សារព័ត៌មានវៀតណាមញូវផ្សាយថា ជនជាតិវៀតណាមប្រហែល១០.០០០នាក់ បានស្លាប់ដោយជំងឺមហារីកក្រពះក្នុងមួយឆ្នាំៗ ដែលភាគច្រើនបណ្តាលមកពីការយឺតយ៉ាវក្នុងការទៅព្យាបាល ។
លោកង្វៀន ថាវៀត ម៉ាយ មកពីមន្ទីរពេទ្យក្នុងទីក្រុងហាណូយ បានថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីមហារីកក្រពះដែលរៀបចំឡើងនៅក្រុងហា ណូយកាលពីចុងសបា្តហ៍មុនថា ជនជាតិវៀតណាម ច្រើនជាង១៣.០០០នាក់ ពិនិត្យឃើញថា កើតមហារីកក្រពះនៅក្នុងមួយឆ្នាំៗ ។ មហារីកប្រភេទនេះត្រូវចាត់បញ្ចូលក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម១០ ចំណាត់ថ្នាក់នៃជំងឺមហារីកដែលប្រទះឃើញច្រើននៅប្រទេសវៀតណាម ។
លោកង្វៀន បាឌឹក អនុប្រធានសមាគមមហារីកវៀតណាមថ្លែងថា អ្នកជំងឺ៣ភាគ៤ ពិនិត្យឃើញមហារីកក្រពះ ក្នុងខណៈពេលជំងឺស្ថិតក្នុងរយៈពេលចុងក្រោយ ដូច្នេះការព្យា បាលមិនទទួលលទ្ធផលល្អឡើយ ។
អ្នកជំនាញនៅក្នុងកិច្ចប្រជុំបានអំពាវនាវដល់ប្រជាជនឱ្យរិះរកវិធីសាស្ត្រព្យាបាលឱ្យបានឆាប់ ក្នុងខណៈពេលមានអាការឈឺចាប់នៅពេលដំបូង ដូចជាការរំលាយអាហារខុសប្រក្រតី មានហូរឈាមនៅក្នុងក្រពះ និងមានអាការក្អួតចង្អោរ ។
អង្គការសុខភាពពិភពលោកបញ្ជាក់ឱ្យដឹងថា ក្នុងមួយឆ្នាំៗមានប្រជាជននៅទូទាំងពិភពលោកប្រហែល១លាននាក់កើតជំងឺមហារីកក្រពះ និងជារៀងរាល់ឆ្នាំប្រជាជនប្រហែល៨០០.០០០នាក់ ក្នុងចំណោមនោះបានស្លាប់ ។
ខណៈពេលអត្រាអ្នកកើតជំងឺមហារីកក្រពះនៅអាស៊ីខ្ពស់ជាងនៅតំបន់អឺរ៉ុប គឺប្រហែល២ភាគ៣នៃអ្នកកើតជំងឺនៅទូទាំងពិភពលោក និងប្រទេសក្នុងទ្វីបអាស៊ីដែលមានចំនួនអ្នកជំងឺមហារីកក្រពះខ្ពស់បំផុត គឺប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងវៀតណាម ៕
ចែករំលែកព័តមាននេះ