រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំេពញ 2D-5505 ត្រូវតៃកុងបើកបុកដើមលឿងរាជ នៅអមសួនច្បារវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលឱ្យខ្ទេចមុខ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ សីហា ឆ្នាំ២០១១។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលឱ្យបុរសម្នាក់ជិះក្នុងរថយន្តបានរងរបួសធ្ងន់ និងអ្នករួមដំណើរបីនាក់ទៀតក្នុងនោះស្រីពីរនាក់បានរងរបួសស្រាលត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនទាំងអស់គ្នា។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តខាងលើបើកបរធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅពីលិចទៅកើត លុះមកដល់សួនច្បារខាងកើតវិមានឯករាជ្យក៏រេចង្កូតជ្រុលទៅបុកដើមលឿងរាជ ដែលដាំលំអតាមសួនច្បារបណ្តាលឱ្យក្រពិតក្បាលរថយន្តបើកបរលែងទៅមុខ។ ប្រភពព័ត៌មានដដែលបានបន្តថា មុនពេលកើតហេតុមនុស្សជិះក្នុងរថយន្ត ដែលគេអះអាងថា ទើបចេញពីផឹកស៊ីនៅកន្លែងកម្សាន្តណាមួយរួចពុំដឹងថា ពួកគេនាំគ្នាបន្តដំណើរទៅទីណាទៀតទេ។
ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌចំការមន សហការជាមួយនគរបាលការិយាល័យចរាចរណ៍ផ្លូវគោករាជធានីចុះវាស់វែងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅករិយាល័យជំនាញ ដើម្បីចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