រាជធានីភ្នំពេញ ៖ នៅរសៀលនេះទី១៨ សីហា ២០១១ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំ-សង្កាត់នៅសាលប្រជុំក្រសួងមហាផ្ទៃ។
សន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី២ ប្រារព្ធធ្វើឡើងក្នុងបរិយាកាសនៃកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យតាមរយៈវិមជ្ឈការ និងវិសហមជ្ឈការដែលបានដាក់ឲ្យអនុវត្តនៅថ្នាក់ក្រោមជាតិទាំងមូល។ ដូច្នេះ សន្និបាតនេះមិនគ្រាន់តែលើកយកសមិទ្ធផល និងបញ្ហាប្រឈមនានាក្នុងការអនុវត្តការងារក្នុងក្របខណ្ឌក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី២ មកធ្វើការពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសន្និបាតនេះ អ្នកពាក់ព័ន្ធនានានឹងមានឱកាសដើម្បីធ្វើការពិភាក្សាវាយតម្លៃអំពីសមិទ្ធផលនិងបញ្ហាប្រឈមនៃកំណែទម្រង់នៅថ្នាក់ក្រោមជាតិទាំងមូល ។
សូមបញ្ជាក់ថា កាលពីម្សិលមិញថ្ងៃទី១៧ សីហា នៅសាលប្រជុំក្រសួងមហាផ្ទៃ មានប្រារព្ធបើកសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី២ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ សមាជិក-សមាជិកាដែលចូលរួមក្នុងសន្និបាតនេះមានប្រមាណ៧០០នាក់មកពីក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល អភិបាល ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាឃុំ សង្កាត់នាយកទីចាត់ការផែនការ និងវិនិយោគរាជធានី ខេត្ត ទីប្រឹក្សាគ្រប់គ្រងកម្មវិធីថ្នាក់រាជធានី-ខេត្តតំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានា៕
ចែករំលែកព័តមាននេះ