ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រធាន​រដ្ឋ​បាល​ជល​ផល​​ប្រគល់​កូន​ត្រី​ជាង​6​មឺុនក្បាល​​ដល់​កង​ទ័ព​

13 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ​លោក​បណ្ឌិត​​ ណៅ ធួក ​ប្រតិភូ​រាជ​រដ្ឋា​ភិបាល​​ទទួល​បន្ទុក​ជា​ប្រធាន​​រដ្ឋ​បាល​ជល​ផល កាល​ពី​រសៀល​​ថ្ងៃទី​១៧ ​សីហា បាន​អញ្ជើញ​ជា​អធិបតី​ភាព​​ក្នុង​ពិធី​ប្រគល់​កូន​ត្រី​ជាង​៦​ម៉ឺន​​​ក្បាល​ ​ជូន​ដល់​កង​យោធ​​ពល​ខេមរ​ភូមិន្ទ​ ខេត្ត​កំពង់​ឆ្នាំង ។ ​ពិធី​នេះ​បាន​​ប្រព្រឹត្ត​​ទៅ​នៅ​ក្នុង​​ទី​បញ្ជា​ការ​តំបន់​​ប្រតិ​បត្តិ​ ការ​សឹក​រង​ខេត្ត

ខេត្តកំពង់ឆ្នាំង ៖ ​លោក​បណ្ឌិត​​ ណៅ ធួក ​ប្រតិភូ​រាជ​រដ្ឋា​ភិបាល​​ទទួល​បន្ទុក​ជា​ប្រធាន​​រដ្ឋ​បាល​ជល​ផល កាល​ពី​រសៀល​​ថ្ងៃទី​១៧ ​សីហា បាន​អញ្ជើញ​ជា​អធិបតី​ភាព​​ក្នុង​ពិធី​ប្រគល់​កូន​ត្រី​ជាង​៦​ម៉ឺន​​​ក្បាល​​ជូន​ដល់​កង​យោធ​​ពល​ខេមរ​ភូមិន្ទ​ ខេត្ត​កំពង់​ឆ្នាំង ។ ​ពិធី​នេះ​បាន​​ប្រព្រឹត្ត​​ទៅ​នៅ​ក្នុង​​ទី​បញ្ជា​ការ​តំបន់​​ប្រតិ​បត្តិ​ការ​សឹក​រង​ខេត្ត ដោយ​​មាន​ការ​អញ្ជើញ​ចូល​​រួម​ពី​លោក​ចេង ញ៉ាន់ ​អភិ​បាល​រង​ខេត្ត​ មន្ត្រី​រាជ​ការ និង​កង​​ទ័ព​នៃ​តំបន់​ប្រតិ​បត្តិ​ការ​សឹក​រង​ខេត្ត​ជា​ច្រើន​​រូប​ទៀត ។

លោក​ឈួរ ​ចាន់​ឌឿន ​មេ​បញ្ជា​ការ​​តំបន់​​ប្រតិ​បត្តិ​ការ​សឹក​រង​ខេត្ត​មាន​ប្រសាសន៍​ថា ​ថ្ងៃ​នេះ​​ជា​លើក​ទី​២​ហើយ​ដែល​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ខេត្ត​ទទួល​បាន​​នូវ​កូន​ត្រី​ពី​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ ហើយ​លើក​នេះ​ក៏ដូចជា​លើក​មុន​ដែរ ក្រោយ​ពី​ទទួល​បាន​នូវ​ពូជ​កូ​នត្រី​ទាំង​នេះ នឹង​ធ្វើ​ការ​បែង​ចែក​​ទៅ​តាម​បណ្តា​អង្គ​ភាព​យោធា​ស្រុក​ទាំង​៨ ​និង​ខេត្ត​ចំនួន​១ ដែល​គ្រប់​បណ្តា​អង្គ​​ភាព​ទាំង​អស់​បាន​ត្រៀម​ស្រះ និង​អាង​ចិញ្ចឹម​ជា​ស្រេច​តាម​ការ​ណែ​នាំរបស់​​ខណ្ឌ​រដ្ឋ​បាល​ជល​​ផល​កំពង់ឆ្នាំង ។

