«អ្នកបាត់ខ្លួន» ជាបញ្ហាពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅច្រើនប្រទេសលើសាកលលោក។ ក្រោយព្រឹត្តិការណ៍ថ្ងៃ១១ កញ្ញា ២០០១ ទ្វីបអាស៊ីក្លាយជាមជ្ឈមណ្ឌលនៃហេតុការណ៍មនុស្សបាត់ខ្លួន។ ប៉ុន្មានឆ្នាំកន្លងមកនេះ មានមនុស្សបាត់ខ្លួនជាច្រើននៅប្រទេសប៉ាគីស្ថាន អាហ្វហ្គានីស្ថាន ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វ៊ីលីពីន ចិន ថៃ និងសិង្ហបុរី។ គ្រួសារជនរងគ្រោះសន្និដ្ឋានថា ពួកគេត្រូវស្ថាប័នចារកម្មលួចចាប់។
នៅប៉ាគីស្ថាន ហេតុការណ៍មនុស្សបាត់ខ្លួនយ៉ាងអាថ៌កំបាំងចាប់កើតមានតាំងពីឆ្នាំ២០០២ ពេលលោកវេជ្ជបណ្ឌិតអាមៀ អាហ្ស៊ីស សុខៗស្រាប់តែលែងឃើញត្រឡប់មកផ្ទះ ហើយក៏គ្មានអ្នកណាបានឃើញគាត់នៅកន្លែងណា។ ហេតុការណ៍នេះធ្វើឱ្យគ្រួសារលោកវេជ្ជបណ្ឌិត និងមិត្តភក្តិគាត់ព្រួយបារម្ភជាខ្លាំង តែទោះជាខំស្វះស្វែងរកយ៉ាងណាក្តី ក៏គ្មានតម្រុយ។ រហូតដល់ក្រោយមក ទើបកាសែត Daily Times របស់ប៉ាគីស្ថានផ្សាយថា លោកវេជ្ជបណ្ឌិតអាមៀ អាហ្ស៊ីស ឯកទេសខាងវះកាត់កែសម្ផស្សជួរមុខមួយរូបរបស់ប៉ាគីស្ថាន ត្រូវស្ថាប័នចារកម្មចាប់ពង្រត់នៅថ្ងៃទី២១ តុលា ២០០២ ពីបទសង្ស័យពាក់ព័ន្ធនឹងពួកអាល់កៃដា តែឥឡូវបានរួចមកវិញហើយ បន្ទាប់ពីត្រូវស្ថាប័នចារកម្ម ISI របស់ប៉ាគីស្ថាន និងស្ថាប័ន FBI របស់អាមេរិកឃុំខ្លួនសួរចម្លើយមួយរយៈ។
រឿងរ៉ាវមនុស្សបាត់ខ្លួនចេះតែមានជាហូរហែ រហូតដល់ឆ្នាំ២០០៥ ផ្អើលខ្លាំងជាថ្មី ខណៈលោកស្រី អាមីរ៉ា ធ្វើការតវ៉ាពេញទំហឹងជាមួយស្ថាប័នចារកម្ម ISI បន្ទាប់ពីប្តីគាត់លោកសាស្ត្រាចារ្យម៉ាស៊ូត ចេនជួ សុខៗស្រាប់តែបាត់ខ្លួនឈឹង ហេតុនេះគាត់ជឿថាពិតជាត្រូវស្ថាប័នចារកម្ម ISI ចាប់ពង្រត់។ ដោយក្តៅក្រហាយចំពោះហេតុការណ៍នេះខ្លាំងពេក លោកស្រីអាមីរ៉ា ប្រកាសបូជាជីវិតសម្រាប់បុព្វហេតុតស៊ូដើម្បីប្តី និងអ្នកបាត់ខ្លួនឯទៀតក្នុងប្រទេសប៉ាគីស្ថាន។ គាត់សម្រេចចិត្តបង្កើតអង្គការការពារសិទ្ធិមនុស្សមួយដើម្បីអាចជួយបានខ្លះដល់គ្រួសារអ្នកបាត់ខ្លួនដែលរហេមរហាមវេទនាពេក។ គាត់អះអាងប្រាប់ពួកអ្នកគាំទ្រគាត់ «ខ្ញុំដឹងថា