ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បិទវគ្គបណ្តុះ​បណ្តាល​​មន្ត្រី​បោះឆ្នោត និង​មន្ត្រី​​​តំណាង​​ស្ថាប័ន​ពាក់ព័ន្ធ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ខណៈ​​ពេល​ដែល​ការ​​ពិនិត្យ​​​​បញ្ជីឈ្មោះ​​​ និងចុះឈ្មោះបោះឆ្នោត​​​ នឹង​ចាប់​ផ្តើម​នៅ​​ថ្ងៃទី​​​១ កញ្ញា នោះ ​​គណៈ​កម្មាធិ​ការ​​​ជាតិរៀបចំ​​​ការ​បោះឆ្នោត (គ.ជ.ប) បានបើក​ការ​បណ្តុះបណ្តាល​​​រយៈ​ពេល​​១ថ្ងៃ ​​​ដល់មន្ត្រី​​ជាង​​១០០នាក់ ​នៅទីស្តីការ​ គ.ជ.ប ​ដែលជា​មន្ត្រី ​គ.ជ.ប ​មន្ត្រីមក​ពីលេខាធិការ​ដ្ឋាន​រាជធានី​​ ខេត្ត

រាជធានីភ្នំពេញ​​ ៖ ​​ខណៈ​​ពេល​ដែល​ការ​​ពិនិត្យ​​​​បញ្ជីឈ្មោះ​​​ និងចុះឈ្មោះបោះឆ្នោត​​​ នឹង​ចាប់​ផ្តើម​នៅ​​ថ្ងៃទី​​​១ កញ្ញា នោះ ​​គណៈ​កម្មាធិ​ការ​​​ជាតិរៀបចំ​​​ការ​បោះឆ្នោត (គ.ជ.ប) បានបើក​ការ​បណ្តុះបណ្តាល​​​រយៈ​ពេល​​១ថ្ងៃ ​​​ដល់មន្ត្រី​​ជាង​​១០០នាក់ ​នៅទីស្តីការ​ គ.ជ.ប ​ដែលជា​មន្ត្រី ​គ.ជ.ប ​មន្ត្រីមក​ពីលេខាធិការ​ដ្ឋាន​រាជធានី​​ ខេត្ត រៀបចំ​​ការ​​​បោះឆ្នោត ​(លធ/ខប) ទាំង​​​២៤ ​តំណាង​គណ​បក្ស​​នយោបាយ​​ និងតំណាង​អង្គ​ការ​​​​មិន​មែន​រដ្ឋាភិបាល​​ ទាក់​ទង​​​នឹង​ច្បាប់​​បោះ​ឆ្នោត​ និង​នីតិវិធី ដែលត្រូវ​​​អនុវត្ត​នៅ​ពេល​ខាង​មុខ​នេះ​។ ​​ពិធី​បិទវគ្គ​​​​បានប្រព្រឹត្ត​​​ទៅនៅ​រសៀល​​ថ្ងៃទី​​​១៧ សីហា ​ឆ្នាំ​២០១១ ​ក្រោមអធិបតី​ភាព​លោក​​អុឹម សួស្តី ប្រធាន គ.ជ.ប​។

