ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​រដ្ឋសភា​ឥណ្ឌា រៀបចំ​មង្គលការ​កូនស្រី​ដ៏​ធំ​សម្បើម អញ្ជើញ​ភ្ញៀវ​ ៤០​ម៉ឺន​នាក់

5 ម៉ោង មុន
  • ភ្នំពេញ

ប្រទេស​ឥណ្ឌា ៖ អ្នកនយោបាយ​ឥណ្ឌា លោក Anant Singh បាន​រៀបចំ​ពិធី​មង្គលការ​កូនស្រី​របស់​លោក នៅ​ក្នុង​រដ្ឋ Bihar ដែល​ជា​តំបន់​ក្រីក្រ​បំផុត​មួយ​របស់​ប្រទេស​ឥណ្ឌា ដោយ​អញ្ជើញ​ភ្ញៀវ​ប្រមាណ ៤០ ម៉ឺន​នាក់ ដែល​បាន​បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង ក៏​ដូច​ជា​ការ​រិះគន់​ជា​ច្រើន​ពី​សំណាក់​មហាជន​។

ប្រភព​ពី​កាសែត The Guardian បាន​រាយការណ៍​ថា នៅ​ក្នុង​នាម​ជា​សមាជិក​រដ្ឋសភា​ប្រចាំ​រដ្ឋ Bihar ដែល​ជា​រដ្ឋ​ក្រីក្រ​បំផុត​របស់​ឥណ្ឌា លោក Anant Singh កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា បាន​ចាយប្រាក់​យ៉ាងច្រើន ដើម្បី​រៀបចំ​ពិធី​មង្គលការ​កូនស្រី​របស់​លោក ឈ្មោះ Shivangi Singh និង​កំលោះ​ឈ្មោះ Rishikesh Kumar ដែល​ជា​និស្សិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​គ្រប់គ្រង​ធុរកិច្ច មក​ពី​សាកលវិទ្យាល័យ Georgia State សហរដ្ឋអាមេរិក​។

ភ្ញៀវ​ប្រមាណ​៤០​ម៉ឺន​នាក់​បាន​មក​ចូលរួម នៅ​ក្នុង​ពិធី​លើ​ផ្ទៃដី​ទំហំ ២,៥ ហិ​កតា នៅ​ឯ​ផ្ទះ​គ្រួសារ​ស្ថិត​ក្នុងភូមិ Nadawa ដែល​ធ្វើ​ឱ្យ​ផ្លូវ​នៅ​ជុំវិញ​កកស្ទះ​យ៉ាង​ខ្លាំង​។ លោក Munna Singh មនុស្ស​ជំនិត​លោក Anant Singh ប្រាប់ AFP ថា ភ្ញៀវ​ទាំងអស់​ត្រូវ​បាន​ទទួល​ដោយ​បង្អែម​ប្រពៃណី ៥០ ម៉ឺន​ដុំ និង​ពិធីជប់លៀង​រៀបចំ​ដោយ​មេ​ចុងភៅ និង​អ្នក​ចម្អិន​អាហារ ៥០០ នាក់ ជាមួយ​ម្ហូប​ជា​ច្រើន​មុខ​។ ចំណែក​សាច់​ចៀម​១​ពាន់​គីឡូក្រាម ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ធ្វើ​សាច់​អាំង និង​ម្ហូប​ការី​។ លើស​ពី​នេះ​ទៀត វាល​ចុះ​ចត​ឧទ្ធម្ភាគចក្រ​បណ្តោះអាសន្ន ៦ កន្លែង ត្រូវ​បាន​សង់​ឡើង​សម្រាប់​ភ្ញៀវ​លំដាប់ VIP ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​មក​ពី​ទូ​ទាំង​ប្រទេស​ឥណ្ឌា​។

ភ្ញៀវ​កិត្តិយស​ទទួល​បានការ​ស្វាគមន៍​ដោយ​ការ​តុបតែង​ផ្កា​យ៉ាង​ប្រណិត​បំផុត​នាំ​ចូល​មក​ពី​ប្រទេស​ចិន រួម​ជាមួយ​ការ​បាញ់​កាំជ្រួច​ផង​ដែរ​។ ជំនួស​ឱ្យ​ការ​ជួល DJ មក​ចាក់​ភ្លេង​កំដរ​កម្មវិធី ពិធី​មង្គលការ​នេះ បាន​រៀបចំ​ការ​ប្រណាំងសេះ​។ ជា​លទ្ធផល​មនុស្ស​ជា​ច្រើន​ដែល​មិនជា​ភ្ញៀវ​បាន​នាំ​គ្នា​ឡើង​លើ​ដើមឈើ និង​បង្គោល​ភ្លើង អើត​មើល​ការ​ប្រណាំង​នោះ ប៉ុន្តែ​ដោត​សារភាព​ចលាចល និង​ភាព​វឹកវរ​មាន​សភាព​កាន់តែ​ធំ​ឡើង ដែល​ធ្វើ​ឱ្យ​កម្មវិធី​ប្រណាំងសេះ ត្រូវ​បាន​លុប​ចោល​នៅ​នាទី​ចុង​ក្រោយ​។

ទោះ​យ៉ាងណា​ក៏​ដោយ ពិធី​មង្គលការ​ដ៏​ធំ​សម្បើម​នេះ បាន​ទាក់ទាញ​ការ​រិះគន់​យ៉ាង​ខ្លាំង ដោយសារ​កើតឡើង​ក្នុង​រដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ជា​មធ្យម​ទាប​បំផុត​នៅ​ប្រទេស​ឥណ្ឌា ចំណែកឯ​លោក Anant Singh ទៀត​សោត ក៏​ជា​បុគ្គល​មានរឿង​ចម្រូងចម្រាស​ម្នាក់​។ លោក​បាន​ជាប់​ឆ្នោត ៥ លើក​ជា​សមាជិក​សភា​រដ្ឋ និង​មាន​សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន ២៨ ករណី កំពុង​រង់ចាំ​ការ​ដោះស្រាយ​ប្រឆាំង​នឹង​រូប​លោក​ផង​ដែរ​៕ ប្រភព ៖ The Guardian និង Webdunia