អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ បានមានប្រសាសន៍ថា មកដល់ព្រឹកថ្ងៃទី១៨ សីហា ២០១១ នេះ ការស្រាវជ្រាវពីការផ្ទុះធ្លាក់យន្តហោះគ្មានមនុស្សបើកកាលពីព្រឹកថ្ងៃទី១៦ សីហា នោះនៅមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ ។ ទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៨ សីហា នេះដែរថា ការស្រាវជ្រាវពីការផ្ទុះធ្លាក់យន្តហោះនេះនៅតែបន្តដើម្បីរកឱ្យឃើញថាតើវាចេញមកពីប្រភពណាពិតប្រាដក។
ពីប្រទេសថៃឯណោះវិញ រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃ លោកឧត្តមសេនីយ៍យុទ្ធសក្តិ សាស៊ីប្រាផា បានថ្លែងពីករណីសង្ស័យមួយទៅលើយន្តហោះស៊ើបការណ៍ ដែលគ្មានអ្នកបើកបរបានធ្លាក់ឆ្ងាយពីព្រំដែនប្រហែល២០គីឡូម៉ែត្រ ចូលជ្រៅមកក្នុងទឹកដីកម្ពុជា ដែលខ្លះបានសង្ស័យថា អាចជាយន្តហោះស៊ើបការណ៍របស់ថៃនោះ លោកបានបដិសេធថា រឿងខាងលើមិនមែនជាការពិតឡើយ។ លោកបញ្ជាក់ថា ប្រទេសថៃគ្មានការប្រើប្រាស់យន្តហោះស៊ើបការណ៍ទេ និងកន្លងមកកងទ័ពភូមិភាគទី២ ក៏បានបញ្ជាក់ និងបដិសេធរួចរាល់ហើយថា យន្តហោះខាងលើគ្មានប្រើប្រាស់ក្នុងប្រទេសថៃឡើយ។
រហូតមកដល់ថ្ងៃទី១៧ សីហា ២០១១ មិនទាន់មានប្រភព័ត៌មានណាមួយអះអាងថា បំណែកលោហៈដែលសង្ស័យនេះជាអ្វីនៅឡើយទេ ហើយមន្ត្រីជំនាញនានាក៏កំពុងតែធ្វើការត្រួតពិនិត្យ។ តាមប្រភពព័ត៌មានដដែលបានឱ្យដឹងថា រហូតមកដល់ថ្ងៃទី១៧ សីហា ២០១១ បំណែកថ្មីៗទៀតត្រូវបានរកឃើញ ។ ហេតុការណ៍ផ្ទុះលើមេឃហើយមានធ្លាក់បំណែកបន្ទះដែកជាច្រើនជាង៣០បន្ទះនៅភូមិសាស្ត្រស្រុកគូលែន ខេត្តព្រះវិហារ នោះបានធ្វើឱ្យលាន់កក្រើកនាវេលាព្រឹកព្រលឹមថ្ងៃទី១៦ សីហា ៕
ចែករំលែកព័តមាននេះ