ខេត្តសៀមរាប ៖ ក្រុមមន្ដ្រីរដ្ឋបាលព្រៃឈើបានថ្លែងថា រថយន្ដទំនើបម៉ាក «ឡិចស៊ីស» ៤៧០មួយគ្រឿង ដែលផ្ទុកទៅដោយដុំឈើគ្រញូងដ៏មានតម្លៃខ្ពស់កប់ពពកត្រូវបានធ្វើការបង្ក្រាប ខណៈម្ចាស់របស់វាបានបរាជ័យក្នុងការប្រឹងប្រែងបើករត់គេចពីការតាមប្រមាញ់របស់កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ ហើយសម្រេចចិត្ដរត់ចូលសម្ងំលាក់ខ្លួនក្នុងបរិវេណដីចំការមួយកន្លែង ។
ប្រតិបត្ដិការស្ទាក់ចាប់រថយន្ដទំនើបដឹកឈើគ្រញូងនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ សីហា នៅក្នុងបរិវេណរបងដីចំការមួយកន្លែងជាប់រង្វង់មូលផ្លូវជាតិលេខ៦៧ ក្នុងភូមិបន្ទាយស្រី ឃុំខ្នាសណ្ដាយ ស្រុកបន្ទាយស្រី ខេត្ដសៀមរាប ។
ទោះបីជាយ៉ាងណា ពុំមានជនពាក់ពន្ធ័ណាម្នាក់ត្រូវបានចាប់ខ្លួនភ្លាមៗនៅក្នុងប្រតិបត្ដិការនោះទេ ប៉ុន្ដែសមត្ថកិច្ចបានអះអាងថាខ្លួនបានកំណត់មុខសញ្ញានៃជនសង្ស័យរួចហើយតាមរយៈអត្ដសញ្ញាណប័ណ្ណដែលជនសង្ស័យបន្សល់ទុកក្រោយភ័យហើយរត់គេចខ្លួន។
នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ លោកម៉ុង ប៊ុនលីម ែដលបានដឹកនាំប្រតិបត្ដិការតាមបង្ក្រាបទៅលើបទល្មើសដឹកជញ្ជូនឈើគ្រញូងល្មើសច្បាប់នោះបានថ្លែងប្រាប់ថា យើងមិនបានដឹងឱ្យប្រាកដថារថយន្ត «ឡិចស៊ីស៤៧០» ដែលត្រូវបានបង្គ្រាបនេះបើកចេញពីចំណុចណាមួយនោះទេ តែទំនងជាមកពីតំបន់អន្លង់វែងខេត្ដឧត្ដរមាជ័យដោយប្រើប្រាស់ផ្លូវជាតិលេខ៦៧ លុះបើកឆ្លងកាត់ស្នាក់ការរបស់ លោកវាក៏បង្កើតឱ្យមានការសង្ស័យ ហើយកម្លាំងរបស់លោកក៏ចាប់ផ្ដើមតាមប្រដេញធ្វើឱ្យអ្នកបើករថយន្ដនោះភ័យខ្លាច និងបើកសម្ងំពួននៅទីនោះ «ដីចំការ» រួចក៏រត់ចោលរថយន្ដតែម្ដង។
លោកបានបញ្ជាក់ទៀតថា រថយន្ត «ឡិចស៊ីស» ៤៧០ដែលចាប់បាននោះពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2H-4757 ផ្ទុកឈើគ្រញូង ចំនួន៥៤ដុំ មានទម្ងន់ប្រមាណ៧០០គីឡូក្រាម រួមទាំងវត្ថុតាងប្រព្រឹត្តបទល្មើសជាច្រើនទៀតរួមមានទូរសព្ទ័ដៃបីគ្រឿងខ្សែ.ក មានបន្ដោង២ ខ្សែ គ្រឿងញៀនប្រភេទ «យ៉ាម៉ា» ចំនួន៤ កញ្ចប់តូច អាវប៉ូលិសមួយ ប្រដាប់ឆក់មួយរួមទាំងអត្ដសញ្ញាប័ណ្ណ សញ្ជាតិខ្មែរថតចម្លងមួយសន្លឹក និងសៀវភៅធនាគារដែលមានទឹកប្រាក់នៅក្នុងនោះចំនួន៨ពាន់ដុល្លារអាមេរិកផងដែរ ។
នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបលោក ទា គឹមសុទ្ធ ដែលបានចុះទៅធ្វើការត្រួតពិនិត្យនៅកន្លែងបង្ក្រាបកាលពីព្រឹកថ្ងៃដដែលនោះបានមានប្រសាសន៍ថា ចំពោះករណីហ្នឹងយើងនឹងរៀបចំសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការដើម្បីស្ថាបន័អយ្យការបើកការចោទប្រកាន់និងចេញដីកាតាមចាប់ខ្លួនជនល្មើសយកមកផ្ដន្ទាទោសចំពោះមុខច្បាប់។
លោកបានបញ្ជាក់ទៀតថា នារយៈពេលចុងក្រោយនេះបទល្មើសដឹកជញ្ជូនឈើគ្រញូងឆ្លងកាត់ខេត្ដសៀមរាបមានការថយចុះមួយកម្រិតបន្ទាប់ពីសមត្ថកិច្ចពាក់ព័ន្ធបានប្រឹងប្រែងធ្វើការបោសសំអាត ប៉ុន្ដែក៏នៅមានអ្នកមួយចំនួននៅតែព្យាយាមផ្សងព្រេងធ្វើសកម្មភាពល្មើសច្បាប់ទាំងនេះដដែលជាពិសេសពួកនោះភាគច្រើនសុទ្ធតែជាអ្នកប្រើប្រាស់គ្រឿងញៀនយ៉ាងជោកជាំ ជាក់ស្ដែងដូចឃើញស្រាប់ហើយក្នុងរថយន្ត «ឡិចស៊ីស»៤៧០ដែលចាប់បានចុងក្រោយនេះក៏ត្រូវយើងរកឃើញគ្រឿងញៀនដែរ។
ព្រះរាជអាជា្ញអមសាលាដំបូងខេត្ដសៀមរាប លោកទី សុវិនថាល់ កាលពីព្រឹកថ្ងៃទី១៨ សីហា ដដែលបានមានប្រសាសន៍ផងដែរថា យើងបានដឹងអត្ដសញ្ញណអ្នកដែលប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើគ្រញូងដែលសមត្ថកិច្ចរដ្ឋបាលព្រៃឈើបង្ក្រាបបាននោះហើយ ដូច្នេះចាំតែខាងមន្ដ្រីនគរបាលយុត្ដិធម៌បញ្ជូនសំណុំរឿងមកលោកនឹងចេញដីកាតាមចាប់ខ្លួនជននោះឱ្យខាងតែបាន ៕
ចែករំលែកព័តមាននេះ