រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ២០០៤ ហៅផ្លូវម៉ៃដា ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៧ សីហា ២០១១ បាននាំគ្នាតវ៉ាចំពោះក្រុមហ៊ុនរ៉ូដជេវី អ៊ីនវេសមេន ដែលបានយកសសរថ្ម និងម៉ូតូទៅបាំងផ្លូវសម្រាប់បត់ចូលគេហដ្ឋាន ពោលគឺក្រុមហ៊ុនមានបំណងចង់ឱ្យរថយន្តទៅបង់លុយរួចសិន ទើបអាចបត់ចូលគេហដ្ឋានបាន ។
តាមការឱ្យដឹងពីលោកស្រីយស់ ងួន មានទីលំនៅក្បែរបញ្ជរបង់ប្រាក់បាននិយាយតវ៉ាថា ពេលក្រុមគ្រួសាររបស់គាត់ធ្វើដំណើរតាមរថយន្ត ហើយមកដល់ចំណុចផ្លូវបត់ចូលផ្ទះម្តងៗត្រូវជួបការលំបាកខ្លាំងណាស់ ដោយសារតែក្រុមហ៊ុនខាងលើនេះបានយកសសរថ្ម និងម៉ូតូទៅដាក់បាំងចំផ្លូវបត់ ។ គាត់បន្តថា ពេលបត់រថយន្តម្តងៗត្រូវបានកងការពារកន្លែងបញ្ជរបង់ប្រាក់សម្លុតរកវាយ ដោយសារតែពួកគាត់សុំឱ្យយកម៉ូតូ ឬសសរថ្មចេញពីលើផ្លូវក្បែរកន្លែងបង់ប្រាក់នេះ ។ ហើយបើមិនបត់រថយន្តនៅចំណុចនេះទេ ពួកគាត់ត្រូវបើកបញ្ច្រាសទិសទើបអាចចូលគេហដ្ឋានបាន ប៉ុន្តែអាចបង្កគ្រោះថ្នាក់ចរាចរណ៍។
លោកលឹម ទ្រី មានទីលំនៅក្បែរកន្លែងបញ្ជរបង់ប្រាក់នោះដែរ បាននិយាយស្រដៀងគ្នានេះ ដែរថា ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ២០០៤ នេះមានការថ្នាំងថ្នាក់ចំពោះក្រុមហ៊ុនខាងលើ ដោយសារតែមិនមានការយោគយល់ចំពោះប្រជាពលរដ្ឋរស់នៅអមសងខាងដងផ្លូវនេះ ។
ផ្អែកតាមបណ្តឹងប្រជាពលរដ្ឋទៅអភិបាលខណ្ឌសែនសុខ អភិបាលរាជធានីភ្នំពេញ និងសម្តេចតេជោនាយករដ្ឋមន្ត្រីបានសរសេរក្នុងកម្មវត្ថុស្រដៀងៗគ្នាថា សុំប្តឹងក្រុមហ៊ុនខាងលើដែលបានទាមទារឱ្យប្រជាពលរដ្ឋបង់ប្រាក់ចេញចូលថ្លៃហួសប្រមាណ មិនអាចទទួលយកបាន ។ ប៉ុន្តែទោះបីជាយ៉ាងណា បណ្តឹងប្រជាពលរដ្ឋ និងមន្ត្រីរាជការរស់នៅអមសងខាងផ្លូវ២០០៤ ដែលបានធ្វើឡើងតាំងពីថ្ងៃទី១០ មករា ឆ្នាំ២០១១ បានស្ងាត់ឈឹងពុំឃើញមានការដោះស្រាយនៅឡើយ។ ចំពោះការចោទប្រកាន់នានាកោះសន្តិភាពមិនអាចស្វែងរកការបំភ្លឺបានទេ នារសៀលថ្ងៃដដែលនោះ ៕
ចែករំលែកព័តមាននេះ