ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃពង្រាយរថក្រោះ២គ្រឿង ចម្ងាយត្រឹម២៥០ម៉ែត្រពីក្រុមអាស៊ាន! ក្រសួងការពារជាតិនាំក្រុម AOT-KH ចុះផ្ទៀងផ្ទាត់ និងបង្ហាញភស្តុតាងនៅភូមិជោគជ័យ

17 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ថៃ​ដាក់​ពង្រាយ​រថក្រោះ​០២​គ្រឿង​! ចម្ងាយ​ត្រឹម​២៥០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីតាំង​ដែល​ក្រុម​សង្កេតការណ៍​អាស៊ាន​ឈរ​សង្កេតការណ៍ នៅ​ស្រុក​អូរ​ជ្រៅ ឃុំ​អូរ​បី​ជាន់ ។

ជាក់ស្តែង​ក្រសួងការពារជាតិ​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​៣ ខែវិច្ឆិកា​នេះ​ថា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ថា ៖ នៅ​ថ្ងៃ​អង្គារ ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៦ នា​វេលា​ម៉ោង ០៩:៥៤​នាទី​ព្រឹក​មិ​ញ​នេះ ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បី​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​តំបន់​ដែល​យោធា​ថៃ​បាន​ដាក់​ពង្រាយ​រថក្រោះ​ចំនួន​០២​គ្រឿង ដែល​មាន​ចម្ងាយ​ប្រមាណ​២៥០​ម៉ែត្រ ពី​ទីតាំង​ដែល​ក្រុម​សង្កេតការណ៍​អាស៊ាន​ឈរ​សង្កេតការណ៍ នៅ​ចំណុច​តំបន់​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

ក្រសួងការពារជាតិ​បាន​បន្ត​ថា ចាប់តាំងពី​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​មក យោធា​ថៃ​បាន​នឹង​កំពុង​បន្ត​ធ្វើ​សកម្មភាព​ដាក់​ពង្រាយ​ទូ​កុងតឺន័រ រាយ​បន្លា​លួស ជីក​ប្រឡាយ ធ្វើ​លេណដ្ឋាន បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ការ​បង្ក​ការ​ភ័យ​ខ្លាច និង​ការ​កាន់កាប់​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​នៅ​តំបន់​ភូមិ​ជោគជ័យ ដែល​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ស៊ី​វិល​កម្ពុជា​ចំនួន ៣៩៥១​នាក់ ស្មើនឹង ១០៤៥​គ្រួសារ (​ក្នុង​នោះ​មាន​កុមារ​ចំនួន ១១៥៥​នាក់​) មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ដ្ឋា​ន​វិញ​បាន​នៅឡើយ​។

សូម​គូសបញ្ជាក់​ផង​ដែរ​ថា ការ​ចុះ​សង្កេតការណ៍ ការ​ពិនិត្យ និង​ការ​ផ្ទៀងផ្ទាត់​ដោយ​ផ្ទាល់​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ដល់ទី​តាំង​ជាក់ស្តែង ពិតជា​ផ្តល់​ឱកាស​ឱ្យ​គណៈប្រតិភូ​បានឃើញ​ដោយ​ផ្ទាល់​នូវ​ផល​ប៉ះពាល់​មនុស្សធម៌​ដែល​ប្រជាពលរដ្ឋ​ស៊ី​វិល​កម្ពុជា​នៅ​តែ​បន្ត​ប្រឈម និង​មើលឃើញ​យ៉ាង​ច្បាស់​ពី​ភាព​ចាំបាច់​ជា​ដាច់ខាត​ក្នុង​ការ​ចាប់ផ្តើម​កិច្ចការ​វាស់វែង​ខណ្ឌសីមា​ដោយ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) កម្ពុជា​-​ថៃ ឱ្យ​បាន​ឆាប់​បំផុត ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ដូច​មាន​ចែង​នៅ​ក្នុង​ចំនុច​ទី​បួន​របស់​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ស៊ី​វិល​ស្លូតត្រង់​របស់​កម្ពុជា​អាច​វិល​ត្រលប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ដោយ​មិន​មានការ​រារាំង ព្រមទាំង​ដោយ​សុវត្ថិភាព និង​កិត្តិយស​។

បន្ថែម​ពី​នេះ​ទៀត កម្ពុជា​មិន​ទទួលស្គាល់​ជា​ដាច់ខាត នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ ។ កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​។

រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុជា​នៅ​តែ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ ៕