មាន​មតិ​​ណែនាំក្នុង​​​ពិធី​បិទវគ្គ​​​ លោកបាន​លើក​ឡើង​​​ថា ចាប់ពី​ខែ​កញ្ញា​​​ទៅយើង​​​​មា​ន​ការ​ងារ​ច្រើន​​ដែលត្រូវ​​ធ្វើ ហើយ​​សូម​​​ឱ្យ​​មន្ត្រី លធ/ខប ទាំងអស់​យកចិត្តទុកដាក់​ និង​ពង្រឹង​​​ការងា​ររបស់ខ្លួន​​ឱ្យបាន​​​ខ្លាំង​ក្លា​។ លោក​​បាន​បញ្ជាក់ថា​ លធ/ខប ត្រូវ​ណែ​នាំ​ក្រុម​ប្រឹក្សា​​​ឃុំ សង្កាត់ ​​ឱ្យជួយ​​ផ្សព្វផ្សាយ​​​អំពីការ​​ពិនិត្យ​​បញ្ជី​ឈ្មោះ​​ និងចុះឈ្មោះ​​​បោះឆ្នោត​​ដល់ប្រជា​ពលរដ្ឋ​​នៅ​តាមភូមិ​​ ឃុំ សង្កាត់ ហើយជំរុញ​​ឱ្យ​​ពួកគាត់​មក​ពិនិត្យ​​​មើលឈ្មោះ​​​ និងចុះឈ្មោះ​​បោះឆ្នោត​​ឱ្យ​បាន​គ្រប់​ៗគ្នា ជាពិសេស​​​ត្រូវបង្រៀន​​​ស្មៀន​​ឃុំ សង្កាត់​ ឱ្យយកចិត្តទុកដាក់​ចៀស​វាង​លើ​កំហុស​​បច្ចេកទេស​​បន្តិចបន្តួច​​ដែលធ្លាប់​​​​កើត​មាន​ដូចជា ៖
-នៅពេលចុះឈ្មោះ ​​សូមសរសេរ​​​អក្សរ​​ឱ្យ​ច្បាស់​កុំ​​ប្រញាប់​ប្រញាល់​ពេក ​សុខចិត្ត​​​ចំណាយ​ពេលយូរ​បន្តិចចុះ​។

-​នៅពេលចុះ​ឈ្មោះ​​​ ឬ​កែតម្រូវ​​​​ទិន្ន​ន័យ​​ក៏ត្រូវ​​យកចិត្តទុកដាក់​​ដែរ ​​ចៀស​វាង​​​លុប​ឈ្មោះ​​ច្រឡំ ឬ​កែ​​តម្រូវ​​​ទិន្ន​ន័យ​មិន​បានត្រឹមត្រូវ​។​
លោកប្រធាន​ គ.ជ.ប បានណែនាំ​​​មន្ត្រី លធ/ខប ទាំងអស​់ឱ្យ​មាន​​ស្មារតី​​​ទទួលខុសត្រូវ​​​ខ្ពស់ ព្រោះ​ថា ​ក្រោយ​ការ​ពិនិត្យ​​បញ្ជីឈ្មោះ ​និង​ចុះ​ឈ្មោះ​​បោះឆ្នោត ​គេនឹង​មើល​មក​យើង ​ហើយ​​​ធ្វើ​សវ​ន​កម្ម​​លើ​បញ្ជី​បោះឆ្នោត​​ តើ​យើង​​បាន​ធ្វើ​​​ការ​ងារ​ត្រឹមត្រូវ​​​​ដែរ​ឬ​ទេ? ហើយ​បញ្ជី​​បោះឆ្នោត​ដែលត្រឹមត្រូវ​​ គេមើល​លើ​លក្ខខណ្ឌ​​​​៣យ៉ាង ៖
១-​ភាគរយ​​​អ្នក​​ទៅចុះឈ្មោះ​​​​បោះឆ្នោត​​បានច្រើន​​ឬទេ?
២-​​ការធ្វើ​បច្ចុប្បន្ន​​​ភាពបញ្ជីបោះឆ្នោត​​បាន​ត្រឹមត្រូវ​ឬទេ? ​ដូចជា​ការ​លុបចោល​​​ឈ្មោះ ឬ​កែ​តម្រូវ​​ទិន្ន​ន័យ​​​​ជាដើម​។​
៣-​​ភាពត្រឹមត្រូវ​​លើ​បញ្ជី​បោះឆ្នោត ​ថាតើ​​ការ​ចុះឈ្មោះនេះត្រឹមត្រូវ​​​​ដែរឬទេ? មានការ​សរសេរ​​ខុស​ច្រើនដែរឬ​អត់​?​
លោក​​បានបន្ថែម​ថា ចំណុច​​ទាំងអស់​ដែល​លើកឡើង​​ខាងលើនេះ​​ហើយ ដែល​យើងត្រូវ​​យក​ចិត្តទុកដាក់​​​ ព្រោះ​វា​ជា​ការងារ​​​ដ៏មានសារ​សំខាន់។ ​បើគិត​​ពីការ​ចំណាយថវិកាវិញ ​ត្រូវ​ចំណាយ​​អស់ពាក់​កណ្តាល​​នៃ​ការ​​ចំណាយ​លើការ​បោះឆ្នោត​​​ទាំងមូល ​ប៉ុន្តែស្ថាប័ន​ខ្លះមើលឃើញ​​ថា ការ​បោះឆ្នោត​​មានសារ​សំខាន់​នៅពេល​ឃោស​នា​បោះឆ្នោត ឬ​បោះឆ្នោត​​ទៅវិញ​។

