ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់គេច​ខ្លួន៨​ថ្ងៃ ​អ្នក​រត់​កង់​បី​ម្នាក់ ត្រូឃាត់ខ្លួន ក្រោយ​រឹត​ក​សម្លាប់​ប្រពន្ធព្រោះតែ​ប្រចណ្ឌ

15 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​ជា​ប្តី​ម្នាក់ ​ដែល​បាន​ធ្វើ​សកម្មភាព រឹត និង​ច្របាច់ក​សម្លាប់​ប្រពន្ធ​ខ្លួនឯង​ ដោយសារ​ភ្លើង​ប្រចណ្ឌ នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល បានរត់គេច​ខ្លួន​អស់​រយៈពេល ៨​ថ្ងៃ​នោះ នៅពេល​នេះ​ បាន​ចូលខ្លួន​សារភាព ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ហើយ ។

ការ​ឃាត់ខ្លួន​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង០៨យប់ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​មានឈ្មោះ អ៊ឹម អេ​ង អាយុ ៤៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី និង​ជា​ជាង​ម៉ាស៊ីនត្រជាក់ មានស្រុក​កំណើត​នៅ​ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស ខេត្តកំពង់ចាម។ ចំណែក​ជន​រង​គ្រោះជា​ប្រពន្ធ មានឈ្មោះ លី សីហា អាយុ ៤០​ឆ្នាំ មុខរបរ​ជា​កម្មការិនី ស្នាក់​នៅផ្ទះ​កើតហេតុ ស្ថិត​ក្នុងភូមិ​កណ្តាល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ ។

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ករណី​ឃាតកម្ម​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥​និង​០៥ នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៦​។ មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ជន​រង​គ្រោះ​បាន​ចេញ​ទៅ​ផឹកស្រា ​ស្រវឹង រួច​ត្រឡប់​មក​ផ្ទះ​វិញ​។ ពេល​នោះ ជនសង្ស័យ​ជា​ប្តី​បាន​សួរ​រក​ទូរសព្ទ​ ដើម្បី​ភ្ជាប់​កម្មវិធី (App) រត់​កង់​បី ប៉ុន្តែ​ប្រពន្ធ​បាន​ឆ្លើយ​ថា ​បោះចោល​បាត់​ហើយ រួច​ក៏​ចូល​ដេក ។ លុះដល់​ម៉ោងជាង ៥ព្រឹក ថ្ងៃ​ទី​២៥ ខែតុលា ដោយសារ​កំហឹង និង​ចិត្ត​ប្រចណ្ឌ​ ដែល​តែងតែមាន​កន្លង​មក ជនសង្ស័យ​ក៏​បាន​យក​ខ្សែ​ក្រណាត់​ពណ៌​ប្រផេះ (​មាន​រុំ​ កង​ដែក​) មក​ធ្វើ​សកម្មភាព​រឹត និង​ច្របាច់ក​ប្រពន្ធ​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង រួច​ជិះ​ម៉ូតូ​កង់​បី​គេចខ្លួន​បាត់​តែ​ម្តង​។

តាម​ប្រភព​ពី​សាច់ញាតិ និង​អ្នក​ជិតខាង​បានឱ្យ​ដឹង​ថា កន្លង​មក ​ជនសង្ស័យ​ជា​ប្តី ​តែងតែមាន​ចិត្ត​ប្រចណ្ឌ និង​ឈ្លោះប្រកែក​ជាមួយ​ជន​រង​គ្រោះជា​ញឹកញាប់ ប៉ុន្តែ​មិន​នឹក​ស្មានថា ​កើត​មាន​ឈាន​ដល់​អំពើ​ឃាតកម្ម​បែប​នេះ​សោះ​ ។

បច្ចុប្បន្ន ជនសង្ស័យ ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក្បាលកោះ ប្រគល់​ជូន​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