ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១០​ខែ ឆ្នាំ​នេះ​! វៀតណាម​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ជាង​១៩​លាន​នាក់ កើនឡើង​ជិត ១៤%

19 ម៉ោង មុន

ទីក្រុង​ហាណូយ ៖ ប្រទេស​វៀតណាម​បាន​ទទួល​ស្វាគមន៍​ភ្ញៀ​ទេសចរ​អន្តរជាតិ​ចំនួន ១៩,៥ លាន​នាក់ នៅ​ក្នុង​រយៈពេល​១០​ខែ នៃ​ឆ្នាំ ២០២៦ ដែល​ជា​ការ​កើនឡើង ១៣,៨% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី Vietnam Express (VnExpress) នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា​។

យោង​តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​ស្ថិតិ​ជាតិ​វៀតណាម​បាន​បង្ហាញ​ថា ប្រទេស​ចិន​នៅ​តែ​ជាទី​ផ្សារ​ប្រភព​ធំ​ជាងគេ​បំផុត​របស់​វៀតណាម ដោយ​មាន​ភ្ញៀវ​ចំនួន ៤,៣ លាន​នាក់ ស្មើនឹង​ប្រហែល ២២% នៃ​ចំនួន​សរុប​។ កូរ៉េ​ខាងត្បូង​ឈរ​នៅ​លេខ​រៀង​ទី ២ ដោយ​មាន ប្រហែល ៣,៣ លាន​នាក់ ឬ ១៧,៣%​។ រុ​ស្ស៊ី​នៅ​លេខ​រៀង​ទី ៣ ចំនួន ១,២ លាន​នាក់ បន្ទាប់​មក​គឺ កោះ​តៃវ៉ាន់​ចំនួន ១,០៧ លាន​នាក់ និង​សហរដ្ឋអាមេរិក​ចំនួន ៨០៨ ០០០ នាក់ ។ ចំណែក​ប្រទេស​ផ្សេង​ទៀត​ស្ថិត​ក្នុង​ចំណោម ១០ ប្រទេស​កំពូល រួម​មាន កម្ពុជា ៧៨៧ ០០០ នាក់​, ជប៉ុន ៧៥៧ ០០០ នាក់​, ឥណ្ឌា ៧៤៤ ០០០ នាក់​, ហ្វី​លី​ពី​ន ៥៧៩ ០០០ នាក់ និង​អូស្ត្រាលី ៥៤២ ០០០ នាក់​។

ការិយាល័យ​ស្ថិតិ​ទូទៅ​រាយការណ៍​ថា ប្រទេស​វៀតណាម នៅ​តែ​បន្ត​ជា​ជម្រើស​ដ៏​ពេញ​និយម​សម្រាប់​អ្នកទេសចរ​អន្តរជាតិ ដោយសារ​សុវត្ថិភាព គោលនយោបាយ​ទិដ្ឋាការ​អំណោយផល កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​ទេសចរណ៍​ដ៏​ខ្លាំងក្លា និង​ជម្រើស​នៃ​បទ​ពិសោធន៍​ទេសចរណ៍​ដ៏​សម្បូរ​បែប​។

នៅ​ក្នុង​ខែតុលា ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កាន់​វៀតណាម​កើនឡើង​ដល់ ១,៨៥ លាន​នាក់ ដែល​ជា​ការ​កើនឡើង ៤,៩% ធៀប​នឹង​ខែ​មុន និង​កើនឡើង ៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។ ឧស្សាហកម្ម​ទេសចរណ៍​បាន​កំណត់​ថា កំណើន​ភ្ញៀវ​ទេសចរ​ក្នុង​ខែតុលា​មួយ​ផ្នែក មក​ពី​ការ​ប្រគុំ​តន្ត្រី​ចំនួន​២​ដង​របស់​ក្រុម​ចម្រៀង​កូរ៉េ​ខាងត្បូង BigBang នៅ​ទីក្រុង​ហាណូយ កាលពី​ថ្ងៃ​ទី​២៤-២៥ ខែតុលា​។

គួរ​បញ្ជាក់​ដែរ​ថា ប្រទេស​វៀតណាម​បាន​ដាក់​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឱ្យ​បាន​រហូត​ដល់ ២៥ លាន​នាក់ នៅ​ចុងឆ្នាំ​នេះ​៕