ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​​ដឹក​ជញ្ជូន​​ដោយ​រថ​យន្ត​ធុន​ធំ​​បំផ្លាញ​ផ្លូវ​ និង​បរិស្ថាន​​នៅ​ប៉ោយ​ប៉ែត​

13 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ រថ​យន្ត​ធុន​ធំ​ដឹក​ដី​ខ្សាច់​ ឥដ្ឋ​ ហ្គា​ស​ និង​ថ្ម​នៅ​តែ​បន្ត​បំផ្លាញ​ផ្លូវ​​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​​ បើ​ទោះ​ជាមួយ​​រយៈ​នេះ​គេ​សង្កេត​ឃើញ​​អាជ្ញា​ធរ​សង្កាត់​ និង​ក្រុង​​ប្រើ​ធម៌​ក្តៅ​ចាប់​ផាក​ពិន័យ​ទៅ​លើ​រថ​យន្ត​​ធំ​ទាំង​ឡាយ​ណា​ ដែល​ដឹក​បំផ្លាញ​ផ្លូវ​ក្តី​។ ជាក់​ស្តែង​នៅ​ចំណុច​កែង​បត់​នៃ​ផ្លូវ​បំបែក​ជាបួន​ក្នុង​ភូមិ​បា​លិ​លេយ្យ​ ១ សង្កាត់

ក្រុង​ប៉ោយ​ប៉ែត​ ៖ រថ​យន្ត​ធុន​ធំ​ដឹក​ដី​ខ្សាច់​ ឥដ្ឋ​ ហ្គា​ស​ និង​ថ្ម​នៅ​តែ​បន្ត​បំផ្លាញ​ផ្លូវ​​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​​ បើ​ទោះ​ជាមួយ​​រយៈ​នេះ​គេ​សង្កេត​ឃើញ​​អាជ្ញា​ធរ​សង្កាត់​ និង​ក្រុង​​ប្រើ​ធម៌​ក្តៅ​ចាប់​ផាក​ពិន័យ​ទៅ​លើ​រថ​យន្ត​​ធំ​ទាំង​ឡាយ​ណា​ដែល​ដឹក​បំផ្លាញ​ផ្លូវ​ក្តី​។

ជាក់​ស្តែង​នៅ​ចំណុច​កែង​បត់​នៃ​ផ្លូវ​បំបែក​ជាបួន​ក្នុង​ភូមិ​បា​លិ​លេយ្យ​១ សង្កាត់​ប៉ោយ​ប៉ែត​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ សីហា ២០១១ ​គេ​ឃើញ​រថ​យន្ត​ធំម៉ាក​ហ្វ៊ុយ​សូ​ដឹក​ឥដ្ឋ​មួយ​គ្រឿង​​ជាប់​ផុង​បង្ក​ឱ្យ​អ្នក​ស្រុក​ពិបាក​​ក្នុងការ​ធ្វើ​ដំណើរ​។ ទោះ​បី​ជា​បែប​ណា​ក្តី​ ការ​ជាប់​ផុង​រថ​យន្ត​​បែប​នេះ​វា​មិន​មែន​ទើប​តែ​លើក​នេះ​​ទេ គឺ​កើត​មាន​ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​ក្រុម​ឈ្មួញ​ហាក់​ដូច​ជា​​មិន​​រាង​ចាល​ចំពោះ​​វិធាន​ការ​​របស់​អាជ្ញា​ធរ​​សង្កាត់ និង​ក្រុង​​ឡើយ។

បើ​តាម​ការ​ឱ្យ​ដឹង​​ពី​លោក​ឃុយ​ ហ៊ាង​  មេ​ភូមិ​បាលិ​លេយ្យ​​១ក៏​ដូច​ជា​មេ​ភូមិ​​ផ្សេង​ៗ​ប្រាប់​ថា ពួក​គាត់​ពិបាក​​ក្នុង​ការ​ចាត់​ការ​​លើ​​ម្ចាស់​រថ​យន្ត​ ឬ​ឈ្មួញ​ខ្លាំង​​ណាស់​ ព្រោះ​ក្រោយ​ពី​ពួក​លោក​សួរ និង​ប្រាប់​ពី​ហេតុ​ផល​ គឺ​ក្រុម​អ្នក​បើក​បរ​​ ឬឈ្មួញ​តែង​តែ​ទូរ​ស័ព្ទ​ពឹង​លោក​​នេះ លោក​នោះ​ឱ្យ​មក​ជួយ​​អន្តរា​គមន៍​។

