ខេត្តពោធិ៍សាត់ ៖ ក្មេងប្រុសម្នាក់ត្រូវសមត្ថកិច្ចចាប់វាយបែកក្បាលរហូតសន្លប់ និងដេរជាច្រើនថ្នេរដោយសារចូលលួចឈើគ្រញូងក្នុង បរិវេណផ្នែករដ្ឋបាលព្រៃឈើស្រុកភ្នំក្រវាញកាលពីយប់ថ្ងៃទី ១៥សីហា ២០១១កន្លងទៅនេះ។ មិនត្រឹមតែវាយបែកក្បាលសន្លប់ និងរបួសធ្ងន់ធ្ងរប៉ុណ្ណោះទេ ក្មេងប្រុសរូបនេះត្រូវបានបង្កសំណុំរឿងបញ្ជូនទៅតុលាការថែមទៀត ប៉ុន្តែនៅព្រឹកថ្ងៃទី១៧ សីហា ២០១១ លោក អិុន បូផា ចៅក្រមស៊ើបសួរបានដោះលែងឲ្យមានសេរីភាពវិញដោយយល់ឃើញថា ជនជាប់ចោទរូបនេះជាអនីតិជនមានអាយុត្រឹម១៤ឆ្នាំ មានស្នាមរបួសលើចិញ្ចើមខាងឆ្វេងធ្ងន់ធ្ងរត្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ ។ ម្យ៉ាងទៀតក្មេងប្រុសរូបនេះមានទីលំនៅពិតប្រាកដ ហើយព្យសនកម្មនៃបទល្មើសមិនធ្ងន់ធ្ងរនោះទេ ។
ក្មេងប្រុសជាប់ចោទនិងជាជនរងគ្រោះនេះ ឈ្មោះសឿម អ៊ីវ មានទីលំនៅក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ។ ក្មេងប្រុសនេះរៀបរាប់ថាដោយសារឪពុកម្ដាយក្រីក្រកាលពីយប់ថ្ងៃទី១៥ សីហា ២០១១ វេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ខ្លួនបានលូនក្រោមរបងផ្នែករដ្ឋបាលព្រៃឈើស្រុកភ្នំក្រវាញបម្រុង ចូលលួចឈើគ្រញូង ប៉ុន្តែទើបតែចូលដល់ក្នុង បរិវេណមិនទាន់បានយកឈើគ្រញូងផងត្រូវគេ ឆួលភ្លើងពិលមកចំ។ ពេលនោះខ្លួនបានរត់រកច្រកចេញវិញតែរត់មិនរួច ព្រោះរបងថ្មពទ័្ធជុំវិញក៏ត្រូវបុរសម្នាក់ដែលកាន់ភ្លើងពិលនោះចាប់វាយនឹងឈើជ្រុងចំក្បាលនិងចិញ្ចើមបែកហូរ ឈាមជោកខ្លួន មិនតែប៉ុណ្ណោះធ្មេញក្នុងមាត់ត្រូវរង្គើទាំងអស់ដែលមកដល់ពេលនេះឈឺហូបបាយមិនកើតទេ។
ពាក់ពន្ធ័នឹងបញ្ហានេះ មន្ត្រីព្រៃឈើមួយរូបនិយាយថា កន្លងមកក្មេងប្រុសរូបនេះរួមជាមួយ បក្ខពួកមួយចំនួនទៀតគឺជាមុខសញ្ញាធ្លាប់ចូលលួចឈើគ្រញូងក្នុងបរិវេណផ្នែករដ្ឋបាលព្រៃ ឈើស្រុកភ្នំក្រវាញនេះជាញឹកញាប់ ប៉ុន្តែចាប់មិនដែលបាន ទើបតែពេលនេះអ្នកយាមដែលមិនមែនជាមន្ត្រីព្រៃឈើឃើញទាន់ក៏ចាប់វាយតែម្ដងដោយសារគេខ្វះការយល់ដឹងពីច្បាប់។
មន្ត្រីអង្គការលីកាដូមួយរូបនិយាយថា ទង្វើរបស់សមត្ថកិច្ចមកលើក្មេងប្រុសខាងលើពិតជា ហួសហេតុពេកហើយ ព្រោះគ្នាជាអនីតិជនហើយមិនទាន់លួចឈើបាននៅឡើយទេ តែបើទោះជា លួចឈើបានក៏ត្រូវធ្វើតាមច្បាប់មិនត្រូវប្រើអំពើ ហិង្សាបែបនេះទេ គឺរំលោភសិទ្ធិមនុស្ស។ មន្ត្រីរូប នោះឲ្យដឹងដែរថា ឥឡូវនេះក្មេងប្រុសរងគ្រោះបានត្រូវអង្គការលីកាដូនាំយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ឯក្រុមគ្រួសារកំពុងរៀបចំដាក់ពាក្យបណ្ដឹងទៅតុលាការផងដែរ៕
ចែករំលែកព័តមាននេះ