ខេត្តស្ទឹងត្រែង ៖ បុរសជាមន្រ្តីនគរបាលម្នាក់បានរងរបួសបាក់ជើងខាងឆ្វេង និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជនរងគ្រោះទាំង២ជិះម៉ូតូឆ្លងកាត់ផ្លូវខ្វែងត្រូវរថយន្តយោធាវរសេនាតូចស៊ើបការណ៍អូរខ្លុងចំណុះឱ្យយោធភូមិ ភាគទី១ បុកចំពីចំហៀង បណ្តាលឱ្យដួលម៉ូតូនៅពីមុខរថយន្ត។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចកែងផ្សារក្រមួនកណ្តាល ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៧ សីហា។
លោកណាវ វណ្ណនី នាយរងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងរថយន្តកូរ៉េចំណុះ២,៥តោន របស់មន្រ្តីយោធា ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរៈភូមិន្ទ បុកជាមួយម៉ូតូម៉ាកវ៉េវ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភព១.ច ៥៥៧៣។ អ្នកបើកបរម៉ូតូឈ្មោះនាក់ ជា ហៅចន្ថា ភេទប្រុស អាយុ៤២ឆ្នាំ ជានាយរងប៉ុស្តិ៍រដ្ឋបាលឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ រងរបួសបាក់ជើងឆ្វេង និងម្នាក់ទៀតជិះពីក្រោយឈ្មោះកែប សល់ ភេទប្រុស អាយុ៣៦ឆ្នាំ ជាកសិកររងរបួសស្រាល ចំណែកអ្នកបើកបររថយន្តបានព្យាយាមមិនបញ្ចេញឈ្មោះប្រាប់មន្រ្តីប៉ូលិសជំនាញឱ្យដឹងនោះទេ។
បើតាមអ្នកឃើញហេតុការណ៍ផ្ទាល់នៅកន្លែងកើតហេតុបាននិយាយឱ្យដឹងថា គ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើកបរម៉ូតូប្រើល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ដោយបើកពីលិចមកកើត លុះមកដល់ចំណុចផ្លូវខ្វែងក៏បានវាក់នឹងរថយន្តយោធាកំពុងតែបើកឆ្លងកាត់ពីជើងមកត្បូង ទើបជាន់ហ្វ្រាំងមិនទាន់ ក៏បានបណ្តាលឱ្យមានគ្រោះថ្នាក់នេះកើតឡើង ។
តាមប្រភពពីមន្ត្រីនគរបាលចរាចរបានឱ្យដឹងថា រថយន្តរបស់មន្រ្តីយោធា និងម៉ូតូដែលរងការខូចខាតនោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធី។ រីឯអ្នករងរបួសធ្ងន់ និងស្រាលទាំងពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីព្យាបាលរបួស៕
ចែករំលែកព័តមាននេះ