នៅក្នុង​​​ពិធីបិទវគ្គ​​​នោះ លោក​ប្រធាន គ.ជ.ប ​បាន​លើកឡើង​​​​ពីសភាពការណ៍​​ទូទៅ​ផង​ដែរ ​ដោយ​បញ្ជាក់​ថា ថ្មីៗ​នេះ​​​មានអង្គការ​​មិន​មែន​រដ្ឋាភិបាល​​​មួយចំនួន ​​បានលើក​​​សរសើរ​​​ពីការបោះឆ្នោត​​​ដូចជា​​​នៅ​​អាហ្វហ្គានីស្ថាន​​ បង់​​​ក្លា​ដែស ​​ជាដើម ថាជា​​​ការបោះឆ្នោត​​​ធ្វើឡើង​​បានល្អ​គួរ​យកគំរូ​តាម។​​​ ប៉ុន្តែ​អង្គការ​​​ទាំង​នោះ​​​មិនដែល​​សរសើរ​​ពីការបោះឆ្នោត​​​នៅកម្ពុជា​​​ទេ ​​បើ​ទោះ​ណាជា​សហគមន៍​​អន្តរជាតិ​​បានវាយ​តម្លៃ​​​​ការបោះឆ្នោត​នៅ​កម្ពុជា​​ដូចជា ​នៅ​​ឆ្នាំ​​១៩៩៨ ​ថា ជា​​​អច្ឆរិយៈ​​នៅ​ដង​ទន្លេ​​​​មេគង្គ​ក៏ដោយ ហើយ​​​​​ក្រោ​យមក​ទៀត​​​​នៅឆ្នាំ​​​២០០២ ​ឆ្នាំ​​​២០០៣ ​​និង​ឆ្នាំ​២០០៨ ​គឺគេ​វាយតម្លៃ​​​ថា ល្អ​​ជាង​​​​ការ​​បោះ​ឆ្នោត​​​​មុនៗ ​មានន័យ​ថា ​​ពីការ​បោះ​ឆ្នោត​​​មួយទៅ​ការ​បោះឆ្នោត​​​មួយវា​កាន់តែ​​​ប្រសើរ​​ឡើង​ៗ។

សូម​បញ្ជាក់​​ថា សិក្ខាកាម​ចូលរួមដែលមកពី​​គណ​បក្ស​នយោបាយ​​មាន តំណាង​គណបក្ស​​​ប្រជា​ជន​​​កម្ពុជា ​​តំណាង​​​គណបក្ស​​សម រង្ស៊ី ​​តំណាង​គណ​បក្ស​​​សិទ្ធិមនុស្ស ​​តំណាង​គណបក្ស​​​នរោត្តម រណ​​ឫទ្ធិ ​តំណាង​គណបក្ស​ហ្វុ៊ន​ស៊ិនប៉ិច ​​តំណាងគណ​បក្ស​​​ខ្មែ​រឈប់ក្រ ​តំណាង​គណក្ស​​ប្រជាធិប​តេយ្យ​ខ្មែរ និងអង្គការមិន​មែន​រដ្ឋាភិបាល​ចំនួន​​២១អង្គភាព ៕