រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងអាងទន្លេសាបឱ្យដឹងថា តម្រូវឱ្យធ្វើការដកហូតឡូត៍នេសាទទាំង៣៥ក្នុងបឹងទន្លេសាបទាំងអស់ពីដៃឯកជនត្រឡប់មកវិញនៅក្នុងខេត្ត៥គឺកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ បើមិនដូច្នោះទេ អាងទន្លេសាបមិនអាចស្តារឡើងវិញបានទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសទៅកាន់ប្រជាពលរដ្ឋបែបនេះនាព្រឹកថ្ងៃទី១៦ សីហា ឆ្នាំ២០១១ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ១ ប្រវែង៩,១០គីឡូម៉ែត្រ ដែលជាគំរោងសាងសង់ដំណាក់កាលទី៣ពីគីឡូម៉ែត្រលេខ៤ម្តុំវត្តក្តីតាកុយក្នុងសង្កាត់វាលស្បូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញដល់គីឡូម៉ែត្រលេខ១៣+១០០ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ ពាក់ព័ន្ធនឹងបញ្ហានេះសម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា បន្ទាប់ពីយុទ្ធនាការដើម្បីលុបបំបាត់ភាពអនាធិបតេយ្យក្នុងការដាក់ធ្នស់ សំរាស់ ព្រួល និងការដាក់កាត់ផ្នែកនានាក្នុងអាងទន្លេសាប។ របាយការណ៍អធិការកិច្ចជាង១០ទំព័រជាមួយនឹងអ្វីដែលបានកើតមានក្នុងអាងទន្លេសាប។ ខ្ញុំមានការតក់ស្លុតអ្វីៗដែលបានប្រទះនៅក្នុងអាងទន្លេសាប ពួកគេដាក់សំរាស់ មុននឹងពួកគេហ៊ុមព័ទ្ធសំរាស់ ពួកគេយកថ្មស្អុយទៅដាក់នៅក្នុងកន្លែងដទៃដើម្បីឱ្យត្រីរត់ចូលសំរាស់ រួចហើយត្រីរត់ចូលសំរាស់របស់គេ គេហ៊ុមព័ទ្ធសំរាស់យកតែម្តង ធ្វើបែបនេះកុំថាឡើយមេត្រី ចៅ ចៅទួត ចៅលាត្រីក៏វាមិននៅដែរ។
សម្តេចថ្លែងថា ខ្ញុំត្រូវប្រកាន់ខ្ជាប់នូវវិធានការដាច់ណាត់បានឯកភាពជាមួយគណៈកម្មការអធិការកិច្ច ត្រូវដកហូតឡូត៍នេសាទទាំង៣៥ឡូត៍ក្នុងខេត្តទាំង៥យកមកទុកផ្អាកកុំធ្វើការចាប់ត្រីក្នុងឡូត៍ទាំង៣៥នេះ។ បញ្ហាដកឡូត៍នេសាទទាំង៣៥នេះ គឺមិនមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងនេសាទនៅក្នុងដែននេសាទរបស់សហគមន៍នោះទេ។ ប្រជាពលរដ្ឋនៅតែ មានសិទ្ធិនេសាទនៅក្នុងដែននេសាទដែលរដ្ឋបានផ្តល់ជូន។ ត្រូវផ្អាកការរកត្រីក្នុងឡូត៍នេសាទទាំង៣៥ឡូត៍នោះក្នុងរយៈពេល៣រដូវចាប់ពីឆ្នាំ២០១១-២០១២ ពីឆ្នាំ២០១២-២០១៣ ពីឆ្នាំ២០១៣-២០១៤ ហើយចាំមើលក្នុងឡូត៍នេសាទទាំង៣៥នោះមើលក្នុងឆ្នាំ២០១៤-២០១៥ តើឡូត៍នេសាទណាឱ្យធ្វើ ហើយឡូត៍នេសាទណាទុកអភិរក្ស។ ឥឡូវនៅពេលដែលទឹកទន្លេមេគង្គចាប់ឡើងគ្រប់កន្លែងទាំងអស់មានកូនត្រី ឆ្នាំនេះអាចមានត្រីឡើងទៅទន្លេមេគង្គបាន កាលឆ្នាំមុនៗគឺអត់មានត្រីឡើងទៅរួចទេ ដោយសារពួកឯកជនគេមិនខ្វល់បំផ្លាញអស់ ក្នុងករណីនេះហើយ និយាយច្រើនលើក