ដើម្បីជួយជ្រោមជ្រែងដល់វិស័យពាណិជ្ជកម្ម និងវិនិយោគទុនលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ទៅអ្នកការទូតកម្ពុជា ២៥០រូប ឲ្យយកចិត្តទុកដាក់ពង្រីកពាណិជ្ជកម្ម និងវិនិយោគទុននៅប្រទេស ។

លោកបានថ្លែងក្នុងពិធីបើកនៃសិក្ខាសាលាស្ដីពី «បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់មន្ត្រីការទូត» ដែលរៀបចំឡើងដោយនាយកដ្ឋានគោលនយោបាយ ការទូតសេដ្ឋកិច្ច និងផែនការយុទ្ធសាស្ត្រ នៃក្រសួងថានេះ គឺជាបេសកកម្មដ៏សំខាន់ ដើម្បីលើកកម្ពស់ផលប្រយោជន៍សេដ្ឋកិច្ចជាតិ ប្រកបដោយប្រសិទ្ធភាព តាមរយៈការបំពេញបេសកកម្មការទូតក្រៅប្រទេស ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ នៃយន្តការនេះ ក្នុងការលើកកម្ពស់ផលប្រយោជន៍ពាណិជ្ជកម្ម និងការវិនិយោគ ការពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ច ព្រមទាំងផ្សព្វផ្សាយប្រទេសកម្ពុជាឱ្យក្លាយជាគោលដៅទាក់ទាញសម្រាប់ធុរកិច្ចអន្តរជាតិ និងភ្ញៀវទេសចរ ។

លោកក៏បានលើកទឹកចិត្តដល់មន្ត្រីការទូតកម្ពុជា ឱ្យបន្តខិតខំប្រឹងប្រែង សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីទាញយកអត្ថប្រយោជន៍ពីកាលានុវត្តភាពថ្មីៗ សំដៅធ្វើពិពិធកម្មប្រភពកំណើនសេដ្ឋកិច្ច និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ ។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលរបស់កម្ពុជាបានឈានដល់៥៨.៤៩ ពាន់លានដុល្លារ ក្នុងរយៈពេល៩ ខែដំបូងនៃឆ្នាំ ២០២៦ កើនឡើង២២.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ដោយឡែក ទុនវិនិយោគបរទេសវិញ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានអះអាងថា កម្ពុជាអាចទាក់ទាញបានសរុបប្រមាណជា៥,៩២ ពាន់លានដុល្លារ ។
ប្រភពដដែលបានអះអាងថា នៅក្នុងអំឡុង៩ខែនៃឆ្នាំ២០២៦នេះ កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន៣៨២ ដោយបង្កើតការងារប្រហែល២១៧.០០០ កន្លែងនៅទូទាំងប្រទេស ៕
ចែករំលែកព័តមាននេះ