លោកឧត្តមសេនីយ៍យុទ្ធសក្តិ ស៊ីប្រាផា រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃ បានថ្លែងពីករណីសង្ស័យមួយទៅលើយន្តហោះស៊ើបការណ៍ដែលគ្មានអ្នកបើកបរបានធ្លាក់ឆ្ងាយពីព្រំដែនប្រហែល២០គីឡូម៉ែត្រ ចូលជ្រៅមកក្នុងទឹកដីកម្ពុជា ដែលខ្លះបានសង្ស័យថា អាចជាយន្តហោះស៊ើបការណ៍របស់ថៃនោះ លោកបានបដិសេធថា រឿងខាងលើមិនមែនជាការពិតឡើយ។លោកបញ្ជាក់ថា ប្រទេសថៃគ្មានការប្រើប្រាស់យន្តហោះស៊ើបការណ៍ទេ និងកន្លងមកកងទ័ពភូមិភាគទី២ ក៏បានបញ្ជាក់ និងបដិសេធរួចរាល់ហើយថា យន្តហោះខាងលើគ្មានប្រើប្រាស់ក្នុងប្រទេសថៃឡើយ។
ជាមួយគ្នានេះ ទាក់ទងទៅនឹងព័ត៌មានលោកថាក់ស៊ីន បានទទួលទិដ្ឋាការចូលប្រទេសជប៉ុននោះ លោករដ្ឋមន្ត្រីការពារជាតិថៃរូបនេះ ប្រាប់ថា មិនបានដឹងទេ។ ចំពោះការធ្វើដំណើររបស់លោកថាក់ស៊ីន ទៅប្រទេសកម្ពុជានៅថ្ងៃទី១៩ សីហា ខាងមុខ គឺដើម្បីចូលរួមប្រជុំស្តីពីសន្តិសុខតាមព្រំដែនជាមួយកម្ពុជា ដោយគ្មានពាក់ព័ន្ធលើហេតុការណ៍ធ្លាក់យន្តហោះស៊ើបការណ៍នោះឡើយ។ រហូតមកដល់ថ្ងៃទី១៧ សីហា មិនទាន់មានប្រភពព័ត៌មានណាមួយអះអាងថា បំណែកលោហៈដែលសង្ស័យនេះជាអ្វីនៅឡើយទេ ហើយមន្ត្រីជំនាញនានាក៏កំពុងតែធ្វើការត្រួតពិនិត្យ និងមិនទាន់បានផ្តល់ព័ត៌មានជាក់លាក់ណាមួយនៅឡើយទេ។
តាមប្រភពព័ត៌មានដដែលឱ្យដឹងថា រហូតមកដល់ថ្ងៃទី១៧ សីហា បំណែកថ្មីៗទៀតត្រូវបានរកឃើញ។ ហេតុការណ៍ផ្ទុះលើមេឃហើយមានធ្លាក់បំណែកបន្ទះដែកជាច្រើនជាង៣០បន្ទះនៅភូមិសាស្ត្រស្រុកគូលែន ខេត្តព្រះវិហារ នោះបានធ្វើឱ្យលាន់កក្រើកនាវេលាព្រឹកព្រលឹមថ្ងៃទី១៦ សីហា ៕
ចែករំលែកព័តមាននេះ