ខេត្តកំពង់ចាម ៖ ឧបករណ៍ឆក់ត្រីខុសច្បាប់ចំនួន៤៧គ្រឿង ត្រូវបានធ្វើពិធីដុតបំផ្លាញចោលនៅមុខប៉ុស្តិ៍រដ្ឋបាលឃុំអញ្ចើមកាលពីព្រឹកថ្ងៃទី១៣ សីហា ២០១១ ដោយមានការចូលរួមពីលោកមេភូមិ ក្រុមប្រឹក្សាឃុំ លោក អនុសេនីយ៍ឯក ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ និងលោក នៅ អូន មេឃុំអញ្ចើម ។
លោក ស៊ាន ភឿន នាយប៉ុស្តិ៍រដ្ឋបាលឃុំអញ្ចើមប្រាប់កោះសន្តិភាពថា ចាប់តាំងពីរដូវបិទនេសាទនៅក្នុងឆ្នាំ ២០១១នេះមករូបលោកនិងមន្ត្រីក្រោមឱវាទបានយកចិត្តទុកដាក់ដកហូតឧបករណ៍ខុសច្បាប់ពីតាមបណ្តាភូមិនានានិងឧបករណ៍ឆក់ត្រីពេលដែលប្រជាពលរដ្ឋកំពុងតែប្រព្រឹត្តបទល្មើសនៅតាមបឹងបួរត្រពាំង។ យុទ្ធនាការនេះអនុវត្តចាប់តាំងពីថ្ងៃទី២៧ កក្កដា បន្តរហូតមកដល់ថ្ងៃទី១២សីហា ។
លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំអញ្ចើមប្រាប់ថា រូបលោកបានអប់រំប្រជាពលរដ្ឋដែលមានឧប ករណ៍នេសាទខុសច្បាប់ និងឱ្យចុះកិច្ចសន្យាមិនឲ្យប្រើប្រាស់ទៀតទេ ។ ប្រសិនបើនៅតែផ្គើនពេលចាប់បានលើកក្រោយនឹងត្រូវចាត់ការទៅតាមផ្លូវច្បាប់បញ្ជូនទៅសាលាដំបូងខេត្ត ។
លោកអនុសេនីយ៍ឯក ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំឲ្យដឹងថា ក្នុងពេលដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់នេះលោក នៅ អូន មេឃុំអញ្ចើមបានលើកឡើងថា បើប្រជាពលរដ្ឋណាដែលមានឧប ករណ៍នេសាទខុសច្បាប់ត្រូវតែមានការភ្ញាក់រលឹកខ្ពស់យកទៅប្រគល់ឲ្យសមត្ថកិច្ចនៅមូលដ្ឋានមិនមានទោសទណ្ឌអ្វីទេ តែបើបន្តលួចលាក់និងយកទៅប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់ទៀតពេលសមត្ថកិច្ចចាប់បាននឹងត្រូវមានទោស ។
កាលពីឆ្នាំ២០១០កន្លងមក លោកមេឃុំអញ្ចើមនិងមេប៉ុស្តិ៍រដ្ឋបាលឃុំអញ្ចើមបានប្រារព្ធពិធីដុតបំផ្លាញឧបករណ៍នេសាទឆក់ត្រីបែបនេះ ដែរចំនួន១៤៧គ្រឿងដែលប្រមូលបានពីប្រជាពលរដ្ឋរស់នៅតាមភូមិចំនួន២២ក្នុងឃុំអញ្ចើម ។
លោកឡុង សារិន បានណែនាំដល់លោកនាយប៉ុស្តិ៍ត្រូវតែខិតខំយកចិត្តទុកដាក់បន្ថែមទៀតដើម្បីលុបបំបាត់ឧបករណ៍ឆក់ត្រី ព្រោះវាបំផ្លាញពពួកមច្ឆជាតិឲ្យរលាយអស់ សូម្បីតែត្រីមានពងក៏មិនញាស់ដែរពេលដែលវាទទួលរងរំញោចពីការឆក់នេះ ៕
ចែករំលែកព័តមាននេះ