ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំរាម​ប្រធាន​តុលាការ​ខេត្ត​ព្រៃ​វែង​ឱ្យ​ដោះ​លែង​ជន​ជាប់​ចោទ​

13 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ជន​​ម្នាក់ដែល​​តាំង​ខ្លួន​ជា​អង្គរ​ក្ស​សម្តេច​តេជោ​ហ៊ុន សែន ហើយ​ទូរ​ស័ព្ទ​គំរាម​ប្រធាន​សាលា​ដំបូង​ខេត្ត​ព្រៃ​វែង​ឱ្យ​ដោះ​លែង​ជន​ សង្ស័យ​ម្នាក់កំពុងជាប់​ឃុំ​នោះ ​បានត្រូវ​​កម្លាំង​ខុទ្ទ​កាល័យ​សម្តេច​តេជោ​ហ៊ុន សែន ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កាល​ពី​ព្រឹក​ថ្ងៃ​ ទី​១៤ ខែ​សីហា តាម​ពាក្យ​បណ្តឹង​

ខេត្ត​កណ្តាល​ ៖ ជន​​ម្នាក់ដែល​​តាំង​ខ្លួន​ជា​អង្គរ​ក្ស​សម្តេច​តេជោ​ហ៊ុន សែន ហើយ​ទូរ​ស័ព្ទ​គំរាម​ប្រធាន​សាលា​ដំបូង​ខេត្ត​ព្រៃ​វែង​ឱ្យ​ដោះ​លែង​ជន​សង្ស័យ​ម្នាក់កំពុងជាប់​ឃុំ​នោះ ​បានត្រូវ​​កម្លាំង​ខុទ្ទ​កាល័យ​សម្តេច​តេជោ​ហ៊ុន សែន ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​សីហា តាម​ពាក្យ​បណ្តឹង​របស់ប្រធាន​សាលា​ដំបូង​ខេត្ត​ព្រៃ​វែង។

ប្រភព​ព័ត៌​មាន​ពី​មន្ត្រី​នគរ​បាល​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​​ដែល​ត្រូវ​កម្លាំង​ខុទ្ទ​កា​ល័យ​ចាប់​ខ្លួន​ឈ្មោះ​​សេង គា ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ភ្នៀត​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​។ ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន​នគរ​បាល​បាន​ដក​ហូត​ពី​ជន​សង្ស័យ​នូវ​​ប័ណ្ណ​សម្គាល់​​ខ្លួន​ជា​​ភ្នាក់​ងារ​​ផ្តល់​ព័ត៌​មាន​កង​ឯក​ភាព​អង្គ​រក្ស​សម្តេច​តេជោ​ហ៊ុន សែន​ ដែល​ហួស​សុពល​ភាព​តាំង​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០០៨ និង​ប័ណ្ណ​សម្គាល់​ខ្លួន​ភ្នាក់​ងារ​ផ្តល់​ព័ត៌​មាន​របស់​បញ្ជា​ការ​​ដ្ឋាន​អង្គរ​ក្ស ​ស្នង​ការ​ដ្ឋាន​ស្រាវ​ជ្រាវ​សន្តិ​សុខ​ដែល​ហួសសុពល​ភាព​តាំង​ពី​ថ្ងៃ​ទី​៣១ ខែ​មិថុនា ឆ្នាំ​២០១០ មក​ ។ ​ជន​នេះ​បាន​យក​តួ​នាទី​ដែល​ហួស​សុពល​ភាព​ទៅ​ទូរ​ស័ព្ទ​​គំរាម​លោក​សុខ កល្យាណ​ ប្រធាន​សាលា​ដំបូង​​ខេត្ត​ព្រៃ​វែង​​ឱ្យដោះ​លែង​ជន​សង្ស័យ​ម្នាក់​ឈ្មោះ​អាំ វែល​ ដែល​ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​បទ​បង្ក​ឱ្យ​របួស​ដល់​ជន​រង​គ្រោះ​មាន​ស្ថាន​ភាព​ពិការ​អចិន្ត្រៃយ៍​ និងខ្វាក់​​ភ្នែក​ម្ខាង​ក្នុង​សំណុំ​រឿង​​ព្រហ្ម​ទណ្ឌ​​លេខ​៥៥៣​ចុះ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១០​។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១១ ប្រធាន​តុលាការ លោក​សុខ កល្យាណ ​បាន​អនុ​ញ្ញាត​ឱ្យ​ជន​​ឈ្មោះ​សេង គា ជួប​នៅ​ក្នុង​បន្ទប់​នៃ​អគារ​តុលាការ​ដើម្បី​សាក​សួរ​ និង​បាន​ប្រាប់​ថា ឈ្មោះ​អាំ វែល មិន​អាច​ដោះ​លែង​បាន​ទេ ។ ពេល​នោះ​ឈ្មោះ​សេង គា បាន​និយាយ​គំរាម​ថា «លោក​ឯង​ចាំ​មើល!»​ រួច​ក៏​ដើរ​ចេញ​បាត់​ទៅ។ លុះ​ដល់ល្ងាច​ថ្ងៃ​​ដដែល​ឈ្មោះ​សេង គា និង​មនុស្ស​៣​នាក់​ទៀត​​បាន​ទៅ​ដល់​ផ្ទះ​ក្រឡា​បញ្ជី​របស់​ប្រធាន​តុលាការហើយ​បាន​​ស្នើ​សុំ​ក្រឡា​បញ្ជី​ពិនិត្យ​មើល​សំណុំ​រឿង​ជា​ថ្មី​ម្តង​ទៀត​ តែក្រឡា​បញ្ជី​ប្រាប់​ថា សំណុំរឿង​ទុកនៅ​តុលា​ការ។ ​​ពេលនោះ​ឈ្មោះ​សេង គា បាន​គំរាម​ថា សូម​ផ្តាំ​ទៅ​លោក​ប្រធាន​តុលាការ​​ផងខ្លួន​​ទុក​ពេល​ឱ្យ​៣​ថ្ងៃ​ បើ​លោក​មិន​ធ្វើ​ការ​ដោះ​លែង​ឈ្មោះ​អាំ វែល​ ទេ ខ្លួន​នឹង​​​កៀង​គរ​ប្រជា​ពលរ​ដ្ឋ​ធ្វើ​ពាក្យ​បណ្តឹង​ទៅ​សម្តេច​តេជោ​ហ៊ុន សែន​។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​មាន​ការ​ស​ម្លុត​គំរាម​កំហែង​ដល់​លោក​ប្រធាន​សាលា​ដំបូង​ខេត្ត​ព្រៃ​វែង​ និង​ក្រឡា​បញ្ជី​រួច​មក​រឿង​នេះ​​ក៏​បាន​បែក​ធ្លាយដឹង​​ដល់​ខាង​ខុទ្ទ​កា​ល័យ​​សម្តេច​តេជោ​ហ៊ុន សែន ទើប​លោក​ហូ សិទ្ធី នាយ​ខុទ្ទ​កា​ល័យ​បាន​បញ្ជា​ឱ្យ​កម្លាំង​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​ឈ្មោះ​សេង គា នាំ​ខ្លួន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​កណ្តាលដើម្បី​​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅកាន់​សា​លា​​ដំបូង​ខេត្ត​ចាត់​ការ​តាម​ច្បាប់​ ៕