រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្រសួងមហាផ្ទៃនារសៀលថ្ងៃទី១៨ សីហា បានអំពាវនាវដល់សហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី សូមឱ្យជួយត្រួតពិនិត្យលើបំណែកយន្តហោះស៊ើបការណ៍គ្មានមនុស្សបើកបរដែលផ្ទុះធ្លាក់ដែលអាចជាយន្តហោះរបស់ក្រុមភេរវកម្ម ព្រោះថាភាគីថៃបានបដិសេធហើយថា មិនមែនជាយន្តហោះស៊ើបការណ៍របស់ខ្លួនទេ ។
ការអំពាវនាវនេះក៏ស្របពេលគ្នាដែលក្រសួងការពារជាតិបានចេញសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៨ សីហា ពីឧបទ្ទវហេតុធ្លាក់យន្តហោះស៊ើបការណ៍គ្មានមនុស្សបើកបរថា កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១១ បន្ទាប់ពីមានសូរសំឡេងផ្ទុះផ្ទួនៗគ្នាយ៉ាងខ្លាំងនៅលើអាកាសស្ថិតក្នុងភូមិសាស្ត្រស្រុកគូលែន ខេត្តព្រះវិហារ សមត្ថកិច្ចចម្រុះរបស់ក្រសួងការពារជាតិ បានទៅពិនិត្យផ្ទាល់កន្លែង និងបានរកឃើញបំណែកយន្តហោះស៊ើបការណ៍គ្មានមនុស្សបើកបរចំនួនសរុបជាង៣០បំណែក នៅរាយប៉ាយលើតំបន់ដែលស្ថិតនៅចម្ងាយប្រមាណ៦៤គីឡូម៉ែត្រ ពីតំបន់គ្មានកងទ័ពបណ្តោះអាសន្ន នៅតំបន់ប្រាសាទព្រះវិហារ ដែលកំណត់ដោយតុលាការយុត្តិធម៌អន្តរជាតិ ។
សេចក្តីថ្លែងការណ៍ដដែលបានបន្តថា ដោយរដ្ឋាភិបាលថៃបានបដិសេធថា ខ្លួនពុំបានប្រើប្រាស់យន្តហោះគ្មានអ្នកបើកបរនេះទេ ក្រសួងការពារជាតិកម្ពុជាសន្និដ្ឋានថា ឧបទ្ទវហេតុធ្លាក់យន្តហោះស៊ើបការណ៍គ្មានមនុស្សបើកខាងលើនេះ ជាសកម្មភាពរបស់ក្រុមភេរវកម្មណាមួយ ដែលសាកល្បងប្រើប្រាស់យន្តហោះស៊ើបការណ៍គ្មានអ្នកបើកបរនេះ ដើម្បីប្រព្រឹត្តអំពើភេរវកម្មនៅកម្ពុជានាពេលអនាគត ។
ក្រសួងការពារជាតិសូមអំពាវនាវសុំឱ្យមានកិច្ចសហការពីបណ្តាប្រទេសជាមិត្តដើម្បីស៊ើបអង្កេតឱ្យបានហ្មត់ចត់បំផុតអំពីឧបទ្ទវហេតុនេះ ដើម្បីទប់ស្កាត់អំពើចារកម្ម ដែលមានគោលបំណងបម្រើសកម្មភាពភេរវកម្មក្នុងប្រទេសកម្ពុជា និងនៅទីកន្លែងដទៃទៀត ។
គួររំលឹកថា លោកឧត្តមសេនីយ៍យុទ្ធសក្តិ ស៊ីប្រាផា រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃ បានថ្លែងពីករណីសង្ស័យមួយទៅលើយន្តហោះស៊ើបការណ៍ដែលគ្មានអ្នកបើកបរបានធ្លាក់ឆ្ងាយពីព្រំដែនចូលជ្រៅមកក្នុងទឹកដីកម្ពុជា ដែលខ្លះបានសង្ស័យថា អាចជាយន្តហោះស៊ើបការណ៍របស់ថៃនោះ លោកបានបដិសេធថា រឿងខាងលើមិនមែនជាការពិតឡើយ។លោកបញ្ជាក់ថា ប្រទេសថៃគ្មានការប្រើប្រាស់យន្តហោះស៊ើបការណ៍ទេ និងកន្លងមកកងទ័ពភូមិភាគទី២ ក៏បានបញ្ជាក់ និងបដិសេធរួចរាល់ហើយថា យន្តហោះខាងលើគ្មានប្រើប្រាស់ក្នុងប្រទេសថៃឡើយ។
ឧបទ្ទវហេតុគួរឱ្យភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៦ សីហា នៅលើភូមិសាស្ត្រនៃទឹកដីស្រុកគូលែន ខេត្តព្រះវិហារ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឮសំឡេងផ្ទុះលើអាកាសញ័រកក្រើកដូចផ្គរលាន់ផ្ទួនៗគ្នា។
