ខេត្តកំពង់ចាម ៖ គំនរកម្ទេចកម្ទីឈើគ្រញូងគរដូចភ្នំ ដែលបន្សល់ទុកក្រោយពីអារច្រៀកកែច្នៃនៅក្នុងបរិវេណលំនៅឋានរបស់ឈ្មួញឈើដ៏ល្បីម្នាក់ ឈ្មោះថេង ម៉េងហ៊ាង ហៅទូច ភេទប្រុស រស់នៅភូមិថ្នល់បែកខាងកើត ឃុំស្វាយទាប ស្រុកចំការលើ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះអនុវត្តឆែកឆេរតាមដីកា ដែលចេញដោយលោករៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីវេលាម៉ោង៣និង៣៩នាទីរសៀលថ្ងៃទី១៧ សីហា ២០១១។ ដោយរឹបអូសបានឈើក្រាក់ គ្រញូង និងឈើប្រណីតផ្សេងៗទៀតជាច្រើនតោន ចំណែកឈ្មួញឈើនេះហាក់បីដូចជាបានដឹងខ្លួនមុនក៏រត់គេចខ្លួនបាត់ស្រមោលតែម្តង។
តាមលោកកែវ កាឌីធី នាយផ្នែករដ្ឋបាលព្រៃឈើត្រើយស្តាំ មានប្រសាសន៍ឱ្យដឹងថា ប្រតិបត្តិការនេះបានរុករកឃើញឈើគ្រញូងលាក់ទុកនៅក្នុងបាសាំងទឹក (មិនមានដាក់ទឹកនោះទេ) និងខ្លះទៀតនៅខាងក្រោយ ផ្ទះដែលមានព្រំជាប់គ្នាពុំមានមនុស្សស្នាក់នៅ។ ដោយឡែកនៅក្រោមផ្ទះឈើរបស់ឈ្មោះទូច ត្រូវរកឃើញឈើប្រណីតប្រភេទធ្នង់រាប់សិបសន្លឹកដែលមានឈ្មោះឈឿន ឌីឡា ភេទប្រុស អាយុ២៧ឆ្នាំ អ្នកនៅមើលចាំផ្ទះឱ្យ។ ក្រៅពីនេះសមត្ថកិច្ចរកឃើញម៉ាស៊ីនច្រៀកអារឈើ២គ្រឿង ។
ដោយឡែកនៅព្រឹកថ្ងៃទី១៨ សីហា កម្លាំងសមត្ថកិច្ចចម្រុះបានចេញប្រតិបត្តិការបង្រ្កាបផ្ទះស្តុកឈើគ្រញូង១កន្លែងទៀតស្ថិតនៅភូមិស្វាយក្រហមគែ សង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅផ្ទះរបស់ឈ្មោះ យ៉េង ចាន់ហាច ភេទស្រី អាយុ៥៦ឆ្នាំ ដោយរឹបអូសបានឈើគ្រញូងចំនួន២៦៩ដុំ ស្មើ១.៣៣១គីឡូក្រាម ជារបស់ឈ្មួញឈ្មោះហេង ៕
ចែករំលែកព័តមាននេះ