រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋជាជនជាតិភាគតិចប្រមាណ៧៥នាក់ មកពីខេត្តព្រះវិហារ ក្រចេះ កំពង់ធំ និងខេត្តស្ទឹងត្រែង បានមកជួបជុំគ្នាជាលើកទី២ នៅមុខព្រះបរមរាជវាំង កាលពីព្រឹកថ្ងៃទី១៨ សីហា ដើម្បីសុំជំនួយពីប្រមុខរាជរដ្ឋាភិបាលឱ្យជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឡង់។
បងប្អូនជនជាតិភាគតិចបាននិយាយថា កាលពីកំឡុងខែឧសភា ២០១១ ពួកគាត់បានមកជួបជុំគ្នានៅទីលានប្រជាធិបតេយ្យស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីដាក់ញត្តិជូនប្រមុខរាជរដ្ឋាភិបាលជួយអន្តរាគមន៍បញ្ឈប់ការកាប់បំផ្លាញព្រៃឡង់ពីសំណាក់ក្រុមហ៊ុនឯកជន ប៉ុន្តែអស់ពេលជិតបីខែកន្លងមកនេះ ពុំឃើញមានដំណោះស្រាយនោះទេ ទើបនៅថ្ងៃទី១៨ សីហា ២០១១ ពួកគាត់ជាជនជាតិភាគតិចមកពីខេត្ត៤ជាប់តំបន់ព្រៃឡង់ បានជួបជុំគ្នាជាថ្មីនៅមុខព្រះបរមរាជវាំង អុជធូបថ្វាយដល់ព្រះអង្គដងកើ និងសុំកិច្ចអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្នុងនោះមានសំណូមពរ៤ចំណុច គឺទី១-សូមឱ្យបញ្ឈប់ការគំរាមកំហែង និងរំលោភសិទ្ធិមនុស្សលើសហគមន៍ដែលកំពុងការពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងតំបន់ព្រៃឡង់
ទី២ -បញ្ឈប់ការផ្តល់សម្បទានដីសេដ្ឋកិច្ចដែលធ្វើឱ្យប៉ះពាល់ដល់ព្រៃឈើធម្មជាតិក្នុងប្រទេសកម្ពុជា ជាពិសេសតំបន់ព្រៃឡង់ ទី៣-លុបចោលអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនដែលកំពុងឈូសឆាយធ្វើឱ្យប៉ះពាល់ដល់ព្រៃឈើរបស់សហគមន៍និងធនធានធម្មជាតិ ជាពិសេសនៅតំបន់ព្រៃឡង់ និងទី៤-សូមគាំទ្រ និងស្នើឱ្យអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលបានលើកឡើងពាក់ព័ន្ធនឹងការការពារធនធានធម្មជាតិ។
បងប្អូនជនជាតិមានការព្រួយបារម្ភមែនទែននូវការបាត់បង់ព្រៃឡង់ដែលជាប្រពៃណីសាសនា ព្រោះពួកគាត់តែងរកអនុផលព្រៃឈើចិញ្ចឹមជីវិត និងបូជាអារក្សនៅទីនោះ ។ ពេលកាប់ព្រៃអស់នឹងត្រូវបាត់បង់ជំនឿដែរ ព្រោះព្រៃឈើមានសារសំខាន់សម្រាប់ជនជាតិដើមភាគតិច ៕
ចែករំលែកព័តមាននេះ