ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​ភ្នំព្រឹក​ទើប​ទ​ទួល​បាន​ក្រុមហ៊ុន​«​នាគ​នាំ​សំណាង​»​វិនិយោគ​«​កន្ទុយលេខ​»​តែ​អាជ្ញាធរ​អត់​បានដឹង​ និង​កំពុង​ស្វែងរក​ទីតាំង

19 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ នាគ​​នាំ​សំណាង ឬនាគ​នាំទុក្ខ​ដល់​ប្រជាពលរដ្ឋ​ស្រុក​ភ្នំព្រឹក? បោះ​ពុ​ម្ភ​សញ្ញា​​រូប​នាគ​គួរ​ឲ្យ​ខ្លាច​នៅ​លើ​អាវយឺត​ព​ណ៌​ក្រហមឆេះ  ភ្ជាប់​ដោយ​អក្សរ​មួយ​ឃ្លា​នៅ​ខាងក្រោម​​រូប​នាគ​៖«​នាគ​នាំ​សំណាង​»​ផ្ដល់​ឲ្យ​បុគ្គលិក​ពាក់​ជិះ​ម៉ូតូ​បង្ហាញ​មហា​ជន​ជា​សាធារណៈ​ ។

​ប៉ុន្តែ​ទំនង​ពុំ​មាន​នរណា​ម្នាក់​បាន​យល់​ពី​អត្ថន័យនៃ​ឡូ​ហ្គោ«​នាគ​នាំ​សំណាង​»នេះ​ទេ លើក​​លែង​តែ​អ្នក​និយម​ចាក់​កន្ទុយលេខ​(​ឆ្នោត​)​ប៉ុណ្ណោះ ទើប​ដឹង​ថា «​នាគ​នាំ​សំណាង​» ជា​ក្រុម​ហ៊ុន​«​ឆ្នោត​យួ​ន​» ​។​ បើ​តាម​ប្រភព​ព័​ត៌​មាន ក្រុម​ហ៊ុ​ន ​«​នាគ​នាំ​សំណាង​» ដែល​គេ​អះអាង​ថា ជា​ក្រុមហ៊ុន​ «​ឆ្នោត​យួ​ន​» នេះ​ ទើប​លេចមុខ​បើក​ទីតាំង​លក់​ «​ឆ្នោត​យួន​» នៅ​ក្នុងស្រុក​ភ្នំព្រឹក​ទេ ប៉ុន្តែ​បុគ្គលិក​ល្បែង​ឆ្នោត បាន​បង្ហាញខ្លួន​យ៉ាង​គ​គ្លើ​ន​នៅ​តាម​ទី​សាធារណៈតាម​រយៈ​ពាក់អាវ​ដែល​មាន​ឡូ​ហ្គោ​សញ្ញា​រូប​នាគ​ភ្ជាប់​ដោយ​អក្សរ​ ​«​នាគ​នាំ​សំណាង​» ​។  គេ​មិនដឹង​ថា   វត្តមាន ​«​នាគ​នាំ​សំណាង​» បង្ហាញខ្លួន​នៅ​ក្នុងស្រុក​ភ្នំព្រឹក​ជា​ស្រុក​មួយ​ជាប់​ព្រំដែន​ខ្មៃ​រ​-​ថៃ​មួយ​នេះ តើ​អាជ្ញាធរ​ស្រុក និង​សមត្ថកិច្ច បានដឹង​ដែរ​ឬ​អត់​នោះ​ទេ​?

​បើ​តាម​អធិការ​ស្រុក​ភ្នំព្រឹក លោក សំ វី​រៈ បាន​ផ្ដល់​ចម្លើយ​មក​ថា រដ្ឋ​បា​ល​ស្រុក ក៏​ដូច​សមត្ថកិច្ច​របស់​លោក​មិន​បានដឹង​ថា  មាន​ក្រុមហ៊ុន​​«​ឆ្នោត​យួន​» ដែល​មានឈ្មោះ​«​នាគ​នាំ​សំណាង​នេះ​» ចូល​មក​លួច​បើក​ទីតាំង​នៅ​ក្នុងស្រុក​ភ្នំព្រឹក​នេះ​ទេ​ ។  ហើយ​ពេល​នេះ​ មន្ត្រី​ជំនាញ និងមន្ត្រី​មូលដ្ឋាន កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ទីតាំង​ក្រុមហ៊ុន​ឆ្នោត​«​នាគ​នាំ​សំណាង​» នេះ​ហើយ​ ។

​លោក​បាន​សន្យា​ថា បើ​រក​ឃើញ​ថា​ «​នាគ​នាំ​សំណាង​»​នេះ ​មា​នទី​តាំងនៅ​ក្នុងស្រុក​ភ្នំព្រឹក​​មែន លោក​នឹងប​ង្ក្រាប​ចាត់ការ​នីតិវិធី​ហើយ​ ។ ក្រោយ​ពី​បែកធ្លាយ​ព័​ត៌​មាន​ន​តាម​បណ្ដាញ​សង្គមដែល​និយាយ​ពី​វត្តមាន​ «​នាគ​នាំ​សំណាង​»​ បង្ហាញខ្លួន​នៅ​ស្រុក​ភ្នំ​​ព្រឹក  ដែល​ជា​ក្រុមហ៊ុន​លក់​ «​ឆ្នោត​យួន​» កាលពី​ថ្ងៃ​ទី០២ វិច្ឆិកា មាន​បុរស​ម្នាក់​ (​សុំ​លាក់​ឈ្មោះ​)​ បាន​ទូរស័ព្ទ​មក​បំភ្លឺ​ប្រាប់​កោះសន្តិភាពដោយសារ​ភាព​ថា «​នាគ​នាំ​សំណាង​» ជា​ក្រុម​ហ៊ុន​លក់ ​«​ឆ្នោត​» ហើយ​លោក​ជា​អ្នកគ្រប់គ្រង​ ។

