RAPជាអង្គភាពពិសេសប្រតិកម្មរហ័សរបស់បង់ក្លាដែស សម្រាប់ប្រឆាំងឧក្រិដ្ឋកម្ម និងអំពើពុករលួយ តែងត្រូវជេរកប់ៗមាត់តែក៏មានអ្នកខ្លះសរសើរដែរ។ ហេតុផលត្រូវជេរមកពី RAP ពេលបំពេញភារកិច្ចម្តងៗតាំងខ្លួនជាតុលាការផងពេជ្ឈឃាតផង អនុវត្តធ្ងន់ដៃហួសព្រំដែនកំណត់។ ចំណែកអ្នកពេញចិត្តសកម្មភាពធ្ងន់ដៃរបស់RAP សរសើរថា ទាល់តែធ្វើអ៊ីចឹងទើបមនុស្សអាក្រក់បាក់ស្បាត បើរវល់តែបញ្ជូនឡើងតុលាការដូចអង្គភាពដទៃទៀតគ្មានឧក្រិដ្ឋជនណាម្នាក់ជាប់ទោសទេ សង្គមនៅតែវឹកវរដូចមុនដដែល ។
ថ្ងៃទី២៣ មីនា ២០១១ បុរសម្នាក់ឈ្មោះលីម៉ុង ហូស្សាំង (Limon Hossain) កំពុងដឹកកូនគោពីស្រែទៅផ្ទះនៅភូមិចាឡាកាទី (Jhalakati) ភាគនិរតីប្រទេសបង់ក្លាដែស ស្រាប់តែលេចពួក RAP មួយក្រុមចេញស្ទាក់ផ្លូវជាប់ ហើយប៉ូលិសម្នាក់ស្ទុះចូលក្របួចកអាវគាត់ដោយហៅគាត់ថាឧក្រិដ្ឋជន ។ ពេលប៉ូលិសម្នាក់ក្របួចកអាវគាត់ ប៉ូលិសប៉ុន្មាននាក់ទៀតដកកាំភ្លើងខ្លីភ្ជង់ក្បាលគាត់ ។ ដោយតក់ស្លុតពេកហូស្សាំង លុតជង្គង់អង្វរសុំទុកជីវិត ។ ពេលនាំគាត់ទៅដល់ភូមិ ស្រាប់តែប៉ូលិសម្នាក់បាញ់ បំបាក់ជើងឆ្វេងគាត់ដោយអត់និយាយពីហេតុផលអ្វីទាំងអស់ ។ តមក ពួកគេដឹកគាត់តាមរថយន្តយកទៅចោលនៅមន្ទីរពេទ្យមួយហើយនាំគ្នាទៅបាត់អស់។ ទីបំផុត៣ខែក្រោយមកពួកវេជ្ជបណ្ឌិតសម្រេចចិត្តកាត់ជើងឆ្វេងហូស្សាំង ។
ហេតុការណ៍ខាងលើ ជាហេតុការណ៍មួយក្នុងចំណោមហេតុការណ៍ចុងក្រោយដែលបង្កឡើងដោយ RAP ។ នៅមានហេតុការណ៍អាក្រក់ៗជាច្រើនទៀត ។
ម៉ូហាម៉េដ សូហេល(Mohammad Sohail) មេបញ្ជាការ RAP និយាយកាន់ជើងថ្នាក់ក្រោមរបស់ខ្លួនថា ប៉ូលិសធ្វើបែបនេះមិនខុសធ្ងន់ធ្ងរទេ។ តាំងពីយូរមកហើយ ភូមិចាឡាកាទី ជាសំបុកក្រុមឧក្រិដ្ឋជនដ៏គ្រោះថ្នាក់មួយដឹកនាំដោយឈ្មោះចាម៉ាដដា (Jamaddar)។ អ្នកនៅភូមិនោះភាគច្រើនជាកូនចៅរបស់ចាម៉ាដដា។ ក្នុងភូមិនោះតែមួយមានមនុស្ស១៩នាក់ជាប់ឈ្មោះក្នុងបញ្ជីឧក្រិដ្ឋកម្មរបស់ប៉ូលិស