ខេត្តកំពង់ឆ្នាំង ៖ ថវិកា៦លានរៀល និងអង្ករចំនួន១០០គីឡូក្រាមដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ចន្ទ័ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានគណកម្មាធិការសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជាត្រូវបានលោកង៉ាន ណានី ប្រធានមន្ទីរកសិកម្មខេត្តនាំយកទៅប្រគល់ជូនអ្នកស្រី អ៊ុន សំណាង ត្រូវជាភរិយាសព លោកតុំ ណាល់ មន្រ្តីការិយាល័យកសិកម្មស្រុកសាមគ្គីមានជ័យដែលលោកបានទទួលមរណៈភាពកាលពីថ្ងៃទី២៧ ខែមិថុនា កន្លងទៅដោយរួមដំណើរនិងចូលរួមក្នុងពិធីនោះមានមន្រ្តីកសិកម្មខេត្ត ស្រុក អជ្ញាធរភូមិ ឃុំ និងក្រុមគ្រួសារសពជាច្រើនរូបទៀតដែលពិធីប្រគល់នោះត្រូវធ្វើ ឡើងកាលពីថ្ងៃទី១២ ខែសីហា នៅលំឋានក្រុមគ្រួសារសពស្ថិតនៅភូមិខ្យាងខាងជើង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ។
លោក ង៉ាន ណានី ប្រធានមន្ទីរកសិកម្មខេត្តមានប្រសាសន៍ទៅកាន់ក្រុមគ្រួសារសពអតីតមន្រ្តីកសិកម្មស្រុកថា លោកសូមពាំនាំការសួរសុខទុក្ខរបស់លោកបណ្ឌិត រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលជានិច្ចកាលលោកបណ្ឌិតតែងតែយកចិត្តទុកដាក់ដល់ក្រុមគ្រួសារអតីតមន្រ្តីកសិកម្មទាំងអស់ដែលបានស្លាប់ មិនថាខេត្តឬស្រុកនោះទេគឺមន្ត្រីទូទាំងប្រទេស។ លោកប្រធានមន្ទីរក៏បានផ្តាំផ្ញើដល់ក្រុមគ្រួសារសពអតីតមន្ត្រីកសិកម្មនោះថា ថ្វីត្បិតតែថវិកានេះមិនច្រើនប៉ុន្មានក្តីក៏សូមទុក ដាក់និងចំណាយឱ្យបានសមស្របដែលជាការដោះទាល់មួយគ្រាៗផងដែរ ។
លោកស្រី អ៊ុន សំអាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិត រដ្ឋមន្រី្តកសិកម្មរុក្ខាប្រមាញ់និងនេសាទ ព្រមទាំងលោកប្រធានមន្ទីរដែលបាននាំយកប្រាក់មកឧប ត្ថម្ភដល់ក្រុមគ្រួសាររបស់លោកស្រីដែលកំពង់ ជួបកង្វះខាតនៅពេលនេះ និងសូមប្រសិទ្ឋពរជ័យដល់លោកបណ្ឌិតនិងក្រុមគ្រួសារ លោកប្រធានមន្ទីរ និងក្រុមគ្រួសារ សូមឱ្យជួបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ៕
ចែករំលែកព័តមាននេះ