​បុរស​នោះ​និយាយ​ថា ខ្លួន​ទើប​ចេញ​រកស៊ី​លើក​ដំបូង វាយលុក​ស្រុក​ភ្នំព្រឹក  ហើយ​ទើបបាន​រយៈ​ពេល​ប្រហែល​មួ​យស​ប្ដា​ហ៍​​ប៉ុណ្ណោះ​ ។​ សំណួរ​កោះសន្តិភាព​៖  តើ​ក្រុមហ៊ុន​មាន​ដាក់​ទីតាំង​ទេ នៅ​ស្រុក​ភ្នំព្រឹក ?  អ្នកគ្រប់គ្រង ​«​នាគ​នាំ​សំណាង​» ដំបូង​ប្រាប់​ថា «​មាន​»  ប៉ុន្តែ​ក្រោយ​បិទ​ទូរ​ស័​ព្ទ​​មួយ​រយៈ លុះ​ពេល​ទូរស័ព្ទ​មក​ប្រាប់​ម្ដងទៀត  បែរជា​បញ្ជាក់​ប្រាប់​ថា «​អត់​មាន​ទេ» ​។ ពេល​នេះ ​រក​ទីតាំង​ដាក់​មិន​ទាន់​បាន​ទេ មាន​តែ​ចល័ត​ធ្វើការ​សិន​» ​។

​បើ​ទោះជា​អ្នកគ្រប់គ្រង​ «​នាគ​នាំ​សំណាង​» ដែល​ជា​ក្រុមហ៊ុន​លក់​ ​«​ឆ្នោត​យួ​​ន​»​មួយ​នេះ អះអាង​ថា ក្រុមហ៊ុន​ខ្លួន ទើប​ចូល​វាយលុក​ក្នុង​ទីផ្សារ​នៅ​ស្រុក​ជាយ​ដែន​ខាងលើ​នេះ ទើបបាន​ប្រហែល​មួ​យស​ប្ដា​ហ៍​ បុគ្គលិក​ធ្វើការ​ចល័តមិន​ទាន់​រក​ទីតាំង​បាន​ក្ដី  ប៉ុន្តែ​ប្រភព​ច្បាស់ការពី​ស្រុក​ភ្នំព្រឹកបាន​ផ្ដល់​ព័​ត៌មាន​ថា  អ្នកគ្រប់គ្រង​ «​នាគ​នាំ​សំណាង​» ម្នាក់​នេះ ​និយាយ​«​កុហក់​» ​។

ប្រភព​បាន​ស្រាតខោ​ក្រុមហ៊ុន​នេះ​បង្ហាញ​ជា​សាធារណៈ​យ៉ាង​ច្បាស់​ក្រឡែត​​ថា ទីតាំង«​នាគ​នាំ​សំណាង​»បានសំងំ​បន្លំ​ខ្លួន​ ក្រោម​ស្លាក​វេរ​លុយ​មួយ​កន្លែង​នៅ​ម្ដុំ​ផ្សារ​ «​ហេង​​ថេ​ង​ពេជ្រ​ចិ​ន្តា​»  ដែល​ស្ថិត​ក្នុង​ឃុំ​ពេជ្រ​ចិន្តា  ស្រុក​ភ្នំព្រឹក ​។ លោក សំ  វី​រៈ អធិការ​ស្រុក​ភ្នំព្រឹក បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ថា  ទាំង​លោក​អភិបាលស្រុក និង​កម្លាំង​ជំនាញ​របស់​លោក បាន​ដឹង​និង​កំពុង​បញ្ជា​ឲ្យ​មន្ត្រី​មូលដ្ឋាន ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ទៅ​តាំង ​«​នាគ​នាំ​សំណាង​»​នេះ​ហើយ  ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។

​គេ​មិនដឹង​ថា តើ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំព្រឹក អាច​មានសំណាង​ពី «​នាគ​នាំ​សំណាង​»​នេះ ឬ​ជួប​ទុក្ខ​កាន់តែ​ធ្ងន់​នោះ​ទេ​ នៅ​ពេល​នេះ ?  ខណៈ​តាម​ព្រំដែន​កំពុង​ត្រូវ​បាន​បិទ​គ្មាន​សេដ្ឋ​កិច្ច​ចេញ-ចូល​ ។ កម្លាំងយោធា​នៃ​ភាគី​ទាំង​០២ ​មើល​មុខ​គ្នា​មិន​ចំ ស​ង្គ្រឿ​ត​ធ្មេញ​ដាក់​គ្នា​រាល់ថ្ងៃ​ ។

​រីឯ​ទីផ្សារ​កសិផល​ក្នុងស្រុក ម្ដង​មុជ​ម្ដង​ងើប​មិន​ទៀងទាត់  ឥឡូវ​បែរជា​លេច​វត្តមាន​ក្រុមហ៊ុន​ «​ឆ្នោត​យូ​​ន​» ​វាយលុក​​ចូល​ក្នុងស្រុក​នេះ​ទៀត មិនដឹង​ថា  តើ​សំណាង​អ្នកស្រុក​ជាប់​ជាយ​ដែន​មួយ​នេះ លិច​ ឬ​អណ្ដែត​ទេ​ពេល​នេះ​ ៕