រាជធានីភ្នំពេញ ៖ នាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី១៥ សីហា សពមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់២រូបដែលចោរបាញ់ស្លាប់ត្រូវបានបូជានៅឈាបនដ្ឋានវត្តសន្សំកុសល ក្រោមសំឡេងទ្រហោយំនៃក្រុមគ្រួសារ និងញាតិមិត្តរបស់សព ។ លោកឧត្តមសេនីយ៍ឯកជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ បានឱ្យភ្លើងបូជាសព ក្រោមក្រសែភ្នែកស្នងការ ស្នងការរង នាយការិយាល័យ អធិការខណ្ឌទាំង៨ និងមន្ត្រីនគរបាលជាតិជាច្រើនរូបទៀត ។
ក្នុងសម្លៀកបំពាក់កាន់ទុក្ខលាយឡំនឹងសំឡេងទ្រហោយំ យើងឃើញលោកមួង មុន អតីតយោធាការពារខ្សែរថយន្តភ្លើងដែលពិការភ្នែកទាំង២ ពាក់វែ៉នតាខ្មៅយំមិនចេញទឹកភ្នែក ណែនដើមទ្រូង ហាតែមាត់អាណិតកូនប្រុសជាទីស្រឡាញ់ ដែលត្រូវចោរបាញ់ស្លាប់ ។
មុនពិធីឱ្យភ្លើងបូជាសពមន្ត្រីនគរបាលព្រហ្មទណ្ឌទាំង២រូប លោកឧត្តមសេនីយ៍ត្រីទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ បានអាននូវសារលិខិតរំលែកទុក្ខរបស់លោកនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលមានខ្លឹមសារថា «ខ្ញុំនិងភរិយា មានអារម្មណ៍ក្តុកក្តួលជាពន់់ពេកនៅពេលទទួលបានព័ត៌មានថា មន្ត្រីនគរបាលជាតិចំនួន២រូប គឺលោកអនុសេនីយ៍ត្រីគង់ វិចិត្រ ហៅជា និងលោកព្រិន្ទបាលឯករឿង ប៉ូ ហៅមាស ត្រូវបានឧក្រិដ្ឋជនបាញ់សម្លាប់ក្នុងពេលបំពេញបេសកកម្មការងារកាលពីថ្ងៃទី១៤ សីហា ២០១១ វេលាម៉ោង២ និង៤០នាទីរំលងអធ្រាត្រ នៅរាជធានីភ្នំពេញ ។
ជំនួសមុខឱ្យមន្ត្រីនគរបាលជាតិទូទាំងប្រទេស និងក្នុងនាមខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធលោកទាំង២ឆាប់យោនយកកំណើតនៅឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ខ្ញុំនឹងខិតខំស្រាវជ្រាវស្វែងរកចាប់ខ្លួនឧក្រិដ្ឋជនដែលបានប្រព្រឹត្តអំពើព្រៃផ្សៃនេះ ដើម្បីនាំយកមកផ្តន្ទាទោសនៅចំពោះមុខច្បាប់ឱ្យខាងតែបាន» ។
ជាមួយនេះដែរ ក៏មានសារលិខិតចូលរួមរំលែកមរណទុក្ខ២ច្បាប់ទៀត ពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវផ្ញើជូនដល់ក្រុមគ្រួសារសពមន្ត្រីនគរបាលជាតិទាំង២រូបដែរ ។
ពិធីបុណ្យសពមន្ត្រីនគរបាលជាតិទាំង២រូបដែលរយៈពេល២ថ្ងៃនៅវត្តសន្សំកុសលគេឃើញមានការចូលរួមពីមហាជន សប្បុរសជនញាតិមិត្តជិតឆ្ងាយ ពិសេសមន្ត្រីរាជការទាំងកងកម្លាំងទាំងស៊ីវិលក្នុងរាជធានីភ្នំពេញ ដោយមានការគាំទ្រទាំងកម្លាំងកាយ ទាំងផ្លូវចិត្ត និងថវិកា ។ ដោយឡែកលោកស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងលោកជំទាវឧបត្ថម្ភថវិកា៤លានរៀល, លោកប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ១លានរៀល, លោកនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវឧបត្ថម្ភ៤លានរៀល សាលារាជធានីភ្នំពេញ ១០លានរៀល , លោកឧកញ៉ាផាត់ ប៊ុន ២លានរៀល, លោកតេង ហឿន អគ្គនាយកក្រុមហ៊ុនតេង ឡាយ ២លានរៀល , លោកគួច ជីហុង ២០០ដុល្លារ, លោកឧកញ៉ា ប្រាក់ វណ្ណ ៥០០ដុល្លារ ក្រុមហ៊ុនសូគីម៉ិច ៥លានរៀល ។
លោកស្រី លីម សុខ និងស្វាមី ដែលត្រូវជាម្តាយឪពុកក្មេកលោកវរសេនីយ៍ទោ ជួន ណារិន្ទ ជួយចេញថ្លៃមឈូសបូជាសពទាំង២ លោកស្រី ចាំង ស៊ីណាត ចៅក្រមសាលាដំបូងរាជធានី ភ្នំពេញ និងស្វាមី៥០ម៉ឺនរៀល លោកយ៉េត ចិរយា ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ព្រះរាជអាជ្ញារង ក្រឡាបញ្ជី បុគ្គលិកទាំងអស់ទឹកប្រាក់ចំនួន៥០០ដុល្លារផ្តល់ជូនតាមរយៈលោកព្រះរាជអាជ្ញារង សុខ រឿន ។
លោកឧត្តមសេនីយ៍ត្រីទូច ណារ៉ុថ បានមានប្រសាសន៍ឱ្យដឹងថា ថវិកាដែលសប្បុរសជនបានចូលរួមរំលែកទុក្ខដល់គ្រួសារសពមន្ត្រីនគរបាលទាំងពីររូបនេះនឹងប្រគល់ជូននៅពេលបញ្ចប់ពិធីបូណ្យគម្រប់៧ថ្ងៃដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ សីហា នៅស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ ។ ថវិកាបានមកពីទាន និងសទ្ធាជ្រះថ្លារបស់សប្បុរសជន អាចនឹងបានជាង១ម៉ឺនដុល្លារឧបត្ថម្ភជូនទៅគ្រួសារសពនីមួយៗ ។ នេះចំពោះថវិកាដែលលោកស្នងការទទួលបាន
ផ្ទាល់ដៃ មិនទាន់បូកបញ្ចូលសប្បុរសជនដែលចូលបុណ្យតាមរយៈក្រុមគ្រួសារសពនោះទេ ។
ប្រភពព័ត៌មាននៅព្រឹកថ្ងៃទី១៦ សីហា បានឱ្យដឹងថា លោកសុខ រឿន ព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាទៅសមត្ថកិច្ចឱ្យនាំខ្លួនខ្មាន់កាំភ្លើងដែលបាញ់ប្រហារសម្លាប់មន្ត្រីនគរបាលព្រហ្មទណ្ឌ២រូបនោះហើយ ។ ខ្មាន់កាំភ្លើងដែលសមត្ថកិច្ចបានសន្និដ្ឋានជាជំហានដំបូងនោះជាមុខសញ្ញាក្រុមចោរប្លន់ប្រដាប់អាវុធ គឺមានឈ្មោះងាវ ធឿន ហៅម៉ាំង ភេទប្រុស អាយុជាង៤០ឆ្នាំ ជាអតីតមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយបានផ្ទេរទៅខណ្ឌសែនសុខ តែឈ្មោះនេះត្រូវបានបណ្តេញចេញពីអង្គភាពកងរាជអាវុធហត្ថយូរឆ្នាំហើយ ។