ប្តីខ្ញុំកំពុងត្រូវ ISI ឃុំខ្លួនដោយខុសច្បាប់នៅកន្លែងណា។ ប្តីខ្ញុំត្រូវគេឃុំក្នុងបន្ទប់លេខ២០ តំបន់១-៩/៣ នៅទីក្រុងអ៊ីស្លាម៉ាបាដ។ ខ្ញុំដឹងដោយសារអ្នកបានឃើញផ្ទាល់ភ្នែកនូវការចាប់ខ្លួនប្តីខ្ញុំ និងការនិយាយប្រាប់របស់អ្នកទោសមួយចំនួនដែល ISI ទើបដោះលេង បន្ទាប់ពីធ្វើទារុណកម្មសួរចម្លើយអត់បានផលអ្វី»។
ស្ថិតនៅចំពោះមុខហេតុការណ៍ច្រួលប្របល់ដោយសារចេះតែមានមនុស្សបាត់ខ្លួននេះ តុលាការជាន់ខ្ពស់ប៉ាគីស្ថានបង្កើតគណៈកម្មាធិការត្រួតពិនិត្យបញ្ហាមនុស្សបាត់ខ្លួន និងគណៈកម្មាធិការស៊ើបអង្កេតរួមគ្នាដើម្បីរកឱ្យឃើញការពិត តើដូចការចោទប្រកាន់របស់មហាជន ឬអត់ តែស្ថាប័នទាំងពីរនេះ អសមត្ថភាពគ្រប់យ៉ាង ពុំអាចកោះហៅស្ថាប័នចារកម្មប៉ាគីស្ថានមកផ្តល់ចម្លើយគ្រប់គ្រាន់បាន ព្រោះគេមានអំណាចខ្លាំងពេក។
គណៈកម្មាធិការទាំងពីរខាងលើបង្កើតឡើង ហើយមានតែឈ្មោះប៉ុណ្ណោះ មនុស្សបាត់ខ្លួននៅតែបាត់ខ្លួនជាបន្តបន្ទាប់ដដែល គ្មានដោះស្រាយអ្វីបានឡើយ។ លោកស្រីអាមីរ៉ា ប្រកាសឱ្យដឹងថា តាំងពីក្រោយព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា ២០០១ ប្រជាជនប៉ាគីស្ថាន៣៩២នាក់ហើយដែលត្រូវបាត់ខ្លួនយ៉ាងអាថ៌កំបាំង។ ប្រាកដណាស់ ជនរងគ្រោះទាំងនោះកំពុងធ្លាក់ក្នុងដៃស្ថាប័នចារកម្ម។ តាមប្រព័ន្ធព័ត៌មានសម្ងាត់របស់ខ្លួន លោកស្រីបញ្ជាក់បន្តថា ជនរងគ្រោះភាគ ច្រើនត្រូវសួរចម្លើយដោយស្ថាប័នចារកម្មពីរ គឺ ISI របស់ប៉ាគីស្ថាននិងសេអ៊ីអារបស់អាមេរិក ហើយជាមួយការសួរចម្លើយនេះតែងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃបំផុត។ ក៏មានករណីខ្លះសេអីុអាសួរចម្លើយតែម្នាក់ឯង រួចហើយចាត់ការដោយខ្លួនឯងគ្មាន ISI ចូលរួមឡើយ។ ប្រភពព័ត៌មាននោះអះអាងថា សេអ៊ីអាបង្កើតពន្ធនាគារសម្ងាត់នៅកប៉ាល់សមុទ្រផង នៅតាមកោះរបស់ឥណ្ឌូណេសីុផង ពិសេសកោះ Smarata សម្រាប់ឃុំខ្លួនអ្នកដែលគេសង្ស័យថា ភេរវករ។