លោក​ឃុយ ហ៊ាង បន្ត​ថា មក​ទល់​ពេល​នេះ​លោកស្ទើរ​​តែ​​លែង​ចង់​ហ៊ាន​ទៅ​​សួរ​នាំ​អ្នក​​បើក​បរ​​ ឬ​ឈ្មួញ​ដែល​ដឹក​ធ្ងន់ៗ​​បំផ្លាញ​​ផ្លូវ​ទាំង​នោះ​ទៀត​ហើយ​។
ក្នុង​ទិដ្ឋ​ភាព​ស្រដៀង​គ្នា​នេះ​ដែរក៏​មាន​ការ​រិះ​គន់​ពី​គ្រប់​មជ្ឈ​ដ្ឋាន​ថា ការ​ដឹក​ខ្សាច់​មិន​គ្រប​ឱ្យបាន​ត្រឹម​ត្រូវ​​នៅ​លើ​ផ្លូវ​ជាតិ​​​ជា​កត្តា​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ទៅ​លើ​អ្នក​ធ្វើ​ដំណើរ​ ហើយ​ថែម​ទាំង​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ដល់​បរិស្ថាន​ទៀតផង​​។ បច្ចុប្បន្ន​​គេ​សង្កេត​ឃើញ​រថ​យន្ត​តូច​ធំ​មួយ​ចំនួន​ដែល​រកស៊ីដឹក​ខ្សាច់​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​ មក​ពីខេត្ត​
ផ្សេងៗ​​ឆ្ពោះ​យក​ទៅ​លក់​បន្ត​​ឱ្យ​តាម​ដេប៉ូ​នៅ​ក្រុង​ប៉ោយ​ប៉ែត​ពុំ​បាន​គ្រប​ឱ្យ​បាន​ត្រឹម​ត្រូវ​ទេ​ ហើយ​បង្ក​ឱ្យ​មាន​ការ​ហុយ​ទ្រលោម​​លើ​ផ្លូវ​ជាតិ​​ ឬ​ប៉ះ​ពាល់​ទាំង​អ្នក​ធ្វើ​ដំណើរ​ និង​បរិ​ស្ថាន​ទៀត​ផង​ដែល​បញ្ហា​នេះ​​គេ​ឃើញ​កើត​មាន​ជា​រឿយៗ​តាំង​ពី​យូរ​​មក​ហើយ។

ក្រុម​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ជាតិ​​បាន​រអ៊ូរ​ទាំ​ថា នៅ​ពេល​​មាន​រថ​យន្ត​ធំៗ​ដឹក​​ខ្សាច់​បើក​ម្តងៗ​​ធ្វើ​ឱ្យ​ពួក​គាត់​ពិបាក​ធ្វើ​ដំណើរ​ជា​ខ្លាំង ​រហូត​អ្នក​ខ្លះ​ សុខចិត្ត​ឈប់​ម៉ូតូ​សិន​ក៏​មាន​ដែរ​​ ព្រោះ​តែ​ខ្សាច់​លើ​រថ​យន្ត​ទាំង​នោះ​ហុយ​ចូល​ទាំង​ភ្នែក​និង​ច្រមុះធ្វើ​ឱ្យ​​ប៉ះ​ពាល់​ដល់​ផ្លូវ​ដង្ហើ​​ម​ ពិសេស​ខ្លាច​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​មាន​ជា​យថាហេតុ​។
តាម​ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា ក្រុម​រថ​យន្ត​ដឹក​ខ្សាច់​មិន​បាន​​គ្រប​ទាំង​នេះ​ភាគ​ច្រើន​គឺ​ដឹក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​មួយ​ចំនួន​តូច​ដឹក​មក​ពី​ខេត្ត​ផ្សេងៗ។ អ្នក​ធ្វើ​ដំណើរ​​គ្រប់​គ្នា​បាន​អំពាវ​នាវ​ដល់​សមត្ថ​កិច្ច​​តាម​ដង​ផ្លូវ​សូម​ជួយចាត់វិធាន​​ការ​ទៅ​លើ​ក្រុម​រថ​យន្ត​ដែល​ធ្វើ​អាជីវ​កម្ម​ដឹក​ខ្សាច់​មិន​គ្រប​នេះ​ផង​ ៕