ខេត្តរតនគិរី ៖ ពីខេត្តរតនគិរីមានសេចក្តីរាយការណ៍មកថា មនុស្សម្នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលនៅក្នុង គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ។ ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៦ សីហានេះ តាមបណ្តោយផ្លូវជាតិលេខ៧៨អា ស្ថិតនៅចំណុចភូមិបក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានបញ្ជាក់អោយដឹងទៀតថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកវ៉េវមួយគ្រឿងជិះគ្នា៣នាក់បើកក្នុងល្បឿនលឿនពីកើតទៅលិចក្នុងទិសដៅឆ្ពោះទៅក្រុងបានលុង។ លុះមកដល់មុខមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ស្រាប់តែបុកគ្នាពេញទំហឹងលាន់ដូចរន្ទះ ជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកសង់កូរ៉េជិះគ្នា២នាក់ ដែលទើបជិះចេញពីផ្លូវលំបត់ឡើងមកលើផ្លូវអាស៊ាន បណ្តាលអោយអ្នកជិះលើម៉ូតូទាំងសងខាងប៉ើង ខ្ទាតចេញធ្លាក់លើថ្នល់កៅស៊ូ របួសធ្ងន់ទាំងអស់គ្នា។ ភ្លាមៗគេបានទាក់ទងតាមទូរស័ព្ទប្រាប់ប៉ូលិស និងរថយន្តសាមុយដើម្បីសង្គ្រោះ ប៉ុន្តែដោយសារមានភាពយឺតយ៉ាវគឺរង់ចាំរថយន្តសង្គ្រោះប្រមាណ១ម៉ោងទើបមកដល់នោះ បណ្តាលអោយយុវជនម្នាក់ជាអ្នកបើកបរស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ឈ្មោះ សល់ ញាវ អាយុ ១៥ឆ្នាំ រស់នៅភូមិបាតាង ឃុំសេសាន ស្រុកអូរយ៉ាដាវ បើកបរម៉ូតូម៉ាកសង់កូរ៉េព៌ណក្រហម គ្មានស្លាកលេខ ដឹកប្រពន្ធ ឈ្មោះសាវ ថាច អាយុ១៥ឆ្នាំដូចគ្នា របួសធ្ងន់។
ចំណែកភាគីម្ខាងទៀតដែលជិះម៉ូតូវ៉េវពណ៌ ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ពយ ធ្លី អាយុ៤២ឆ្នាំ របួសស្រាល មុខរបរកសិករ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ និងអ្នករួមដំណើរ២នាក់ទៀតត្រូវជាកូនអ្នកបើកបរ ឈ្មោះរចំ ពើយ ភេទប្រុស អាយុ១៨ឆ្នាំ របួសស្រាល និងម្នាក់ទៀតជាប្អូនឈ្មោះរចំ លឿន អាយុ១៦ឆ្នាំ ភេទស្រី របួសធ្ងន់។ បច្ចុប្បន្នអ្នករបួសទាំងអស់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកអ្នកស្លាប់ត្រូវក្រុមគ្រួសារបញ្ជូនយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅរក្សាទុកនៅ ទីបញ្ជាការដ្ឋានស្រុកអូរយ៉ាដាវដើម្បីរង់ចាំដោះ ស្រាយតាមច្បាប់ ៕
ចែករំលែកព័តមាននេះ