ក្រោយហេតុការណ៍នោះប្រហែល១០នាទីទើបបានដឹងព័ត៌មានពីប្រជាពលរដ្ឋថា គឺជាសំឡេងផ្ទុះនៅលើមេឃ ហើយបំណែកជាលោហធាតុជាច្រើនផ្ទាំងបានធ្លាក់មករាយប៉ាយក្នុងភូមិសាស្ត្រស្រុកគូលែន។
បំណែកទាំងនោះធ្លាក់ជាបន្តបន្ទាប់ស្រោចនៅក្នុងភូមិ និងក្រៅភូមិគូលែនត្បូង និងគូលែនជើងដោយខ្លះធ្លាក់នៅលើវាលស្រែ និងខ្លះធ្លាក់លើភូមិអ្នកស្រុកក្នុងភូមិសាស្ត្រឃុំ២ឆ្ងាយពីគ្នាមានចម្ងាយពី៥ទៅ៦គីឡូម៉ែត្រ និងខ្លះ១០គីឡូម៉ែត្រ។
សមត្ថកិច្ចបានប្រមូលបំណែកដែលធ្លាក់ចាប់ពីម៉ោងកើតហេតុដល់ម៉ោង១រសៀលបានទាំងតូចទាំងធំដែលគេសន្និដ្ឋានអាចជាបំណែកយន្តហោះគ្មានមនុស្សបើកសរុបចំនួន៣៤បំណែក ក្នុងនោះមានប្រអប់មួយទំហំ២០សង្ទីម៉ែត្រ៤ជ្រុង មានខ្សែភ្លើង និងអ៊ីសេរជាច្រើន។ បំណែកដែលសន្និដ្ឋានថា ជាតួយន្តហោះផ្ទុះបែកជាបន្ទះៗមានកម្រាស់៧លី ខ្លះមានទំហំ១ម៉ែត្រ ៤ជ្រុង ខ្លះ៥តឹក ប្រវែងជាង៣ម៉ែត្រ និងមានដុំដែកមូលប្រវែងជាង១ម៉ែត្រ ចំនួន២ដើម
ប្រអប់អាគុយស្ងួតមួយ។
បំណែកយន្តហោះដែលសមត្ថកិច្ចប្រមូលបានទាំងអស់នោះ ត្រូវធ្វើកំណត់ហេតុរួមមួយប្រគល់ទៅឱ្យក្រុមការងារនៃអាជ្ញាធរត្រួតពិនិត្យបទឈប់បាញ់ក្នុងតំបន់ប្រាសាទព្រះវិហារ ។
សូមរំលឹកថា ហេតុការណ៍ដែលឮសូរស្នូរដូចផ្គរលាន់នៅលើផ្ទៃមេឃក្នុងកម្ពស់ដ៏ខ្ពស់ ហើយមានបំណែកធ្លាក់មកដូចគ្នានេះធ្លាប់កើតមានម្តងរួចមកហើយកាលពីខែសីហា ឆ្នាំ២០០៦ បន្ទាប់ពីមានស្នូរផ្ទុះលើអាកាសក្បែរប្រាសាទព្រះវិហារនៅវេលាម៉ោងប្រហែល៨ព្រឹក ។ បន្ទាប់មកសមត្ថកិច្ចបានរកឃើញបំណែកយន្តហោះធ្លាក់នៅក្នុងភូមិតាមី ឃុំកន្ទួត ស្រុកជាំក្សាន្ត ដែលពេលនោះតាមព័ត៌មានពីប្រទេសថៃឱ្យដឹងថា ក៏មានបំណែកយន្តហោះធ្លាក់ក្នុងខេត្តស៊ីសាកេតផងដែរ។ ហេតុការណ៍ពេលនោះមិនមានការប្រកាសឱ្យដឹងថា ជាបំណែកយន្តហោះ ឬជាអ្វីទេ ហើយក៏ស្ងាត់រហូតមក។
ជុំវិញហេតុការណ៍ដែលលាន់ឮខ្ទរដីនៅលើអាកាស ហើយមានបំណែកយន្តហោះធ្លាក់ទាំងព្រលឹមនៅលើលំនៅឋាន តាមវាលស្រែក្នុងឃុំទាំង២របស់ស្រុកគូលែននាព្រឹកថ្ងៃទី១៦ ខែសីហា នេះមិនមានប្រជាពលរដ្ឋណាម្នាក់ ឬសត្វពាហនៈទទួលរងគ្រោះ ឬរងរបួសឡើយ។ អាជ្ញាធរខេត្តកំពុងចាត់ឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវបន្ថែម ព្រោះបំណែកយន្តហោះដែលធ្លាក់នេះអាចសន្និដ្ឋានបានថា នៅមិនទាន់រកឃើញឆ្អឹងនៃតួខ្លួន និងម៉ាសីុននៅឡើយទេ ។ សមត្ថកិច្ចបានហាមប្រាមប្រជាពលរដ្ឋនៅក្នុងតំបន់នោះ បើទោះជាបានឃើញបំណែកយន្តហោះធ្លាក់នៅក្នុងភូមិ ឬធ្លាក់នៅក្នុងព្រៃក្តីសូមកុំប៉ះពាល់ ហើយរាយការណ៍ឱ្យសមត្ថកិច្ចក្នុងមូលដ្ឋានបានដឹង ដើម្បីចាត់ការប្រមូលយកទៅរក្សាទុក ៕
ចែករំលែកព័តមាននេះ