មួយទសវត្សកន្លងមកនេះ បណ្តាមនុស្សបាត់ខ្លួនលើពិភពលោកត្រូវបានកាសែតលើពិភពលោកជូនដំណឹងជាញឹកញាប់ ហើយគ្រួសារជនរងគ្រោះក៏បានធ្វើបាតុកម្មគគ្រឹកគគ្រេងប្រឆាំងរដ្ឋាភិបាល និងស្ថាប័នចារកម្មនានាក្នុងប្រទេសរៀងៗខ្លួន តែសហគមន៍អន្តរជាតិនៅតែមិនទាន់អាចជួយអ្វីដល់ពួកគេបាន។ តាមអង្គការសហប្រជាជាតិ បញ្ហាចាប់ពង្រត់ និងប្រល័យពូជសាសន៍ជាទោសប្រឆាំងមនុស្សជាតិដូចគ្នា តែទោះបីស្ថាប័នអន្តរជាតិកំពូលមួយនេះតស៊ូដើម្បីសន្តិភាព និងយុត្តិធម៌នៅលើពិភពលោកយ៉ាងណាក្តីក៏នៅតែមិនទាន់មានសមត្ថភាពបំបាត់ការចាប់ពង្រត់ និងប្រល័យពូជសាសន៍ឱ្យអស់ពីផែនដីបាន។
នៅប្រទេសប៉ាគីស្ថាន គ្រួសារអ្នកបាត់ខ្លួនតែងតែបរាជ័យក្នុងយុទ្ធនាការទាមទារសេរីភាពឱ្យសាច់ញាតិរបស់ខ្លួនដែលត្រូវស្ថាប័នចារកម្មចាប់ពង្រត់។ អ្នកមានអំណាចខ្ពស់ដឹងតែធ្វើងើយចំពោះបញ្ជាតុលាការ នៅតែហ៊ានប្រព្រឹត្តល្មើសនឹងរដ្ឋធម្មនុញ្ញប៉ាគីស្ថានដដែល។ សូម្បីគណៈកម្មាធិការសិទ្ធិមនុស្សប៉ាគីស្ថានចំណាយពេលយ៉ាងច្រើនសម្រាប់ស្រាវជ្រាវ និងធ្វើរបាយការណ៍ស្តីពីបញ្ហាមនុស្សបាត់ខ្លួនជូនតុលាការជាន់ខ្ពស់ប៉ាគីស្ថានក្តី ក៏នៅតែមិនអាចបានទទួលផលអ្វីដូចគ្នា ក្តុងក្តាំងបានមួយប្រាវស្ងាត់ឈឹងទៀត។
ស្ថិតនៅចំពោះមុខហេតុការណ៍ដូច្នេះពីមួយឆ្នាំទៅមួយឆាំា្ន លោកស្រីអាមីរ៉ា និយាយដោយហួសចិត្តកាលពីថ្ងៃទី២ វិច្ឆិកា ២០១០ ថា ខ្ញុំពិតជាត្រូវឈរចំកន្លែងដែលខ្លួនឈរកាលពី៥ឆ្នាំមុនពេលតាមរកប្តីរបស់ខ្លួន។ ខ្ញុំកំពុងមានអារម្មណ៍រស់ក្នុងសករាជផ្តាច់ការ។ ប្រជាធិបតេយ្យ និងតុលាការឯករាជ្យកំពុងផ្តល់ឱ្យខ្ញុំនូវរបស់មួយដែលខ្ញុំត្រូវតែទទួលស្គាល់នោះ គឺអសមត្ថភាព។
កាលពីខែកញ្ញា ២០០៩ រដ្ឋាភិបាលប៉ាគីស្ថានបានកែប្រែមាត្រាខ្លះក្នុងច្បាប់ប្រឆាំងភេរវកម្ម ដែលនាំដល់ការដកហូតសិទ្ធិស្របច្បាប់មួយចំនួនរបស់ជនជាប់សង្ស័យជាភេរវករ។ តាមការកែប្រែថ្មី ជនជាប់សង្ស័យអាចត្រូវ «ឃុំខ្លួនរង់ចាំការជំនុំជម្រះ» ក្នុងរយៈពេល៩០ថ្ងៃ ដោយមិនបានទទួលការពិនិត្យឡើងវិញពីការចោទប្រកាន់ពីមុនក៏ដូចមិនអាចបង់ប្រាក់ធានានៅក្រៅឃុំ។ ការកែប្រែនេះ រឹតតែធ្វើឱ្យស្មុគស្មាញថែមទៀតជាមួយសំណួរថា តើអាជ្ញាធរមានសកម្មភាពបែបណាប្រសិនបើការឃុំខ្លួននោះឡើងដល់៩១ថ្ងៃ ឬរហូតដល់៧ឆ្នាំ ហើយជនជាប់សង្ស័យនៅតែមិនបានទទួលការជំនុំជម្រះ?
