ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី១៨ សីហា កន្លងមកនេះ លោកសូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា រួមដំណើរដោយអស់លោក លោកស្រី ជាមន្ត្រីអ្នកមុខអ្នកការក្រោមឱវាទក្រសួង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋស្រុកបាទី ខេត្តតាកែវ ។
លោកប្រាក់ ធុជ អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ មានប្រសាសន៍ថា នៅក្នុងរដូវបង្កបង្កើនផលឆ្នាំ២០១១ នេះអាស្រ័យដោយស្រុកទទួលបាននូវរបាយទឹកភ្លៀងធ្លាក់រាយប៉ាយល្អ ធ្វើឱ្យប្រជាកសិករសម្រេចធ្វើស្រូវដើមរដូវបានចំនួន២.០៨៥ហិកតា លើផែនការចំនួន១.៥០០ហិកតា ដែលមកដល់បច្ចុប្បន្នបាននិងកំពុងប្រមូលផលដោយទទួលបានទិន្នផលជាមធ្យមជាង៣តោន ក្នុង១ហិកតា ។ ជាមួយគ្នានេះ ប្រជាកសិករនៅទូទាំងស្រុកក៏បានជំរុញការធ្វើស្រូវវស្សាបានជាង១ម៉ឺន៦ពាន់ហិកតា លើផែនការចំនួន២ម៉ឺនហិកតាផងដែរ ។
លោករដ្ឋមន្ត្រីសូរ ឃុន បានកោតសរសើរចំពោះប្រជាកសិករស្រុកបាទីដែលបានខិតខំប្រឹងប្រែងជំរុញការងារបង្កបង្កើនផលស្រូវដើមរដូវ និងស្រូវវស្សាដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ។ លោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព សំដៅផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើស្រែចម្ការ ដាំដំណាំរួមផ្សំ បន្លែបង្ការ ចិញ្ចឹមសត្វ និងប្រកបមុខរបររកស៊ីផ្សេងៗលើកស្ទួយជីវភាពរស់នៅបានសមរម្យ ។ លោកមានប្រសាសន៍ទៀតថា ដើម្បីជំរុញការអនុវត្តគោលនយោបាយផលិតកម្មស្រូវ និងការនាំចេញអង្ករឱ្យបាន១លានតោន នៅឆ្នាំ២០១៥ លោកសូមផ្តាំផ្ញើដល់ប្រជាកសិករស្រុកបាទី ត្រូវខិតខំធ្វើស្រូវឱ្យបានពី២ទៅ៣ដងក្នុងមួយឆ្នាំ ដោយប្រើប្រាស់ពូជស្រូវសុទ្ធល្អមានតម្លៃលើទីផ្សារ ពិសេសត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងទឹក និងចុះថែទាំសន្ទូងជាប្រចាំ ដើម្បីទទួលបានទិន្នផលខ្ពស់នារដូវប្រមូលផលខាងមុខនេះ ។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បានចែកវត្ថុអនុស្សាវរីយ៍ជូនប្រជាពលរដ្ឋចូលរួមចំនួន៣៨៨នាក់ និងបានផ្តល់ថវិកាចំនួន១៦០ដុល្លារអាមេរិក សម្រាប់ជួសជុលអគារសាលាស្រុកបាទីផងដែរ៕
ចែករំលែកព័តមាននេះ