រួមមានតាំងពីឧក្រិដ្ឋកម្មរំលោភស្ត្រីភេទ សម្លាប់មនុស្ស ចាប់ជម្រិតជាដើម។ ថ្មីៗនេះ ប៉ូលិសបានទទួលព័ត៌មានថាមេឧក្រិដ្ឋជនចាម៉ាដដា បានមកសម្ងំនៅភូមិចាឡាកាទីតាំងពីថ្ងៃទី១៧ មីនាមកម៉្លេះ ទើបRAP មួយក្រុមប្រញាប់ប្រញាល់ទៅឃ្លាំមើលដើម្បីចាប់ខ្លួនវា ពេលទៅដល់គោលដៅ ក៏ប៉ះប្រយុទ្ធគ្នាមួយប្រាវជាមួយពួកឧក្រិដ្ឋជន។ រីឯបុរសឈ្មោះហូស្សាំង ដែលរងគ្រោះបាក់ជើងឆ្វេងនោះ គឺមកពីឈ្មោះរបស់គេជាន់គ្នាជាមួយឈ្មោះសហការីម្នាក់របស់ចាម៉ាដដា ជាហេតុនាំឱ្យមានការច្រឡំ។ សហការីរបស់ចាម៉ាដដា មានអាវុធស្តុកទុកយ៉ាងច្រើនសម្រាប់ឱ្យបក្សពួកធ្វើសកម្មភាព។ វារត់គេចខ្លួនបានមុនពេលត្រូវពួកយើងក្រសោបចាប់ ហើយថ្ងៃទី១៧ មីនា វាត្រឡប់មកវិញជាមួយចាម៉ាដដា ដើម្បីរៀបគម្រោងសម្លាប់មនុស្ស។
មេបញ្ជាការRAPរូបនេះ លើកឡើងពីអង្គភាព RAP របស់ខ្លួនថា វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ពេលបង់ក្លាដែស ច្របូកច្របល់ខ្លាំង គួរឱ្យបារម្ភខាងវិស័យសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម ។ កាលណោះ ពួកឈ្មួញគ្រឿងញៀន ពួកឧក្រិដ្ឋជនក៏ដូចពួកឈ្មួញអាវុធ អុកឡុកពេញទំហឹង តែគ្មានមនុស្សសំខាន់ណាម្នាក់របស់វាត្រូវផ្តន្ទាទោសទេ ។
ឱ្យតែមានប្រាក់គឺមានសេរីភាព យ៉ាងរំភើយ ទោះប្រព្រឹត្តឧក្រិដ្ឋកម្មធំប៉ុនណាក៏ដោយ។ ដូច្នេះហើយទើបអង្គភាពពិសេស RAP ត្រូវបានបង្កើតឡើង ។ ជាមួយសមាជិកដែលសម្រាំងចេញពីជួរកងទ័ពផងពីប៉ូលិសផង RAP ជាអង្គភាពពាក់កណ្តាលកងទ័ពដ៏បរិសុទ្ធគ្មានអ្នកណាសូកប៉ាន់អ្វីបានជាដាច់ខាត ។ ភារកិច្ចរបស់អង្គភាពគឺត្រូវតែ«ខណ្ឌចប់» រលកឧក្រិដ្ឋកម្មនៅបង់ក្លាដែស។ ការពិតកន្លងមកបង្ហាញឱ្យឃើញថា RAP បានទទួលស្នាដៃត្រចះត្រចង់ច្រើនមែន ។
