ទីក្រុងតូក្យូ ៖ នាឡិកាដៃស្វីសនាំចូលដ៏ប្រណីតតម្លៃប្រហែល ២៩ ម៉ឺនដុល្លារអាមេរិក១គ្រឿង ដែលត្រូវបានចោរលួចពីហាងមួយក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីសប្តាហ៍មុន ត្រូវបានផ្ញើត្រឡប់មកវិញ តាមរយៈក្រុមហ៊ុនដឹកជញ្ជូនឯកជនមួយ ដោយមានទាំងលិខិតសុំទោសភ្ជាប់មកជាមួយផង។ នេះបើតាមប្រភពពីសារព័ត៌មាន NKH និង AFP បានចេញផ្សាយកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។
យោងតាមសេចក្តីរាយការណ៍របស់កាសែត Asahi Shimbun និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀត ដោយផ្អែកលើប្រភពអ្នកស៊ើបអង្កេតមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា អំពើចោរកម្មនេះ បានកើតឡើងនៅពេលដែលបុរសម្នាក់បានបន្លំជាអតិថិជនមកសាកពាក់នាឡិកាម៉ាក Audemars Piguet ហើយបន្ទាប់មកក៏បានរត់គេចខ្លួនចេញពីហាង ដែលស្ថិតក្នុងអគារពាណិជ្ជកម្ម និងផ្សារទំនើប Nakano Broadway ដោយនាឡិកានៅជាប់នឹងកដៃនៅឡើយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ប៉ុន្តែរឿងរ៉ាវនេះ បានប្រែទៅជាហួសពីការស្មាន នៅពេលខាងហាងទទួលបានកញ្ចប់បញ្ញើមួយដែលមាននាឡិកា១គ្រឿង រួមជាមួយលិខិតសរសេរដោយដៃមួយសន្លឹកពោលពាក្យសុំទោស។
ប្រភពស៊ើបអង្កេតបានប្រាប់ NHK ថា នាឡិកាដៃដ៏ប្រណីតនោះ ត្រូវបានផ្ញើត្រឡប់មកវិញតាមរយៈកញ្ចប់បញ្ញើពីខេត្តអៃឈិ (Aichi) កាលពីថ្ងៃអាទិត្យកន្លងទៅ។ ខាងហាងក៏បានបញ្ជាក់ដែរថា វាពិតជានាឡិកាដៃដែលត្រូវបានលួចចេញពីហាងប្រាកដមែន ដោយការពិនិត្យមើលលេខស៊េរីរបស់វា។ ខាងហាងក៏បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយលម្អិតណាមួយឡើយ។
យោងតាមកាសែត Asahi បានឱ្យដឹងថា ប៉ូលិសក្រុងតូក្យូកំពុងបន្តស្វែងរកបុរសរូបនោះក្រោមការសង្ស័យពីបទលួច។ រូបភាពពីកាមេរ៉ាសុវត្ថិភាព និងតម្រុយផ្សេងៗទៀត បានបង្ហាញថា បុរសរូបនោះបានធ្វើដំណើរដោយរថយន្តតាក់ស៊ី និងរថភ្លើង ហើយបានទៅដល់ស្ថានីយរថភ្លើងក្រុងតូក្យូប្រហែល១ម៉ោង ក្រោយកើតហេតុ។ គេជឿថា បន្ទាប់មកបុរសនោះ បានឡើងជិះរថភ្លើងល្បឿនលឿន Shinkansen ឆ្ពោះទៅទិសខាងលិច។
គួររំលឹកដែរថា កាលពីខែសីហាកន្លងទៅ នាឡិកាដៃប្រណីតចំនួន ៤ គ្រឿង ដែលមានតម្លៃសរុប ១,៣ លានដុល្លារអាមេរិក ក៏ត្រូវបានលួចចេញពីហាងមួយផ្សេងទៀតនៅក្នុងបរិវេណផ្សារទំនើបដដែលនោះផងដែរ៕




ចែករំលែកព័តមាននេះ