់កាំភ្លើងផ្ទុះ តែគ្មានអ្នកណាយល់ថា ជាការបាញ់សមា្លប់ខ្លួនឯងបែបនេះទេ ហើយគេរាល់គ្នាយល់ថា យោធាបាញ់មេឃ ព្រោះពេលនោះភ្លៀងធ្លាក់ខ្លាំង និងមានខ្យល់បោកបក់ខ្លាំងៗផង។ លុះព្រឹកឡើងទើបគេដឹងថា ជុង ប្រិយ បាញ់សម្លាប់ខ្លួន ក្រោយពីក្រុមរួមអាវុធបាត់មិនឃើញជុង ប្រិយ នៅក្នុងបន្ទាយ និងបានឃើញសាកសពនៅខាងក្រៅបន្ទាយទៅវិញ ។
លោកឈឹម គឹមហុង អធិការស្រុកកំរៀង បានស្រង់សំដីពីប្រភពព័ត៌មានខ្លះថា ជុង ប្រិយ មានសតិមិនប្រក្រតី ហើយថាគាត់ហាក់ដូចមានការអាក់អន់ចិត្តនៅពេលដឹងថា ឈ្មោះរបស់គាត់ត្រូវគេបញ្ជូនទៅក្នុងបញ្ជីចូលសោធននិវត្តន៍ ។ ប៉ុន្តែលោកអធិការរូបនេះបានស្រង់មតិពីមន្ត្រីយោធាខ្លះថា ជនរងគ្រោះអាចមានវិបត្តិក្នុងគ្រួសារបន្ថែមពីលើនេះមួយកម្រិតទៀត ដែលជាហេតុធ្វើឱ្យមន្ត្រីយោធារូបនេះសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងបែបនេះ។ ទោះជាយ៉ាងនេះក្តីលោកឈឹម គឹមហុង បានបញ្ជាក់ថា សមត្ថកិច្ចរបស់លោកនៅមិនទាន់បានចម្លើយបំភ្លឺពីក្រុមគ្រួសារជនរងគ្រោះនៅឡើយទេ ជុំវិញការស្លាប់របស់មន្ត្រីយោធាខាងលើនេះ ព្រោះពេលនេះគ្រួសាររងគ្រោះកំពុងសោកសង្រេងយ៉ាងខ្លាំង៕
ចែករំលែកព័តមាននេះ