លោក​សេង ប៊ុន​ឈឿន ​នាយ​រង​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​បាន​លើក​ឡើង​ថា ​កូ​នត្រី​ដែល​​យក​មក​ប្រគល់​ជូន​កងទ័ព​​ចិញ្ចឹម​​នៅ​ថ្ងៃ​នេះ គឺ មាន​ជាង​៦​ម៉ឺន​ក្បាលជា​ពូជ​ត្រី​អណ្តែង​សុទ្ធ ដែល​មាន​តម្លៃ​ជាង​៦លាន​រៀល ។ ពូជ​កូន​​ត្រី​អណ្តែង​នេះ​ងាយ​ស្រួល​ចិញ្ចឹម​ និង​ឆាប់​​ធំធាត់​ដែល​មាន​ទំហំ​​ធំ​ដល់​ទៅ​២​គីឡូ​ក្រាម​ក្នុង​មួយ​ក្បាល ​បើ​យើង​ចិញ្ចឹម​បាន​ល្អ ។ ​លោក​ក៏បាន​លើក​ពី​ស្នាដៃ​ដែល​ខណ្ឌរដ្ឋ​បាល​ជល​​ផល​ខំ​ប្រឹង​​ប្រែង​បង្ក្រាប​​បទ​ល្មើស​​នេសាទ​កន្លង​មក ដោយ​ទទួល​​បាន​ស្នា​ដៃ​ល្អ​ផង​ដែរ ។

លោក​ចេង ​ញ៉ាន់ ​អភិ​បាល​រង​ខេត្ត​បាន​ថ្លែង​​កោត​សរសើរ​​ និង​អរគុណ​ដល់​ខណ្ឌ​រដ្ឋ​បាល​ជល​​ផល​ ដែល​បាន​ផ្តល់​កូន​ត្រី​ដល់​កង​​ទ័ព​​ជា​លើក​ទី​២​នេះ ដែល​​លើក​​ទី១ ជា​កូ​នត្រី​ចម្រុះ​​ និង​លើក​ទី​២ ជាកូន​​ត្រី​អណ្តែង​សុទ្ធ។ លោក​ក៏​បាន​​​លើក​ឡើង​ពី​​គោល​នយោ​បាយ​​ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព​ ថា ឃុំ​-សង្កាត់​ទូទាំង​​ខេត្ត​មាន​៦៩ ក្នុង​នោះ​​៥៩​អនុ​វត្ត​បាន​ល្អ ៩​ឃុំ​មាន​ការ​បង្ក្រាប​បទ​ល្មើស​​​​លើ​៨៥​ភាគ​រយ និង​១​ឃុំ​ក្រោម​៨៥​ភាគ​រយ ។

លោក​បណ្ឌិត ណៅ ធួក ប្រធាន​រដ្ឋ​បាល​ជល​ផល​​បាន​លើក​ឡើងថា កន្លង​មក​​រដ្ឋ​បាល​ជល​ផល​ធ្លាប់​បាន​​ប្រគល់​កូន​​ត្រីដល់​កង​ទ័ព​​សម​រ​ភូមិ​មុខ​ដែល​ពេល​នេះ​ខ្លះបាន​ហូប​បណ្តើរ​ហើយ​ ហើយ​​ពួក​គាត់​​ចូល​ចិត្ត​​ចិញ្ចឹម​កូន​ត្រី ដែល​បាន​ផ្តល់​​ជូនណាស់ ។ ​លោក​បាន​អំពាវ​នាវ​ដល់​គ្រប់​អង្គ​ភាព​ពេល​ត្រឡប់​​​​​ទៅ​វិញ សូម​ជួយ​ផ្សព្វ​ផ្សាយ​ឱ្យ​ភូមិ​-ឃុំ​ ស្រុក​យក​ចិត្ត​ទុក​ដាក់​​ជួយ​អភិ​​​រក្ស​តំបន់ ឬ​​ស្រះ​ចិញ្ចឹម​ត្រី​​គ្រប់​ទី​កន្លែង​ដើម្បី​ឱ្យ​ផល​ត្រី​មាន​កំណើន​ឡើង​វិញ ៕