ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​ក្រុមហ៊ុន​ជប៉ុន TOKO បើក​ទំព័រ​ថ្មី​បង្កើត​ភាព​ជា​ដៃគូ ពង្រីក​ឱកាស​ការងារ និង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន​កម្ពុជា

15 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Kengo Ichinoki មន្ត្រី​ប្រតិបត្តិ​ជាន់ខ្ពស់ និង​ជា​ប្រធាន​ផ្នែក​អាជីវកម្ម​ក្រៅប្រទេស​ នៃ​ក្រុមហ៊ុន TOKO Electrical Construction Co., Ltd. នា​ព្រឹក​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង​។ ជំនួប​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​អាជីវកម្ម​ក្នុង​តំបន់ និង​សកម្មភាព​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា ជា​ពិសេស​ការ​ជ្រើសរើស​បុគ្គលិក​ជំនាញ​បច្ចេកទេស​វិស្វករ និង​ពលករ​ជំនាញ ព្រមទាំង​ពិនិត្យ​លទ្ធភាព​បង្កើត​កិច្ចសហការ​ក្នុង​វិស័យ​បញ្ជូន​ថាមពល​អគ្គិសនី និង​ថាមពល​កកើត​ឡើង​វិញ​នៅ​កម្ពុជា ​។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក Kengo Ichinoki និង​ប្រតិភូ​ក្រុមហ៊ុន​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន TOKO ដែល​ចាប់អារម្មណ៍​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង ជា​ពិសេស​ក្នុង​ការ​ជ្រើសរើស ​និង​បញ្ជូន​បុគ្គលិក​ខ្មែរ ដែល​ជា​អតីត​និស្សិត​បញ្ចប់​ការ​សិក្សា​កម្រិត​បរិញ្ញាបត្រ​ពី​គ្រឹះស្ថាន TVET ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​ខ្លួន និង​ក្រុមហ៊ុន ​ដៃគូ​ជា​ច្រើន​នៅ​ប្រទេស​ជប៉ុន​។ ក្រៅពី​នេះ ក្រុមហ៊ុន TOKO និង​ក្រុមហ៊ុន​ដៃគូ​ក៏​បាន​ជួយ​អភិវឌ្ឍ​ការ​បណ្តុះបណ្តាល​ក្នុង​វិស័យ​វិស្វកម្ម​អគ្គិសនី និង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​នៅ​កម្ពុជា ដែល​ធ្វើ​ឱ្យ​យុវជន​កម្ពុជា​មាន​ជំនាញ​កាន់តែ​ច្បាស់លាស់ ក្លាយជា​ធនធានមនុស្ស​ដ៏​មាន​សក្ដានុពល​សម្រាប់​កម្ពុជា ហើយនឹង​ក្លាយជា​ស្ពាន​ត​ភ្ជាប់​ក្រុមហ៊ុន​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ ​។

ឯកឧត្តម​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ថា ជំនួប​ពិភាក្សា​នេះ​នឹង​បើកឱកាស​ឱ្យ​ភាគី​ទាំង​ពីរ​ផ្លាស់​ប្តូរ​យោបល់ ដើម្បី​ស្វែង​យល់​បន្ថែម​ពី​បច្ចេកទេស និង​បទ​ពិសោធ​ជោគជ័យ​របស់​ក្រុមហ៊ុន TOKO ក្នុង​រយៈពេល​ជាង​មួយ​សតវត្សរ៍​កន្លង​មក ព្រមទាំង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បង្កើត និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង ពាក់ព័ន្ធ​នឹង​វិស័យ​ទេសន្តរប្រវេសន៍​ការងារ និង​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​សម្រាប់​វិស័យ​វិស្វកម្ម​អគ្គិសនី និង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល ​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​ក៏​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ផ្តោត​លើ​ការ​បង្កើត​អាជីវកម្ម​នៅ​កម្ពុជា ចែករំលែក​ព័ត៌មាន​ពី​តម្រូវការ​កម្លាំង​ពលកម្ម និង​ឱកាស​ការងារ​នា​ពេល​អនាគត ព្រមទាំង​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ជ្រើសរើស​បុគ្គលិក​ខ្មែរ​ឱ្យ​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ជប៉ុន​, លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​សហការ​ជាមួយ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា ដើម្បី​ជ្រើសរើស​និង​បញ្ជូន​ពលករ​ជំនាញ​កម្ពុជា​ទៅ​ជប៉ុន ស្រប​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​។ បន្ថែម​ពី​នេះ ក៏​សូម​ពិនិត្យ​លទ្ធភាព​សហការ​ជាមួយ​គ្រឹះស្ថាន TVET បន្ថែម​ទៀត ដើម្បី​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ឱ្យ​ចំ​ទិស​ដៅ ឆ្លើយ​តប​តម្រូវការ​ឧស្សាហកម្ម​របស់​ក្រុមហ៊ុន​ជប៉ុន​។ ឯកឧត្តម​បាន​គូសបញ្ជាក់​ពី​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង និង​ការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បើក​ទំព័រ​ថ្មី​នៃ​ការ​កសាង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង និង​ក្រុមហ៊ុន TOKO ដើម្បី​ពង្រីក​ការ​ជ្រើសរើស​កម្លាំង​ពលកម្ម​នៅ​ក្រុមហ៊ុន​ជប៉ុន​ប្រកបដោយ​ភាព​ជោគជ័យ​រួម​គ្នា​ ។

ជា​ការ​ឆ្លើយ​តប លោក Kengo Ichinoki បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ដែល​បាន​ជួប​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ផ្លែ​ផ្លា​នា​ពេល​នេះ​។ លោក​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ជប៉ុន​ពេញចិត្ត​ចំពោះ​កម្លាំង​ពលកម្ម​វ័យក្មេង​ប្រកបដោយ​សក្តានុពល​របស់​កម្ពុជា ហើយ​ក៏​មាន​ផែនការ​បន្ត​ជ្រើសរើស​វិស្វករ និង​កម្មករ​ជំនាញ​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ ជា​ពិសេស​យុវជន​ដែល​មាន​ចំណាប់អារម្មណ៍​ទៅ​ធ្វើការ​នៅ​ជប៉ុន​។ លើស​ពី​នេះ ក្រុមហ៊ុន​ក៏​នឹង​ជួយ​ណែនាំ​ក្រុមហ៊ុន​ដៃគូ​របស់​ខ្លួន​ទាំង​ជាង ២០០​ឱ្យ​ជួយ​ផ្តល់​ឱកាស​ការងារ​ដល់​យុវជន​កម្ពុជា​ផង​ដែរ​។ លោក​ជឿជាក់​ថា ពលករ​កម្ពុជា​ដែល​ទៅ​បំពេញការងារ​នៅ​ជប៉ុន​នឹង​ទទួល​បាន​បទ​ពិសោធ និង​ជំនាញ​វិជ្ជាជីវៈ​បន្ថែម ដើម្បី​យកចំណេះ​ដឹង និង​ជំនាញ​ទាំងនោះ​មក​រួមចំណែក​អភិវឌ្ឍ​មាតុភូមិ​របស់​ខ្លួន​នៅ​ពេល​វិល​ត្រឡប់​មក​កម្ពុជា​វិញ ​៕