រាជធានីភ្នំពេញ ៖ នៅថ្ងៃនេះ គឺជាថ្ងៃទី២ហើយដែលសវនាការជំនុំជម្រះសំណុំរឿង០០២ ស្តីពីបញ្ហាកាយសម្បទាអតីតមេដឹកកំពូលរបស់ខ្មែរក្រហម លោកនួន ជា និងលោកស្រីអៀង ធីរិទ្ធិ។ កាលពីថ្ងៃទី២៩ សីហា ២០១១ ដែលជាថ្ងៃដំបូងនៃសវនាការស្តីពីកាយសម្បទា និង សុខភាពរបស់អតីតមេដឹកនាំខ្មែរក្រហមទាំងពីរនាក់ នេះ ការដេញដោលបានធ្វើឡើងយ៉ាងតឹងតែង រវាងវេជ្ជបណ្ឌិតជំនាញផ្នែកមនុស្សចាស់ និងសហចៅក្រម មេធាវីការពារក្តី សហព្រះរាជអាជ្ញា ។
ជនត្រូវចោទ នួន ជា អាយុ៨៥ឆ្នាំ និង អៀង ធីរិទ្ធិ អាយុ៧៩ឆ្នាំ បានបង្ហាញខ្លួននៅចំពោះមុខអង្គសវនាការដែលដឹកនាំដោយលោក និល ណុន ប្រធានសាលាដំបូងនៃសលាក្តីខ្មែរក្រហម។ លោកនិល ណុន បានថ្លែងបើកអង្គសវនា នៅមុនពេលការសួរដេញដោលរវាងសហចៅក្រម និងវេជ្ជបណ្ឌិតជំនាញផ្នែកមនុស្សចាស់។ លោស្រីស៊ីលវ៊ើ ខាត់រ៉ាយ សហចៅក្រមនិងជាអនុប្រធានសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានសួរទៅលើលោកចន ខាំបែល វេជ្ជបណ្ឌិតផ្នែកសុខភាពមនុស្សចាស់ថា លោកបានមើលខ្សែវីដេអូ និយាយប្តឹងប្រឆាំងពីការឃុំខ្លួនបណ្តោះអាសន្ន
របស់អៀង ធីរិទ្ធិ កាលពីថ្ងៃទី២៤ កុម្ភៈ ២០០៩ និងថ្ងៃទី១៥ កុម្ភៈ ២០១០ មែនឬទេ? លោក ចនខាំបែល បានថ្លែងតបថា លោកពិតជាបានមើលខ្សែវីដេអូនោះមែន។ លោកចន ខាំបែលបានបន្តថា លោកបានធ្វើតេស្តលើអៀង ធីរិទ្ធិ ហើយបានវាយតម្លៃបន្ថែម លើការវាយតំលៃ លទ្ធផលរបស់លោកវេជ្ជបណ្ឌិតកាស៊ុនបូណាត។ ការវាយតម្លៃនេះបានធ្វើលើសតិបញ្ញារបស់លោកស្រីអៀង ធីរិទ្ធិ ក៏ដូចជាផលប៉ះពាល់សុខភាពចំពោះការរស់នៅក្នុងពន្ធនាគារ។ លោក ចន ខាំបែល បន្ថែមថា យើងបានសហការជាមួយគ្រូពេទ្យនៃមន្ទីរពេទ្យកាលម៉ែត និង មិនអនុញ្ញាតឱ្យលោកស្រីអៀង ធីរីទ្ធិ ប្រើប្រាស់ថ្នាំមួយចំនួនដែលជននេះធ្លាប់ប្រើប្រាស់ ហើយបានរកឃើញថា អៀង ធីរិទ្ធិ មានបញ្ហាជង្គង់នោះថែមទៀត។ ចំណែកអតីតប្រធានរដ្ឋសភាក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម លោកនួន ជា បាននិយាយនៅក្នុងសវនាការកាលពីថ្ងៃម្សិលមិញដែរថា ប្រសិនបើសុខភាពគាត់អំណោយផលល្អ គាត់នឹងចូលរួមគ្រប់សវនាការទាំងអស់របស់សាលាក្តីដើម្បីរកការពិត មានប្រយោជន៍ តាមសំណូមពររបស់ប្រជាជនខ្មែរទូទៅ។
លោកនួន ជា បានបញ្ជាក់ទៀតថា ខ្ញុំសូមនិយាយពីបញ្ហាសុខភាពរបស់ខ្ញុំ ដែលមានភាពជរាទ្រុឌ ទ្រោមជាច្រើន ប៉ុន្តែបញ្ហាសំខាន់ គឺការផ្ចង់អារម្មណ៍របស់ខ្ញុំ។ ខ្ញុំអាចអង្គុយស្តាប់អានបានប្រហែលរយៈពេល១ម៉ោង ទៅ១ម៉ោងនិង៣០នាទី ក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ។ បន្ទាប់ពីឈឺបេះដូងអាចនឹងប៉ះពាល់ដល់ភ្នែករបស់ខ្ញុំមានភាពស្រវាំង វាជះដល់ខួរក្បាលរបស់ខ្ញុំ ធ្វើឱ្យងោកនឹងបណ្តាលឱ្យបេះដូងញ័រខ្លាំង និងសម្ពាធឈាមឡើងខ្លាំង និងមិនអាចអង្គុយបាន។ លោកនួន ជា បន្តថា លោកខាំបែល បានមកជួបពិនិត្យជំងឺរបស់គាត់ពីរបីដងហើយ គាត់ចង់ឱ្យសាលាក្តីរកគ្រូពេទ្យម្នាក់ទៀតសហការជាមួយលោកខាំបែល ក្នុងការពិនិត្យសុខភាពរបស់គាត់ ៕
ចែករំលែកព័តមាននេះ