រាជធានីភ្នំពេញ ៖ ឃ្លាំងមួយកន្លែង ស្ថិតនៅតាមផ្លូវលេខ១៩៦២ ខាងកើតសាលាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទៅអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ។
តាមព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលឃ្លាំងខាងលើ ត្រូវម្ចាស់ចាក់សោទុកចោល ស្រាប់តែភ្លើងបានឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរសមត្ថកិច្ចទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទៅអន្តរាគមន៍ បាញ់ពន្លត់ ហើយភ្លើងបានរលត់ទៅវិញ ពុំបណ្ដាលឲ្យឆេះធ្ងន់ធ្ងរឡើយ ។
តាមម្ចាស់ឃ្លាំង បានឱ្យដឹងថា ឃ្លាំងដែលត្រូវភ្លើងឆេះមាន ទំហំ ៧ម៉ែត្រ គុណនឹង២០ម៉ែត្រ ដែលបានជួលទៅឲ្យជនជាតិចិន ។ នៅមុនពេលកើតហេតុ ជនជាតិចិន បានចាក់សោទៅធ្វើការកន្លែងផ្សេង ស្រាប់តែភ្លើងបានឆាប់ឆេះតែម្ដង ។
តាមនគរបាល បានឲ្យដឹងថា អគ្គិភ័យនេះ បណ្ដាលឲ្យសម្ភារៈមួយចំនួននៅផ្នែកខាងក្នុង រងការខូចខាត។ ទោះបីជាយ៉ាងណានេះចាត់ទុកជាសំណាង ដែលនគរបាលបានចេញរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍ទាន់។ អគ្គិភ័យនេះ គេពុំទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយ តែជាជំហានដំបូង គេសន្និដ្ឋានថា អាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហើយឆាបឆេះ ក្លាយជាអគ្គិភ័យតែម្ដង ៕









ចែករំលែកព័តមាននេះ