រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណជាង៣រយនាក់មកពីស្រុកចំការលើ មេមត់ និងស្ទឹងត្រង់ខេត្តកំពង់ចាមបានប្រមូលផ្តុំគ្នានៅក្រោមដើមពោធិ៍មុខវត្តបទុមវតីស្ថិត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ដើម្បីសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជួយដោះស្រាយបញ្ហាទំនាស់ដីធ្លី ។
យោងតាមញត្តិរបស់ប្រជាពលរដ្ឋចំនួន ១២៣គ្រួសាររស់នៅភូមិអូរប្រាំ១ និងអូរប្រាំ២ឃុំព្រែកកក់ ស្រុកស្ទឹងត្រង ខេត្តកំពង់ចាមឲ្យដឹងថា ក្នុងភូមិអូរប្រាំ១មានប្រជាពលរដ្ឋរស់នៅ៨៣គ្រួសារ និងភូមិប្រាំ២មានប្រជាពលរដ្ឋ៤០គ្រួសាររស់នៅតាំងពីឆ្នាំ១៩៧៩រហូតបច្ចុប្បន្នដោយមានដំណាំហូបផ្លែជាច្រើនមុខស្រាប់តែក្រុមហ៊ុនចំការកៅស៊ូឡុងស្រេងឲ្យប្រជាពលរដ្ឋចាកចោលភូមិកំណើតទៅរស់នៅទីតាំងផ្សេងតាមគោលនយោបាយរបស់ក្រុមហុ៊ន ហើយការសន្យាមិនច្បាស់លាស់ចំពោះប្រជាពលរដ្ឋ និងធ្វើឲ្យបាត់បង់លំនៅឋានដែលនឹងជួបគ្រោះអត់ឃ្លានមិនខានឡើយ ។ ដោយសារហេតុផលនោះ និងប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋទើប ពួកគាត់នាំគ្នាធ្វើដំណើរមកកាន់រាជធានីភ្នំពេញដើម្បីសុំកិច្ចអន្តរាគមន៍ពីសម្តេចតេជោហុ៊ន សែនជួយផ្តល់សិទ្ធិស្របច្បាប់រស់នៅនិងធ្វើស្រែចំការលើដីភូមិកំណើត។
ចំណែកញត្តិប្រជាពលរដ្ឋមកពីផ្សារថ្មី ភូមិខ្នងក្រពើកើត ឃុំទ្រមូង ស្រុកមេមត់ ខេត្តកំពង់ចាមមានចំនួន១៥៧គ្រួសារបានលើកឡើង ថាផ្សារថ្មីស្ថិតនៅក្នុងបរិវេណក្រុមហ៊ុនចំការកៅស៊ូមេមត់មានផ្ទៃដី២៤.៨១០ម៉ែត្រការ៉េមាន ប្រជាពលរដ្ឋចំនួន១៥៧គ្រួសារស្មើ នឹងចំនួន សមាជិកសរុប៧១៣នាក់ ។ ផ្សារនេះមានសំណង់ដែលសង់បែបផ្ទះល្វែងសរុប១៦២ល្វែង និងមានតូបសំរាប់លក់ដូរចំនួន៧៨តូប ។ ផ្សារថ្មីជាផ្សារធំទី៣បន្ទាប់ពីផ្សារមេមត់និងផ្សារដា ។
ប្រជាពលរដ្ឋប្រកបរបរលក់ដូរនៅផ្សារនេះមានជាង២០ភូមិក្នុងស្រុកមេមត់។ ផ្សារនេះកើតឡើងតាំងពីជំនាន់អាណានិគមនិយមបារាំងមកម្ល៉េះ។ ផ្សារនេះត្រូវបានដូរទីតាំងចំនួនបីលើកមកហើយ មួយលើកៗសុទ្ធតែមានអាជ្ញាធរចំការកៅស៊ូដោះដូរ។ ពេលថ្មីៗនេះក្រោយពីរដ្ឋមានគោលការណ៍ដាក់ចំការកៅស៊ូឲ្យឯកជនវិនិយោគមកក្រុមហ៊ុនក៏មានផែនការឲ្យប្រជាពលរដ្ឋដែលរស់នៅលើដីចំការកៅស៊ូដោយមិនបំរើការងារឲ្យក្រុមហ៊ុនត្រូវទៅរស់នៅកន្លែងផ្សេង គឺក្រុមហ៊ុនឲ្យទៅរស់នៅចំណុចអូរអង្កាមក្នុងនោះក៏មានប្រជាពលរដ្ឋ រស់នៅផ្សារថ្មីនេះដែរ ។ ហេតុដូច្នេះហើយទើបប្រជាពលរដ្ឋរស់នៅតំបន់នោះសុំកិច្ចអន្តរា គមន៍ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជួយឲ្យក្រុមហ៊ុនចំការកៅស៊ូមេមត់កាត់ប្លង់ផ្សារនេះចេញពីប្លង់ចំការកៅស៊ូឲ្យប្រជាពល រដ្ឋបានរស់នៅស្របច្បាប់ ។ ប្រជាពលរដ្ឋបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅផ្សារនោះបានមកភ្នំពេញច្រើនលើកមកហើយ បុ៉ន្តែមិនទាន់ទទួលផ្លែផ្កាទេនិងបន្តសុំការជួយសន្តោសពីសម្តេច តេជោ ។
ដោយឡែកប្រជាពលរដ្ឋចំនួន១៥៤គ្រួសារ រស់នៅឃុំតាអុង និងបុសខ្នុរស្រុកចំការលើបានបន្តប្រមូលផ្តុំគ្នាសុំកិច្ចអន្តរាគមន៍ពីសម្តេច តេជោអស់ជាច្រើនថ្ងៃមកហើយក្រោយពីក្រុមហ៊ុនចំការកៅស៊ូអានម៉ារ៉ាឌីស្រុកចំការលើបាន ដោះដូរឲ្យប្រជាពលរដ្ឋចាកចេញពីភូមិកំណើតស្ថិតនៅភូមិ៣១,៣២និង៣៥ទៅរស់នៅទីតាំងថ្មីដែលមិន មានសាលារៀន មន្ទីរពេទ្យ ទឹកភ្លើង ផ្លូវថ្នល់ ។ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១លោក លឹម លាងសែ នាយករងខុទ្ទកាល័យ និងក្រុមលេខាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានទៅជួបប្រជាពលរដ្ឋ និងណែនាំឲ្យប្រជាពលរដ្ឋដាក់ពាក្យបណ្តឹង និងទទួលពាក្យបណ្តឹងរង់ចាំការដោះស្រាយពីស្ថាប័នពាក់ព័ន្ធ ៕
ចែករំលែកព័តមាននេះ