ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី១៧ សីហា ២០១១ លោកសួស កាណាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូនខ្មែរអ៊ិស្លាមចំនួន២កន្លែងក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់ គឺទីមួយនៅសារ៉ាវឈ្មោះអាល់ ម៉ូយ៉ាហ៊ីឌីន ស្រែ ក្នុងស្ថិតក្នុងភូមិស្រែក្នុង ទីពីរសារ៉ាវឈ្មោះនោរុល អឹកសីត អូរជ្រៅស្ថិតក្នុងភូមិអូរជ្រៅ ដោយមានការទទួលរាក់ទាក់ពីសំណាក់លោកមេឃុំ មេភូមិប៉ូលិសប៉ុស្តិ៍រដ្ឋបាល និងបងប្អូនខ្មែរអ៊ិស្លាមជាច្រើននាក់។
នៅក្នុងឱកាសនោះ បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍សង្ខេបពីជីវភាព និងការរស់នៅរបស់បងប្អូនខ្មែរអ៊ិស្លាមពីសំណាក់លោកមេឃុំអូរជ្រៅរួចមក លោកសួស កាណាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ បានមានមតិសំណេះសំណាលថា បន្ទាប់ពីលោកមកដល់តំបន់នេះ លោកពិនិត្រ ឃើញថា តាមលំនៅឋានក៏ដូចជាជីវភាពរបស់បងប្អូនខ្មែរអ៊ិស្លាមមួយចំនួនធំមានការរីកចម្រើនច្រើន ដែលទាំងនេះសបញ្ជាក់ឱ្យឃើញថា មុខរបររកស៊ីទទួលទានប្រចាំថ្ងៃរបស់បងប្អូន មានរីកចម្រើន និងដំណើរការទៅបានយ៉ាងរលូន ទាំងនេះហើយដែលប្រមុខថ្នាក់ដឹកនាំ ប្រមុខរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីប្រាថ្នាចង់បាន ហើយម្យ៉ាងវិញទៀត ស្របតាមទិសដៅលុបបំពាត់ភាពក្រីក្រជូនប្រជាពលរដ្ឋ។
ទោះបីជាយ៉ាងណា លោកតំណាងរាស្ត្រក៏នៅផ្តល់ជាយោបល់ល្អៗជាច្រើនទៀតដល់បងប្អូនខ្មែរអ៊ិស្លាមទាំងអស់ ដើម្បីបង្កើនស្មារតីយកចិត្តទុកដាក់ឧស្សាហ៍ព្យាយាមបន្ថែមទៀតនូវរាល់គ្រប់មុខរបរស្របច្បាប់ដែលបច្ចុប្បន្នបងប្អូនបាននិងកំពុងតែអនុវត្ត ហើយកំពុងតែទទួលបានជោគជ័យ។
នៅក្នុងឱកាសនោះដែរ លោកតំណាងរាស្ត្រក៏បានពាំនាំអំណោយមួយចំនួនមានទឹកផ្លែឈើ ទឹកក្រូច នំធុង និងកាហ្វេ យកទៅចែកជូនបងប្អូនខ្មែរអ៊ិស្លាមទាំងនោះផងដែរ ៕
ចែករំលែកព័តមាននេះ