ច្រើនសាហើយនៅតែមិនស្តាប់ ពួកនេះវាមិនកែប្រែ បើចេះកែប្រែគឺកែយូរហើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា កុំអង្គុយបក់ផ្សែង ពន្លត់ភ្លើងបណ្តោយ ហើយនាំគ្នាធ្វើកំណែទំរង់ ។ នេះមិនមែនប្រាប់តែឡូត៍នេសាទបឹងទន្លេសាបទេ គឺប្រាប់ទៅបណ្តាឡូត៍នេសាទដទៃទៀតធ្វើឱ្យត្រូវតាមច្បាប់ ហើយកុំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរហូតដល់ថ្នាក់អុំទូកកាត់ឡូត៍នេសាទមិនបាននោះ។ នៅឆ្នាំ២០១៥ បើមានអ្នកណាចង់ធ្វើឡូត៍នេសាទ គឺត្រូវរៀបចំឱ្យបានច្បាស់សៀវភៅបន្ទុក ត្រូវធ្វើឡើងវិញនៅពេលខុសច្បាប់ត្រូវធ្វើដូចម្តេច ប្រើរបៀបប្រើប្រាស់ដូចម្តេច គួរតែត្រូវដាក់ប្រាក់កក់នៅធនាគារ។ ក្នុងរយៈពេលរង់ចាំ សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ត្រូវការពារឱ្យបាន កុំឱ្យមានភាពអនាធិបតេយ្យនៅក្នុងដែននេសាទ
នេះ។ ការនេសាទជាលក្ខណៈគ្រួសាររបស់ប្រជាជននៅបន្តធ្វើអនុញ្ញាតជូន ប៉ុន្តែការនេសាទលក្ខណៈជាឧស្សាហកម្ម សិប្បកម្មនៅក្នុងឡូត៍នេសាទដែលរដ្ឋប្រគល់ឱ្យមិនត្រូវអនុញ្ញាតចាប់ពីពេលនេះរហូតដល់មានបទបញ្ជាថ្មីដែលខ្ញុំគិតថា មិនតិចជាង៣រដូវ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ខ្ញុំសុំអភ័យទោសចំពោះប្រជាពលរដ្ឋដែលខ្ញុំមិនអាចនឹងគ្រប់គ្រងបានទាំងអស់ ប៉ុន្តែនៅពេលដែលរកឃើញហើយ ខ្ញុំនឹងប្តូរផ្តាច់ធ្វើការកែទំរង់លើវិស័យនេះ ឥឡូវរកឃើញឡូត៍ដែលនៅសេសសល់បង្កការបំផ្លាញព្រៃលិចទឹក បំផ្លាញធនធានត្រី និងប៉ះពាល់ដល់ប្រជាពល
រដ្ឋ។ តាមការប៉ាន់ស្មានរបស់ខ្ញុំបើសិនជាមានការដំណើរការឡើងវិញ គឺមិនឱ្យទាំងអស់ទេ គឺត្រូវកាត់ឡូត៍មួយចំនួនឱ្យប្រជាពលរដ្ឋតែម្តង ព្រោះមានសំណូមពរ។
សម្តេចនាយករដ្ឋមន្ត្រីបញ្ជាឱ្យគណៈកម្មការអធិការកិច្ចត្រូវធ្វើការងារនេះបន្តរហូតដល់ពេលកំណែទំរង់ត្រូវបានចប់។
លោកត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ១ ដែលជាគំរោងសាងសង់ដំណាក់កាលទី៣ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់នាពេលនេះមានប្រវែង៩,១០គីឡូម៉ែត្រ ទទឹងសរុបប្រមាណ១៧ម៉ែត្រ ចាប់ពីគីឡូម៉ែត្រលេខ៤ម្តុំវត្តក្តីតាកុយក្នុងសង្កាត់វាលស្បូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញដល់គីឡូម៉ែត្រ១៣+១០០ក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនមានទឹកប្រាក់សរុបប្រមាណជា១១.១៦៨.០០០ដុល្លារអាមេរិក(ថវិកាតាមកិច្ចសន្យាមានតែ១០.២៦៨.០០០ដុល្លារអាមេរិក) រួមនឹងថវិការបស់រាជរដ្ឋាភិបាលមួយចំនួនបន្ថែមទៀតសម្រាប់ការដោះស្រាយផលប៉ះពាល់ដីធ្លីលំនៅឋាន និងសំណង់ផ្សេងៗចាប់ផ្តើមសាងសង់កាលពីខែ ធ្នូ ឆ្នាំ២០០៩ បញ្ចប់ជាស្ថាពរនាខែកក្កដា ឆ្នាំ២០១១។
