ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួ.ច​ទូរស័ព្ទ​បាន​សម្រេច​ហើយ តែ​អត់​មាន​អ្វី​សាក​ថ្ម រំលង​បាន​៥​ថ្ងៃ មក​លួ.ច​ឆ្នាំង​សាកទៀត​ ត្រូវ​អស់លក្ខណ៍

11 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​រការ​ធំ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមនឃាត់ខ្លួន​ ខណៈ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ដៃបាន​សម្រេច​ហើយ មិន​មាន​អ្វី​សាក​ថ្ម រំលង​បាន​៥​ថ្ងៃ មក​លួច​ឆ្នាំង​សាក​ថ្ម​ម្តងទៀត ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ស្ថិត​នៅ​ក្នុងភូមិ​អង្គ​សិរី សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

នគរបាល​ក្រុង​ច្បារមន​បាន​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ផល សុ​ឆាត ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​រំលោង​ប្រ​ឃ្លះ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

ទូរស័ព្ទ​ដៃ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​បាន​សម្រេច​ម៉ាក អាយ​ហ្វូ​ន​១៤​ប្រូ​( iPhone 14pro) ពណ៌​ស្វាយ ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​លក់ដូរ នៅ​មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​តែ​ម្តង​។

នគរបាល​ក្រុង​ច្បារមន​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា កាលពីវេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ ២០២៦​កន្លង​ទៅ ជនសង្ស័យ បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ដៃ​១​គ្រឿង ម៉ាក iPhone 14pro ពណ៌​ស្វាយ ស្ថិត​ក្នុង​តូប​លក់ដូរ មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ស្ថិត​នៅ​ភូមិ​អង្គ​សេរី សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ម្ចាស់​ទូរស័ព្ទ​ដៃ​ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​នគរបាល​ជួយ​ធ្វើការ​អន្តរាគមន៍​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​ដើម្បី​យក​មក​ដល់​ទៀត​ទោស​តាម​ផ្លូវច្បាប់​។

ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៦ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ឆ្នាំង​សាក​ទូរស័ព្ទ​ម្ដងទៀត ត្រូវ​បាន​ម្ចាស់​ស្រែក​ផ្អើល​ឆោឡោ​ចៃដន្យ​កម្លាំង​សមត្ថកិច្ច កំពុង​ល្បាត​តាម​មូលដ្ឋាន​ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង​។

នគរបាល​ក្រុង​ច្បារមន​បាន​បញ្ជាក់​ថា​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា​រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ដៃ ពី​តូប​លក់ដូរ​ពិតប្រាកដ​មែន​។ ដោយ​មិន​មាន​អ្វី​សាក​ថ្ម ក៏​មក​លួច​យក​ឆ្នាំង​សាក​ដើម្បី​យក​ទៅ​សាក​ថ្ម​ទូរស័ព្ទ ម្ចាស់​ទាន់​ស្រែក​ឆោឡោ ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​បាន​តែ​ម្ដង​។

ចំណែក​វត្ថុ​តាង​ទូរស័ព្ទ​ដៃ ម៉ាក​IPhone 14 pro ពណ៌​ស្វាយ​នឹង ឆ្នាំង​សាក ត្រូវ​បាន​នគរបាល​ជំនាញ​នគរបាល​យុត្តិធម៌​ក្រុង​ច្បារមន ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ហើយ ។

ដោយឡែក​ជនសង្ស័យ ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរ​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​