រាជធានីភ្នំពេញ ៖ លោកសាស្ត្រាចារ្យគង់ សន្យា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត កាលពីរសៀលថ្ងៃទី១៩ សីហា ២០១១ បានចូលរួមបិទវគ្គបណ្តុះបណ្តាលស្តីពី «វិធីធ្វើឱ្យអ្នករងគ្រោះ និងអ្នកជំងឺសង្គ្រោះបន្ទាន់ឱ្យរស់ឡើងវិញ» នៅសាលប្រជុំមន្ទីរពេទ្យកាល់ម៉ែត ក្រោយពីសិក្សាអស់រយៈពេល៤ថ្ងៃ។
ក្នុងឱកាសបិទវគ្គនេះ លោកសាស្ត្រាចារ្យគង់ សន្យា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានមានមតិផ្តាំផ្ញើដល់សិក្ខាកាមថា បន្ទាប់ពីបានទទួលការហ្វឹកហាត់ពីវគ្គបណ្តុះបណ្តាលនេះ ទៅសិក្ខាកាមទាំងអស់ត្រូវខិតខំដុសខាត់ចំណេះ ដឹងទាំងនេះឱ្យបានជ្រាបជាប្រចាំ និងយកចំណេះដឹងទាំងនេះទៅប្រតិបត្តិក៏ដូចជាអនុវត្តនូវភារកិច្ចជួយសង្គ្រោះអ្នករងគ្រោះប្រកបដោយទឹកចិត្តមនុស្សធម៌ និងស្មោះត្រង់ជាទីបំផុត។ ភារកិច្ចទាំងអស់នេះគឺជាចំណែកមួយដ៏សំខាន់ដើម្បីចូលរួមក្នុងការគាំទ្រគោលនយោបាយរបស់ក្រសួងសុខាភិបាលលើផ្នែកសង្គ្រោះជីវិតប្រជាពលរដ្ឋដែលជួបប្រទះនូវគ្រោះថ្នាក់ក្នុងកម្រិតមួយធ្ងន់ធ្ងរដែលតែងតែកើតមានឡើងជាយថាហេតុ។
ក្នុងនាមមន្ទីរពេទ្យកាល់ម៉ែតនិងក្នុងនាមលោកផ្ទាល់សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសហប្រតិបត្តិការបារាំងនិងស្ថានទូត សិង្ហបុរីប្រចាំនៅកម្ពុជាដែលបានរួមសហការ
ផ្តល់ការគាំទ្រជាថវិកានិងស្មារតីបច្ចេកទេសចំពោះវគ្គបណ្តុះបណ្តាលឱ្យបានបញ្ចប់ដោយទទួលនូវលទ្ធផលដ៏ត្រចះត្រចង់។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលស្តីពី «វិធីធ្វើឱ្យអ្នករងគ្រោះនិងអ្នកជម្ងឺសង្គ្រោះបន្ទាន់រស់ឡើងវិញ» នេះបានសិក្សារយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី១៦ខែសីហារហូតដល់ថ្ងៃទី១៩ ខែសីហា នៅសាលប្រជុំមន្ទីរពេទ្យកាល់ ម៉ែតក្រោមកិច្ចសហប្រតិបត្តិការបារាំងនិងស្ថាន ទូតសិង្ហបុរីប្រចាំនៅកម្ពុជានិងមានសិក្ខាកាមចូល រួមមកពីខេត្តចំនួន១៤និងមន្ទីរពេទ្យនៅរាជធានី ភ្នំពេញសរុបចំនួន៤៥នាក់ ៕
ចែករំលែកព័តមាននេះ