ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតដោយសារឧប្បត្តិហេតុរន្ទះបាញ់ពេលកំពុងភ្លៀង ខណៈពេលដែលបុរសរងគ្រោះកំពុងកៀងគោចេញពីព្រៃចំណុចជ្រោះអង្គ្រង ស្ថិតក្នុងទឹកដីភូមិស្លា ឃុំស្រង់ ស្រុកគងពិសី ។
ប្រធានព្រហ្មទណ្ឌស្រុកគងពិសី លោកទុយ ថេន បានឱ្យដឹងថា ជនរងគ្រោះឈ្មោះសាំង រិ អាយុ៣៥ឆ្នាំ នៅភូមិស្លា ឃុំស្រង់ ស្រុកគងពិសី។ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៤ សីហា ពេលកំពុងភ្លៀងធំមានផ្លេកបន្ទោរឆ្វេចឆ្វាច ជនរងគ្រោះរួមជាមួយអ្នកឃ្វាលគោជាមួយគ្នាជិត១០នាក់ នៅតំបន់ជើងភ្នំ និងជ្រោះអង្គ្រងនេះ បានព្យាយាមកៀងគោឱ្យចេញមកវាលវិញ ក៏ត្រូវរន្ទះបាញ់ចំឈ្មោះសាំង រិ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។
ក្រោយពីដឹងថា រន្ទះបាញ់ឈ្មោះសាំង រិ អ្នកឃ្វាលគោជាមួយគ្នា ខ្លះជួយលោតកន្លង ខ្លះរត់មកភូមិប្រាប់អ្នកភូមិឱ្យជួយអន្តរាគមន៍ តែតាមពិតឈ្មោះសាំង រិ បានដាច់ខ្យល់ស្លាប់ទៅហើយ ។ ក្រោយកើតហេតុ អ្នកភូមិស្លាបាននាំគ្នាទៅជួយយកសពពីមាត់ជ្រោះអង្គ្រង ដែលស្ថិតនៅពុំឆ្ងាយប៉ុន្មានពីភូមិមកកាន់លំនៅឋានដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