លោករដ្ឋមន្ត្រីថ្លែងបន្តថា ក្នុងគំរោងដំណាក់កាលទី៣នេះផងដែរក៏មានបញ្ចូលការកសាងស្ថានីយ និងបំពាក់ឧបករណ៍ជញ្ជីងត្រួតពិនិត្យរថយន្តចំនួនពីរកន្លែងដែលមួយកន្លែងស្ថិតនៅម្តុំគីឡូម៉ែត្រលេខ១៣ និងមួយកន្លែងទៀតស្ថិតនៅម្តុំគីឡូម៉ែត្រលេខ៥៦ ប្រមាណ៤គីឡូម៉ែត្រពីអ្នកលឿង។ ទាក់ទិននឹងដំណាក់កាលនៅសល់ចុងក្រោយប្រវែង៤គីឡូម៉ែត្រគត់ចាប់ពីគល់ស្ពានព្រំមុនីវង្សត្រើយខាងកើតដល់គីឡូម៉ែត្រលេខ៤ ក្នុងសង្កាត់វាលស្បូវ លោកត្រាំ អ៊ីវតឹក បានបញ្ជាក់ថា ដំណាក់កាលចុងក្រោយនេះនៅមិនទាន់បានទទួលសេចក្តីសម្រេចផ្តល់ជំនួយបន្តពីអង្គការ JICA នៅឡើយទេ ដោយអង្គការនេះនឹងបញ្ជូនក្រុមសិក្សាមកសិក្សាបន្ថែមពីបច្ចេកទេស និងនីតិវិធីដោះស្រាយផលប៉ះពាល់ដែលទាមទាររយៈពេលមួយរយៈបន្ថែមទៀត។
ការងារសាងសង់ផ្លូវក្នុងដំណាក់កាលទី៤នេះអាចជួបបញ្ហាស្មុគស្មាញច្រើនបន្តិច ពិសេសការដោះស្រាយផលប៉ះពាល់ដោយសារគំរោងទៅលើដីធ្លី ផ្ទះសម្បែងប្រជាពលរដ្ឋដែលត្រូវចំណាយថវិកាច្រើន។ តាមប្លង់វិស្វកម្មនៃគំរោងផ្លូវត្រង់នេះនឹងត្រូវបើកទទឹងឱ្យធំទូលាយរហូតដល់៤គន្លង(ទទឹងសរុប២៤ម៉ែត្រ)។ បន្ទាប់ពីការសាងសង់រួចកំណាត់ផ្លូវជាតិលេខ១នេះ នឹងរួមចំណែកផ្តល់ជូននូវគុណប្រយោជន៍យ៉ាងធំធេងខាងសេដ្ឋកិច្ច សង្គមកិច្ច សម្រាប់បណ្តាខេត្តភាគខាងកើតទន្លេមេគង្គទាំងអស់ ពិសេសខេត្តព្រៃវែង និងខេត្តស្វាយរៀង និងរួមចំណែកបម្រើឱ្យកិច្ចសហប្រតិបត្តិការជាទ្វេភាគីលើគ្រប់វិស័យរវាងកម្ពុជា-វៀតណាម។
លោក Masafumi Kuroki ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជាសំរាប់គម្រោងស្ថាបនាកែលំអផ្លូវជាតិលេខ១ចាប់តាំងពីឆ្នាំ២០០៥មក។ ដំណាក់កាលទី១នៃគម្រោងបញ្ចប់នៅឆ្នាំ២០០៦ ដោយបានសាងសង់ស្ពានបេតុង២នៅលើកំណាត់ផ្លូវប្រវែង៥៦គីឡូម៉ែត្រ។ ដំណាក់កាលទី២នៃគម្រោងបានសាងសង់កំណាត់ផ្លូវប្រវែង៤២គីឡូម៉ែត្រ ចាប់ពីផ្សារគគីរទៅទីប្រជុំជនអ្នកលឿង រួមទាំងសាងសង់ស្ពានមួយផងដែរបានបញ្ចប់ដោយជោគជ័យនៅក្នុងឆ្នាំ២០០៩។
លោកឯកអគ្គរាជទូតជប៉ុនបន្តទៀតថា ជាមួយនឹងការបញ្ចប់ដំណាក់កាលទី៣នៃគម្រោងដែលបានសាងសង់កំណាត់ផ្លូវប្រវែង៩,១០គីឡូម៉ែត្រចាប់ពីចំណុចចម្ងាយ៤គីឡូម៉ែត្រពីស្ពានព្រះមុនីវង្សរហូតដល់ផ្សារគគីរនោះសាងសង់ឡើងស្របកំរិតស្តង់ដាអន្តរជាតិ។ ការធ្វើចរាចរដោយរលូន និងការកាត់បន្ថយពេលវេលាធ្វើដំណើរនៅតាមបណ្តោយផ្លូវជាតិលេខ១ នឹងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ និងការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជា ៕
ចែករំលែកព័តមាននេះ