ប្រភពដដែលបន្តថា ពេលនេះខ្មាន់កាំភ្លើងត្រូវបានស្គាល់អត្តសញ្ញាណហើយ ហើយម្យ៉ាងទៀត ក្មួយប្រុសគេម្នាក់ត្រូវសមត្ថកិច្ចនាំទៅសាកសួរពាក់ព័ន្ធនឹងរឿងទទួលទុកម៉ូតូ C125 មួយគ្រឿង របស់ឪពុកមាដែលជាមធ្យោបាយជិះធ្វើសកម្មភាពក្នុងយប់នោះ ។ ក្មួយប្រុសបានប្រាប់សមត្ថកិច្ចថា នៅវេលាទៀបភ្លឺថ្ងៃទី១៤ សីហា ឈ្មោះធឿន ហៅមាំុង បានយកម៉ូតូទៅផ្ញើទុកនៅផ្ទះរបស់ខ្លួនឯក្រុងតាខ្មៅ ហើយគេចខ្លួនបាត់ទៅ ។
ចំណែកប្រភពមួយទៀតឱ្យដឹងថា នៅថ្ងៃទី១៥ សីហា បន្ទាប់ពីមានការបាញ់ប្រហារសម្លាប់មន្ត្រីនគរបាល២រូប មានគេជួបឈ្មោះមាំុង នៅផ្សារទំនើបមួយក្នុងរាជធានីភ្នំពេញ ប៉ុន្តែអ្នកស្គាល់ជននេះមិនបានដឹងថា រូបគេជាខ្មាន់កាំភ្លើងបាញ់សម្លាប់មន្ត្រីនគរបាលនោះឡើយ ។ ក្នុងដំណាក់កាលសង្ស័យ នគរបាលបានស្រាវជ្រាវតាមរយៈស្លាកលេខម៉ូតូដែលជនល្មើសជិះធ្វើសកម្មភាព បន្ទាប់មកទើបសន្និដ្ឋាន និងវាយតម្លៃមុខសញ្ញាដាក់ជូនទៅស្ថាប័នអយ្យការ ហើយលោកព្រះរាជអាជ្ញាចេញដីកាបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនជនត្រូវចោទ ។ ពេលនេះជនល្មើសបានដឹងខ្លួនថាសមត្ថកិច្ចតាមចាប់ហើយ ហើយគេក៏កំពុងព្យាយាមគេចខ្លួនដែរ និងបិទរាល់ទំនាក់ទំនងទាំងអស់ ។
លោកវរសេនីយ៍ទោ ជួន ណារិន្ទ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញបានឱ្យដឹងថា ក្រោយពីផ្សែងមរណៈរបស់មន្ត្រីនគរបាលជាកូនចៅ២រូបផុតរលត់ទៅ លោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិបានមានបទបញ្ជាមកលោកឧត្តមសេនីយ៍ត្រីទូច ណារ៉ុថ ស្នងការនគរបាលរាជធានី ឱ្យការិយាល័យជំនាញលោកសហការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានគ្រប់ទីកន្លែង ស្រាវជ្រាវស្វែងរកចាប់ខ្លួនឧក្រិដ្ឋជនដែលបាញ់មន្ត្រីនគរបាលទាំង២រូបឱ្យស្លាប់ក្នុងបេសកកម្មបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធនោះឱ្យខាងតែបាន ។
លោកជួន ណារិន្ទ បន្តថា ពេលនេះខ្មាន់កាំភ្លើងនៅមានអាវុធ ហើយលោកបានប្រើប្រាស់កម្លាំងជំនាញឱ្យមានការប្រុងប្រយ័ត្ន បើសិនជាអាចឃាត់ខ្លួនទាំងរស់តាមរូបភាពណាមួយបាន កម្លាំងយើងប្រឹងប្រែងអនុវត្តតាមផ្លូវច្បាប់ ក៏ប៉ុន្តែប្រសិនបើខ្មាន់កាំភ្លើងមានការរឹងរូស ឬក៏បាញ់ប្រហារមកលើកងកម្លាំង យើង
ក៏ប្រើសិទ្ធិក្នុងការការពារខ្លួនវិញដែរ ៕
ចែករំលែកព័តមាននេះ