ខេត្តព្រៃវែង ៖ នារីម្នាក់បានចោទប្រកាន់ទៅលើម្ចាស់ហាងខារា៉អូខេជំនោរមេគង្គថា បានវាយច្របាច់.កផង និងខ្វាចដោយក្រចកទៅលើផ្ទៃមុខរបស់នាងផង បណ្តាលឱ្យរងរបួសនៅលើផ្ទៃមុខទាំងសងខាង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី ១៤ សីហា នៅក្នុងហាងខារ៉ាអូខេជំនោរមេគង្គស្ថិតនៅក្នុងភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍។ នារីរងគ្រោះឈ្មោះលីឡា អាយុ២០ឆ្នាំ ធ្វើការនៅហាងខារ៉ាអូខេខាងលើ និងមានទីលំនៅភូមិបាក់ព្រីង ឃុំបឹងដោល ស្រុកព្រះស្តេច។
នារីរងគ្រោះដែលអះអាងថាខ្លួនត្រូវម្ចាស់ហាងខារ៉ាអូខេជំនោរមេគង្គវាយឱ្យរបួសនោះបានរៀបរាប់ប្រាប់កោះសន្តិភាពថា ដោយជីវភាពក្នុងគ្រួសារជួបការលំបាក នាងបានសម្រេចចិត្តសុំឪពុកមកធ្វើការនៅហាងខារ៉ាអូខេជំនោរមេគង្គនេះ ដោយទទួលបានប្រាក់ខែ២៥ដុល្លារក្នុងមួយខែ ។ នាងបានធ្វើការនៅទីនោះអស់រយៈពេល២ខែហើយពុំដែលមានបញ្ហាអ្វីកើតឡើងទេ ទើបតែនៅយប់ថ្ងៃទី១៤ សីហា វេលាម៉ោង៩និង១០នាទី ក៏ស្រាប់តែមានរឿងកើតឡើងរវាងនាង និងថៅកែស្រីដោយសារតែថៅកែស្រីជេរប្រមាថនាងដោយគ្មានហេតុផលទើបនាងតមាត់វិញ ។ ពេលនោះថៅកែស្រីបានស្ទុះមកចាប់បោចសក់នាងវក់វី ហើយនាងក៏បានតបតទៅវិញ តែត្រូវថៅកែស្រីច្របាច់កជាប់ និងយកដៃខ្វាចមុខបណ្តាលឱ្យរងរបួសផ្ទៃមុខទាំងសងខាង ។ ពេលនោះមិត្តភក្តិរបស់នាងមិនហ៊ានចូលជួយទេ មានតែប្អូនស្រីរបស់នាងឈ្មោះលី លក្ខណ៍ ចូលមកជួយឃាត់ ទើបនាងរួចផុតពីក្រញាំដៃថៅកែស្រី។
នារីរងគ្រោះបានបញ្ជាក់ថា មូលហេតុដែលថៅកែស្រីរករឿងជេរប្រមាថ ព្រមទាំងវាយមកលើរូបនាងដោយសារការយល់ច្រឡំថា នាងជាអ្នកនិយាយអេចអូចពីមួយទៅមួយធ្វើឱ្យមានបញ្ហានៅក្នុងហាង តែផ្ទុយទៅវិញនាងមិនបាននិយាយអ្វីទាំងអស់។ ឥឡូវនេះនាងកើតទុក្ខមិនសុខចិត្ត ទើបបានទៅដាក់ពាក្យប្តឹងនៅការិយាល័យប្រជាពលរដ្ឋក្នុងការិយាល័យច្រកចេញចូលតែមួយ ស្រុកពាមរក៍ កាលពីព្រឹកថ្ងៃទី១៥ សីហា ប៉ុន្តែពុំទាន់ដឹងលទ្ធផលនៅឡើយទេ ។
រីឯលោករ័ត្ន ជាម្ចាស់ហាងខារ៉ាអូខេជំនោរមេគង្គវិញបានទទួលស្គាល់ថា ពិតជាមានរឿងរា៉វយា៉ងដូច្នេះកើតឡើងមែន រវាងប្រពន្ធរបស់លោក និងកូនចៅ ។ ហើយរឿងនេះកើតឡើងពីឈ្មោះលីឡា ដែលជាអ្នកដើមហេតុ ខណៈខ្លួនជាកូនចៅហ៊ានមើលងាយថៅកែឯង។ លោកបានចោទប្រកាន់ទៅលើនារីរងគ្រោះថា តាំងពីមកធ្វើការកន្លែងលោកបង្កបញ្ហាជាប់ជានិច្ច ដូចជាការនិយាយរចេចរចូចឱ្យមានការឈ្លោះគ្នា ឈ្លោះគ្នាហើយយកផ្ទះរបស់លោកបន្ធូរកំហឹង ដើរវាយផូងផាំង ទើបប្រពន្ធរបស់លោកទ្រាំមិនបានក៏កើតមានបញ្ហាបែបនេះទៅ៕
ចែករំលែកព័តមាននេះ