តាំងពីឆ្នាំ២០០៤ RAP មកដែលមានកម្លាំងសរុប៨.៥០០នាក់ បានចាប់ខ្លួនមនុស្ស៩៥.០០០នាក់ ដកហូតកាំភ្លើងបាន១០.០០០ដើម ដកហូតគ្រាប់បែកបាន៥.០០០គ្រាប់ ដកហូតគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនបាន៤០០គីឡូក្រាម។ លោកប្រេដ អាដាម នាយកអង្គការអន្តរជាតិឃ្លាំមើលសិទ្ធិមនុស្សនៅអាស៊ី(HRW) ថ្លែងថា «តាំងពីបានក្តាប់ក្នុងដៃនូវសិទ្ធិរក្សាយុត្តិធម៌ពេលណាមក RAP តែងសម្រេចចិត្តដោយខ្លួនឯងនូវរាល់វាសនាជនជាប់ចោទ ព្រោះពួកគេមិនទុកចិត្តតុលាការ» ។ RAP បានទទួលស្គាល់ថាសមាជិករបស់ខ្លួនសម្លាប់មនុស្សអស់៦០០នាក់ចាប់ពីឆ្នាំ២០០៤មក ជាការសម្លាប់ធ្វើឡើងក្នុងពេលជួបប្រយុទ្ធជាមួយក្រុមឧក្រិដ្ឋជន។ ប៉ុន្តែអង្គការសិទ្ធមនុស្សនានាដែលតាមដានសកម្មភាពរបស់ RAP និយាយថា ការសម្លាប់មនុស្សក្នុងការប្រយុទ្ធគ្នា គឺជារឿងធម្មតាគ្មានអ្នកណាថាអីទេ តែមិនមែនអ៊ីចឹងឯណា ពួកគេសម្លាប់ទាំងមនុស្សដែលខ្លួនមិនទាន់ដឹងថាជាឧក្រិដ្ឋជនមែនឬមិនមែនផង គឺឱ្យតែសង្ស័យបាញ់សម្លាប់ភ្លាម ដោយអត់រវល់គោរពពច្បាប់អន្តរជាតិ មិនតែប៉ុណ្ណោះពេលខ្លះវាយប្រហារប្រជាជនស្លូតត្រង់គ្មានទោសពៃរ៍ទៀត ។ បើនិយាយពីការធ្វើទារុណកម្មវិញ រាល់ការសួរចម្លើយរបស់ពួកគេ តែងប្រីទារុណកម្មពីដើមដល់ចប់ ។
ខែឧសភា ២០១១ HRW ចេញរបាយការណ៍ស្តីពីការធ្វើទារុណកម្មនិងសម្លាប់មនុស្សរបស់ RAP ក្នុងនោះមានទាំងករណីសម្លាប់ព្រោះតែជនរងគ្រោះមានឈ្មោះដូចឧក្រិដ្ឋជនណាម្នាក់ដែលខ្លួនកំពុងរកមុខផង។ របាយការណ៍អះអាងថា ក្នុងការសម្លាប់មនុស្សជាង៦០០នាក់ ដែលមានទាំងមនុស្សគ្មានទោសពៃរ៍ផងនោះ គ្មានសមាជិក RAP ណាម្នាក់ទទួលការវិនិច្ឆ័យទោសទាល់តែសោះ ។
ប៉ុន្តែទោះដូច្នេះក្តី មិនមែនបានសេចក្តីថា RAP ត្រូវគេជេរគ្រប់គ្នាទេ ប្រជាជនបង់ក្លាដែសមួយចំនួនបែរជាសរសើរសកម្មភាពធ្ងន់ដៃរបស់ RAP ទៅវិញ ។ ពួកគេថា ដោយសារសកម្មភាពធ្ងន់ដៃនោះ ទើប RAP ជួយឱ្យសង្គមបានស្ងប់ស្ងាត់ច្រើន ទាំងឧក្រិដ្ឋកម្ម ទាំងអំពើពុករលួយសុទ្ធតែថយចុះ ។ លោកអង់តូនី សាគែរ អ្នកគ្រប់គ្រងសណ្ឋាគារមួយ បានពណ៌នាRAP ថា ដូចជាវីរបុរសរបស់អ្នកក្រ ។ ថ្វីបើទទួលស្គាល់ថា សមាជិកRAP ខ្លះធ្វើសកម្មភាពហួសព្រំដែនកំណត់មែន តែគាត់អះអាងថា នេះជាការចាំបាច់ព្រោះ «ប្រព័ន្ធតុលាការអត់ដើរ ដូច្នេះវិធីល្អបំផុតសម្រាប់ត្រួតត្រាឧក្រិដ្ឋកម្ម ត្រូវតែធ្វើតាមវិធីរបស់RAP ដើម្បីឱ្យមនុស្សអាក្រក់ខ្លបខ្លាចអត់ហ៊ានធ្វើផ្តេសផ្តាស។ វិធីរបស់RAP ពិតជាជួយសង្គមបានច្រើនមែន»។
ទោះជាយ៉ាងណា ថ្មីៗនេះសារព័ត៌មានបង់ក្លាដែសនាំគ្នាថ្កោលទោស RAP ពីការប្រព្រឹត្តធ្ងន់ដៃហួសព្រំដែនកំណត់របស់ខ្លួន ដោយលើកសំអាងករណីជាច្រើន រួមមានទាំងករណីប្រព្រឹត្តទាំងកម្រោលលើបុរសឈ្មោះលីម៉ុង ហូស្សាំង ដែលត្រូវបាញ់បំបាក់ជើងឆ្វេងទាំងអត់ទាន់សួរនាំអ្វីច្បាស់លាស់ផង ។ ករណីលីម៉ុង ហូស្សាំងតុលាការនឹងកាត់ក្តីនៅពេលខាងមុខ។ ដល់ពេលនោះគេអាចដឹងច្បាស់ថា ប្រជាជនបង់ក្លាដែសប៉ុន្មាននាក់គាំទ្រRAP ប៉ុន្មាននាក់ជេរបញ្ចោRAP ។ ក្រោយចេញពីមន្ទីរពេទ្យ ហូស្សាំងចេះតែបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនខ្លាចត្រូវRAP ធ្វើបាបទៀត ។ ប៉ុន្តែម្តាយឪពុករបស់ហូស្សាំងដែលខឹងខ្លាំងពេកលែងខ្លាចអ្វីទាំងអស់ ពួកគាត់ដាក់ពាក្យឡើងតុលាការប្តឹងសមាជិកRAP ៦នាក់ ។ ករណីដូចពួកគាត់ធ្លាប់មានច្រើនមកហើយ តែមិនដែលឃើញតុលាការកាត់ទោសសមាជិកRAP ណាម្នាក់ឡើយ ។ ពួកគាត់គិតថា ពេលនេះស្របនឹងកាសែតជាច្រើនកំពុងថ្កោលទោសRAPដែរ អ្វីៗ អាចប្រែប្រួលខ្លះ ។ ឪពុករបស់ហូស្សាំងនិយាយថា «ខ្ញុំគ្មានសង្ឃឹមលើតុលាការប៉ុន្មានទេ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ខ្ញុំត្រូវតែប្តឹង ដើម្បីរួមចំណែកធ្វើឱ្យសភាពការណ៍ជុំវិញអំពើព្រៃផ្សៃរបស់RAP កាន់តែពុះកញ្ជ្រោល។ ខ្ញុំមិនចង់ឃើញយុវជនណាម្នាក់ទៀតត្រូវបាក់ជើងដូចកូនប្រុសខ្ញុំ មិនចង់ឃើញឪពុកម្តាយផ្សេងទៀតឈឺចាប់ដោយសារកូនរបស់ខ្លួនត្រូវRAP ប្រព្រឹត្តយ៉ាងអមនុស្សធម៌បែបនេះទេ» ៕ (តាមឯកសារបរទេស)
ចែករំលែកព័តមាននេះ