ក្រោយពីដឹកនាំធ្វើការតស៊ូមិនខ្លាចនឿយហត់តាមដងផ្លូវនានាដើម្បីទាមទារសេរីភាពឱ្យប្តីគឺលោកម៉ាស៊ូត ចេនជួ លោកស្រីអាមីរ៉ា ថ្វីបើអត់ទាន់ទទួលបានផលអ្វី តែគាត់មិនបានបន្ធូរដៃឡើយ នៅតែបន្តការងារតវ៉ាតទៅមុខទៀតជានិច្ច។ មុនពេលត្រូវចាប់ពង្រត់ លោកម៉ាស៊ូត ចេជួ ជាសាស្ត្រាចារ្យបង្រៀននៅមហាវិទ្យាល័យបច្ចេកវិទ្យាព័ត៌មាន។ ពីមុនមក គាត់មិនធ្លាប់ត្រូវចោទប្រកាន់ ឬបញ្ជូនឡើងតុលាការពីបទអ្វីឡើយ គឺសុខៗស្រាប់តែបាត់ខ្លួនដោយការចាប់ពង្រត់តែម្តង ដែលជាហេតុធ្វើឱ្យកើតរឿងក្តៅក្រហាយគ្រប់មជ្ឈដ្ឋាន។
សកម្មភាពរបស់លោកស្រីអាមីរ៉ា ប្រៀបដូចការប្រកាសសង្គ្រាមជាមួយស្ថាប័នចារកម្មដ៏មានអំណាចក្នុងប្រទេសប៉ាគីស្ថាន។ ប៉ុន្តែសង្គ្រាមនេះគាត់មិនមែនធ្វើសម្រាប់តែខ្លួនឯងទេ គឺសម្រាប់គ្រួសារទូទៅក្នុងប្រទេសប៉ាគីស្ថានដែលមានសាច់ញាតិបាត់ខ្លួនដែរ។ អង្គការការពារសិទ្ធិមនុស្សដែលលោកស្រីបង្កើតឡើងកំពុងរៀបចំយុទ្ធនាការអុជទៀន បើកសិក្ខាសាលាក្រោមប្រធានបទការបាត់ខ្លួនមនុស្សក្នុងគ្រួសារ រៀបចំបើកពិព័រណ៍គំនូររបស់កូនចៅជនរងគ្រោះបាត់ខ្លួន និងចាត់ចែងរៃអង្គាសប្រាក់សម្រាប់ជួយគ្រួសារជនរងគ្រោះដោយស្ថាប័នចារកម្ម។ ការវាយលុកដោយច្រើនរូបភាពនេះ លោកស្រីអាមីរ៉ា នឹងជំរុញបន្តរហូត ៕ (តាមឯកសារបរទេស)
ចែករំលែកព័តមាននេះ