ក្រុងប៉ោយប៉ែត ៖ តាមប្រភពព័ត៌មានពីបន្ទាត់ព្រំដែនខ្មែរថៃនៃស្រុកអូរជ្រៅ និងស្រុកគោកធ្យូង បានឱ្យដឹងថា នៅរសៀលម៉ោង២ថ្ងៃ ទី១៩ សីហា ២០១១ នេះ អាជ្ញាធរនិងអង្គភាពពាក់ព័ន្ធក្នុងស្រុកអូរជ្រៅខ្មែរ និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធថៃនៃស្រុកគោកធ្យូង បានបើកកិច្ចប្រជុំមួយតាមការអញ្ជើញពីភាគីថៃ។ បើតាមការឱ្យដឹងពីលោកសួង មឿន មេឃុំអូរបីជាន់ បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៩ សីហា នេះ ថា ការទៅចូលរួមប្រជុំតាមការអញ្ជើញរបស់ភាគីថៃ នេះ ខាងកម្ពុជាដឹកនាំដោយលោកតាន់ ស្វាង អភិបាលរងស្រុកអូរជ្រៅ ក្នុងនោះក៏មានមេឃុំគ្រប់ឃុំ និងមេភូមិគ្រប់ភូមិ និងកងកម្លាំងគ្រប់អង្គភាពពាក់ព័ន្ធទៅចូលរួមផងដែរ ។
លោកមេឃុំបន្តថា របៀបវារៈនៃការជួបប្រជុំគ្នានោះ ខាងភាគីថៃនឹងស្នើសុំឱ្យភាគីកម្ពុជាជួយទប់ស្កាត់នូវការចរាចរណ៍ឆ្លងដែនគ្រឿងញៀន ការឆ្លងដែនខុសច្បាប់ និងលើកពីគម្រោងបើកច្រកបឹងស្នោ ស្ថិតនៅចំណុចបង្គោលឡាក់ព្រំដេនលេខ៤៣ ផងដែរ។
លោកមេឃុំបន្តទៀតថា នៅវេលាម៉ោង២រសៀលថ្ងៃទី២៦ សីហា ២០១១ ខាងមុខ ភាគីថៃក៏នឹងអញ្ជើញភាគីកម្ពុជាទៅជួបប្រជុំគ្នាផងដែរ ដែលក្នុងគម្រោងនៃកិច្ចប្រជុំនេះគឺ-ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការតាមបន្ទាត់ព្រំដែននៃ ស្រុកទាំង២ ឱ្យកាន់តែល្អប្រសើរឡើង៕
ចែករំលែកព័តមាននេះ