ខេត្តកោះកុង ៖ រថយន្តវីហ្គោពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2L-5273 បានបោះពួយទៅបុកចំផ្ទះប្រជាពលរដ្ឋមួយខ្នងយ៉ាងពេញទំហឹងកាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺ នៅថ្ងៃទី១៨ សីហា ឆ្នាំ២០១១ និងបណ្តាលឱ្យតួផ្ទះទាំងមូលដាច់ជើងសសរអស់រួចបាក់សង្កត់លើរថយន្ត ព្រមទាំងបណ្តាលឱ្យក្រុមគ្រួសារជាម្ចាស់ផ្ទះរងរបួសស្រាលចំនួន៣នាក់ និងរបួសធ្ងន់ចំនួនម្នាក់ ចំណែកអ្នកបើកបររងរបួសធ្ងន់ធ្ងរពេលនេះអ្នករងរបួសក្រុមគ្រួសារម្ចាស់ផ្ទះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ចំណែកអ្នកបើកបរត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យទៅកាន់រាជធានីភ្នំពេញ នៅវេលាព្រឹកឡើង ។
តាមលោកវរសេនីយ៍ត្រី អ៊ុក សុខា នាយការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះកើតឡើងនៅចំណុចភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង តាមបណ្តោយផ្លូវជាតិលេខ៤៨ ស្ថិតនៅចម្ងាយប្រមាណ៧គីឡូម៉ែត្រពីទីរួមខេត្ត ដែលបណ្តាលមកពីអ្នកបើកបរមានភាពស្រវឹងជោកជាំ ។ លោកអ៊ុក សុខា បានបញ្ជាក់ទៀតថា រថយន្តវីហ្គោខាងលើជារបស់ក្រុមហ៊ុនចិន ដែលកំពុងសាងសង់វារីអគ្គិសនីតាតៃត្រូវបានបើកបរដោយឈ្មោះឃុន វិញាណ ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅស្រុកពាមរក៍ ខេត្តព្រៃវែង មុខរបរអ្នកបើកបរ ហើយនៅយប់កើតហេតុអ្នកបើកបររូបនេះបានទៅផឹកស៊ីនៅក្នុងទីរួមខេត្ត តាំងពីព្រលប់ លុះដល់ម៉ោងខាងលើ ទើបវិលត្រឡប់ទៅការដ្ឋានវារីអគ្គិសនីវិញ ហើយពេលទៅដល់ចំណុចកើតហេតុក៏ជួបនឹងផ្លូវបែកចូលផ្ទះប្រជាពលរដ្ឋ តែដោយអ្នកបើកបរស្រវឹងខ្លាំង និងស្មានថា ជាផ្លូវជាតិក៏បើកចូលបុកផ្ទះប្រជាពលរដ្ឋយ៉ាងពេញទំហឹង បណ្តាលឱ្យម្ចាស់ផ្ទះរងរបួសចំនួន៤នាក់ គឺ១-ឈ្មោះម៉េង ឡុង ភេទប្រុស អាយុ២៤ឆ្នាំ រងរបួសធ្ងន់ ២-ឈ្មោះរស់ ចេង ភេទស្រី អាយុ៥៦ឆ្នាំ ៣-ឈ្មោះផល្លី ថារិន ភេទប្រុស អាយុ១០ឆ្នាំ និង៤-ឈ្មោះអ៊ុន ផល្លី ភេទប្រុស អាយុ៤៩ឆ្នាំ ទាំង៣នាក់រងរបួសស្រាល ពួកគាត់ទាំងអស់គ្នាមានមុខរបរជាកម្មករវាយថ្ម និងចាំចម្ការ ។ លោកអ៊ុក សុខា បានបញ្ជាក់ទៀតថា ក្រៅពីការរងរបួសមនុស្សក៏នៅបណ្តាលឱ្យខ្ទេចកន្ទុយម៉ូតូអស់មួយគ្រឿង និងងាប់មាន់ទាដែលចិញ្ចឹមនៅក្រោមផ្ទះអស់ជាច្រើនក្បាលទៀត ចំណែកផ្ទះត្រូវខូចខាតទាំងស្រុង ហើយពេលនេះរថយន្តបង្កគ្រោះថ្នាក់ខាងលើត្រូវបានស្ទូចមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការដោះស្រាយ៕
ចែករំលែកព័តមាននេះ