រាជធានីភ្នំពេញ ៖ ដោយរដ្ឋាភិបាលថៃបានបដិសេធថា ខ្លួនពុំបានប្រើប្រាស់យន្តហោះគ្មានអ្នកបើកបរនេះទេ ក្រសួូងការពារជាតិកម្ពុជាសន្និដ្ឋានថា ឧបទ្ទវហេតុធ្លាក់យន្តហោះស៊ើបការណ៍គ្មានមនុស្សបើកខាងលើនេះ ជាសកម្មភាពរបស់ក្រុមភេរវកម្មណាមួយ ដែលសាកល្បងប្រើប្រាស់យន្តហោះស៊ើបការណ៍គ្មានមនុស្សបើកបរនេះ ដើម្បីប្រព្រឹត្តអំពើភេរវកម្មនៅកម្ពុជា នាពេលអនាគត។
ក្រសួងការពារជាតិសូមធ្វើការអំពាវនាវសុំឱ្យមានកិច្ចសហការពីបណ្តាប្រទេសជាមិត្តដើម្បីធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់បំផុតអំពី ឧបទ្ទវហេតុនេះ ដើម្បីទប់ស្កាត់អំពើចារកម្ម ដែលមានគោលបំណងបម្រើសកម្មភាពភេរវកម្មក្នុងប្រទេសកម្ពុជា និងនៅទីកន្លែងដទៃទៀត។
កាលពីព្រឹកថ្ងៃទី១៦ សីហា ២០១១ បន្ទាប់ពីស្នូរសំឡេងផ្ទុះផ្ទួនៗគ្នាយ៉ាងខ្លាំងនៅលើអាកាស ស្ថិតក្នុងភូមិសាស្ត្រស្រុកគូលែន ខេត្តព្រះវិហារ សមត្ថកិច្ចចម្រុះរបស់ក្រសួងការពារជាតិបានចុះទៅពិនិត្យផ្ទាល់កន្លែង និងបានរកឃើញបំណែកយន្តហោះស៊ើបការណ៍គ្មានមនុស្សបើកបរ ចំនួនសរុបជាង៣០បំណែក នៅរាយប៉ាយលើតំបន់ដែលស្ថិតនៅចម្ងាយប្រមាណ៦៤គីឡូម៉ែត្រ ពីតំបន់គ្មានកងទ័ពបណ្តោះអាសន្ននៅតំបន់ប្រាសាទព្រះវិហារដែលកំណត់ដោយតុលាការយុត្តិធម៌អន្តរជាតិ៕
ចែករំលែកព័តមាននេះ