រាជធានីភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី១៧ សីហា ឆ្នាំ២០១១ នៅទីស្តីការក្រសួង លោក Nick Warner អគ្គនាយកនៃទីភ្នាក់ងារសម្ងាត់អូស្ត្រាលីបានជម្រាបសួរអំពីនីតិវិធីទាក់ទងនឹងបញ្ហាដែលកម្ពុជាដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេដូចម្តេចខ្លះ?
លោកកុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានបញ្ជាក់ថា ដំណើរការប្តឹងទៅតុលាការក្រុងឡាអេ គឺជាដំណោះស្រាយដោយសន្តិវិធីដោយមានដំណាក់កាល៖
ដំណាក់កាលទី១-កម្ពុជាស្នើតុលាការឱ្យមានការឈប់បាញ់គ្នាភ្លាមជាអចិន្ត្រៃយ៍ ដូច្នេះតុលាការគេបានកំណត់តំបន់គ្មានកងទ័ពជាបណ្តោះអាសន្នមួយ ។ ឥឡូវនេះ កម្ពុជា-ថៃអាចព្រមព្រៀងគ្នាកោះប្រជុំគណៈកម្មការព្រំដែនទូទៅនៅពេលខាងមុខ (ដើមខែកញ្ញា)។ គណៈកម្មការនេះ ពេលកោះប្រជុំត្រូវកំណត់កាលបរិច្ឆេទច្បាស់លាស់ស្តីពីការដកកងទ័ពចេញពីតំបន់គ្មានកងទ័ព ពេលនោះភាគីទាំងពីរត្រូវអញ្ជើញអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីមកកាន់តំបន់នោះ ដើម្បីត្រួតពិនិត្យមើល និងផ្ទៀងផ្ទាត់ការដកកងទ័ពទាំងពីរភាគី។ ដូច្នេះគឺជារឿងសំខាន់ណាស់ក្នុងការដកកងទ័ពពិតប្រាកដ ព្រោះកម្ពុជាបានរងគ្រោះដោយសារសង្គ្រាមជិត៣ទសវត្ស កម្ពុជាមិនចង់ឱ្យមានការផ្ទុះសង្គ្រាមទៀតទេ។
ដំណាក់កាលទី២-គឺការបកស្រាយសាលក្រមតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេឆ្នាំ១៩៦២ ចំពោះតំបន់ក្បែរប្រាសាទព្រះវិហារ ។ ក្រោយពីកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅដើម្បីកំណត់ការដកកងទ័ពចេញពីតំបន់គ្មានកងទ័ពនោះ គឺឈានទៅដល់កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ ដើម្បីរុករកបង្គោលព្រំដែន និងការបោះបង្គោលព្រំដែន។ បន្តមកទៀត កម្ពុជានឹងបន្តឱ្យមានការប្រជុំស្តីពីកិច្ចសហប្រតិបត្តិការរវាងខេត្ត និងខេត្ត ដែលនៅជិតខាងគ្នា។
នៅក្នុងកិច្ចពិភាក្សានេះ លោកអគ្គនាយកនៃទីភ្នាក់ងារសម្ងាត់អូស្ត្រាលីក៏បានលើកឡើងដោយពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលថៃថ្មី និងកម្ពុជានាពេលខាងមុខ ហើយលោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រឿងនេះជាសញ្ញាវិជ្ជមានរវាងរដ្ឋាភិបាលថៃថ្មី ជាមួយរដ្ឋាភិបាលកម្ពុជា ដែលឈានទៅរកដំណោះស្រាយមួយប្រកបដោយសន្តិវិធីពិតប្រាកដ។
លោកកុយ គួង បានថ្លែងឱ្យដឹងទៀតថា បើសិនជាភាគីទាំងពីរកម្ពុជា-ថៃ តាមរយៈកិច្ចប្រជុំ JBC និង GBC ប្រព្រឹត្តទៅរលូននោះ លោករដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានបញ្ជាក់ថា មិនចាំបាច់មានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីក៏បានដែរ។ ប៉ុន្តែភាគីកម្ពុជានៅតែប្រកាន់ខ្ជាប់ ហើយភាគីទាំងពីរត្រូវគោរពតាមដីកាសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិកាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០១១ ព្រោះសាលដីកាបានបញ្ជាក់ច្បាស់លាស់អំពីតំបន់គ្មានកងទ័ព និងមានវត្តមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅទីនោះ ។ នេះជាជំហររបស់កម្ពុជា ព្រោះអ្នកសង្កេតការណ៍មានសារសំខាន់ណាស់ ដើម្បីត្រួតពិនិត្យមើលដំណើរការនៃការដកកងទ័ពព្រមគ្នាចេញពីតំបន់ដែលគ្មានកងទ័ព។
លោកកុយ គួង បន្តទៀតថា វត្តមានអ្នកសង្កេតការណ៍ក្រោយពីការដកកងទ័ពក៏មានសារសំខាន់ ដើម្បីបញ្ជាក់ថា តំបន់នោះពិតជាតំបន់គ្មានកងទ័ពមែន។ ក្រោយពីការដកកងទ័ព កម្ពុជាចង់ឱ្យតំបន់នេះជាតំបន់មានសន្តិភាពពិតប្រាកដ ដើម្បីឈានទៅរកដំណោះស្រាយដោយសន្តិវិធីនៅជុំវិញតំបន់នេះ៕
ចែករំលែកព័តមាននេះ